ប្រជាពលរដ្ឋមកពីស្រុកចំនួន៣ ចូលរួមក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សៀមរាប

AKP សៀមរាប ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ — តំណាងអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរនិងប្រជាពលរដ្ឋចំនួន៧៨០នាក់ មកពី ស្រុកចំនួន៣ រួមមានស្រុកជីក្រែង ស្រុកសូទ្រនិគម និងស្រុកស្វាយលើ ត្រូវបាន​អញ្ជើញ ឱ្យមកចូលរួមនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៨ ដែលបានប្រារព្ធឡើងកាលពីថ្ងៃ៦កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ខែធ្នូឆ្នាំ២០១៨ នៅទីរួមស្រុកស្វាយលើ។ ការបើកឡើងនូវវេទិកានេះ គឺក្នុងគោលបំណងដើមី្បផ្តល់ឱកាសជូនដល់បងប្អូនប្រជា ពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលបានមកពីក្រុងស្រុកទាំងបី បានឈ្វេងយល់ពីស្ថានភាព ទូទៅនៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបញ្ហាប្រឈមដែលបានកើតមាន កន្លងមក។ វេទិកានេះដែរក៏នឹងផ្តល់ឱកាស ក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន ពាក់ព័ន្ធ នឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។នៅក្នុងវេទិការនេះដែរ ក៏ឃើញមានការលើកឡើងជាសំណួរផ្ទាល់មាត់ពីសំណាក់​ប្រជាពល​រដ្ឋ ដោយផ្តោតទៅលើបញ្ហាដីធ្លី ការសុំប័ណ្ណសម្គាល់កម្មសិទ្ធិ ពីកង្វះខាតអគារសិក្សា គ្រូ​បង្រៀន សេវាសាធារណៈ ផ្លូវថ្នល់ សុខាភិបាល និងបញ្ហាបរិស្ថាននៅឧទ្យានជាតិភ្នំគូលែន និងឧទ្យានគូលែនព្រហ្មទេព។ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ដសៀមរាប បានថ្លែងអំណរគុណ ដល់បង ប្អូនដែលបានចំណាយពេលវេលាចូលរួមក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្តសៀមរាបនេះ ដោយឯកឧត្តមបានគូសប​ញ្ជាក់ថា តាមរយៈវេទិកានេះ បានធ្វើឱ្យយល់កាន់តែច្បាស់នូវរាល់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ស្រុក និងដឹងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ផងដែរ។ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា រាល់បញ្ហានៃទុក្ខកង្វល់របស់បងប្អូនដែល បានលើក ឡើងនៅពេលនេះ គឺជាចំណុចសេសសល់ដែលអាជ្ញាធរមូលដ្ឋានមិនទាន់បានអនុវត្តន៍ និង ត្រូវយកទៅអនុវត្តន៍ឆ្នាំបន្ត ក្នុងការបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកទាំងបី ដោយរួមសហការគ្រប់មន្ទីរស្ថានប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន ដោយមាន ការចូលរួមពីប្រជាពលរដ្ឋ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាក៏​បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅផងដែរ ចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ អង្គវេទិកាសូម​រក្សាសិទ្ធិរក្សាទុកនូវសំណួរ និងកង្វល់ ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាច បកស្រាយ បំភ្លឺបាន ក្រុមប្រឹក្សាខេត្តនឹងយកសំណួរ និងកង្វល់ទាំងអស់នោះ ទៅពិនិត្យនិងពិភាក្សា ក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយ តបនិងជម្រាបជូនដំណឹង ជាលាយ លក្ខណ៍អក្សរ ដល់ម្ចាស់សំណួរបងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ៕

ដោយ ហង្ស សៀក