អគ្គនាយកក្លិបឆ្នេរស្អាតបំផុតលើពិភពលោកថ្លែងថា ការអភិវឌ្ឍឆ្នេរសមុទ្រ ប្រៀបដូចជា ការថែរក្សានូវបតិកភណ្ឌវប្បធម៌

AKP កោះកុង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្ដម Bruno Bodard អគ្គនាយកក្លិបឆ្នេរស្អាតបំផុតលើពិភពលោក បានមានប្រសាសន៍ចាត់ទុកការអភិវឌ្ឍឆ្នេរសមុទ្រ គឺប្រៀបដូចជាការថែរក្សានូវបតិកភណ្ឌវប្បធម៌ ប្រាសាទអង្គវត្តដែរ។

 ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប្រុយណូ បូដាដ (Bruno Bodard) អគ្គនាយកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៨នេះ នៅ KOH KONG RESORT ខេត្តកោះកុង ក្នុងខណៈសម្តេចតេជោមានវត្តមានដើម្បីចូលរួមក្នុងពិធីបុណ្យសមុទ្រនាល្ងាចថ្ងៃដដែលនេះ។

នៅក្នុងជំនួននេះដែរ សម្តេចតេជោបានសម្ដែងការរីករាយដែលបានជួប ឯកឧត្តម ប្រុយណូ សារជាថ្មី បន្ទាប់ពីជួបពីពេលមុនក្នុងឱកាសពិធីផ្សេងៗ ហើយឯកឧត្ដមប្រុយណូក៏រីករាយដែលបានជួបជាមួយសម្តេច ដោយបានកោតសរសើរ និងសាទរដោយស្មោះចំពោះសម្តេចដែលបានប្រើនូវយុទ្ធសាស្ត្រឈ្នះ-ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ នាំមកនូវការ អភិវឌ្ឍ នៅប្រទេសកម្ពុជា។ ឯកឧត្តមក៏បានជម្រាបជូនសម្តេច អំពីការងារឆ្នេរសមុទ្រស្អាត នានា ជាពិសេសឯកឧត្ដមបានរម្លឹកពីប្រវត្តិកោះមួយនៅប្រទេសបារាំងដែលមានប្រជាជន តែ៦០០នាក់ប៉ុណ្ណោះ ប៉ុន្តែឯកឧត្ដមបានរៀបចំកោះនោះឱ្យស្អាតធ្វើឱ្យមានប្រជាប្រិយ និងអាចទទួលភ្ញៀវបានរហូតដល់រាប់ម៉ឺននាក់ ដែលបានជួយដល់ប្រជាជន ដោយមិនគ្រាន់តែ ផ្សព្វផ្សាយដល់ទូទាំងពិភពលោកនោះទេ ប៉ុន្តែបាននាំមកឱ្យប្រជាជនចាប់ផ្តើមស្រឡាញ់ឆ្នេរ ហើយចូលរួមអភិរក្ស ទាំងបរិស្ថាន និងធ្វើឱ្យឆ្នេរសមុទ្រនោះស្រស់បំព្រងថែមទៀតផង។

ឯកឧត្ដមបានបន្តថា បន្ទាប់មកឯកឧត្ដមបានធ្វើដំណើរទៅគ្រប់ទីកន្លែង រួមទាំងកម្ពុជាផងដែរ ហើយបានផ្លាស់ប្តូរបទពិសោធន៍អំពីការរៀបចំឆ្នេរ ដែលថ្មីៗនេះ វៀតណាមក៏បានស្នើសុំ បញ្ចូលឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកផងដែរ។ នៅប្រទេសកម្ពុជា ដោយសារមានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល និងការជួយជ្រោមជ្រែងពីក្លិបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកនោះ កម្ពុជា បានដាក់ឆ្នេរសមុទ្រ នៅខេត្តចំនួន៤ គឺខេត្តព្រះសីហនុ , កែប, កំពត និងខេត្ដកោះកុង ដែលឆ្នេរទាំង៤នេះ បានដាក់បញ្ចូលជុំគ្នាតែម្តងទៅក្នុងក្លិបឆ្នេរសមុទ្រ ស្អាតបំផុតលើពិភពលោក ដែលមានការជួយជ្រោមជ្រែង ពីឯកឧត្តម ប្រុយណូ បូដាដ ដែលនេះជាលើកទី១ហើយដែលក្លិបបានទទួលយកសម្រាប់ខេត្តទាំង៤។ ជាងនេះទៀត ឯកឧត្តមក៏បានជម្រាបជូនសម្តេចពីចំណាប់អារម្មណ៍របស់ឯកឧត្តម ទៅលើទេសភាព ដ៏ ស្រស់ស្អាតនៅក្នុងដំណើរមកកាន់ខេត្តកោះកុងនេះ ដោយឯកឧត្ដមចាត់ទុកថាកម្ពុជា មាន សក្កានុពលជាច្រើន។ ទន្ទឹមនេះ ការអភិវឌ្ឍឆ្នេរសមុទ្រគឺប្រៀបដូចជាការថែរក្សានូវបតិកភណ្ឌវប្បធម៌ ប្រាសាទអង្គវត្តផងដែរ គឺត្រូវធ្វើយ៉ាងណាថែរក្សាការពារបរិស្ថានរបស់វា និងធ្វើឱ្យ មាននិរន្តរភាព។ ឯកឧត្តមបានលើកឡើងទៀតថា ដូចជាពេលថ្មីៗនេះ មានការដាំដើមឈើ កោងកាង គឺឯកឧត្ដមពិតជាមានការរីករាយ និងចូលរួមអបអរសាទរ។ នៅក្នុងជំនួបនេះ ឯកឧត្ដមក៏បានស្នើឡើងនូវគម្រោងមួយគឺការប្រណាំងកង់ជាជីព និងទទួលបានការគាំទ្រ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហើយអ្នកចូលរួមក្នុងការប្រណាំងនេះ គឺអាចមានការចូល រួមមកពីតំបន់អាស៊ី ចិន កូរ៉េ ជប៉ុន និងបណ្តាប្រទេសផ្សេងៗទៀត ក្នុងអាស៊ាន និងបណ្តា ប្រទេសមកពីអឺរ៉ុប និងអាម៉េរិក។ គម្រោងនេះ គឺអាចនឹងចេញដំណើរពីតារាសាគរ នៃខេត្ត កោះកុង ទៅលើភ្នំបូកគោ និងចុះពីបូកគោ បន្តដំណើរទៅកែប កំពត និងខេត្តព្រះសីហនុ ដែលមានការប្រណាំងនៅទីនោះ ដើម្បីបង្ហាញពីសក្កានុពល នៅខេត្តព្រះសីហនុផងដែរ។

ពាក់ព័ន្ធនឹងគម្រោងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ផ្តល់អនុសាសន៍ថា គួរធ្វើ ឱ្យចំពេលបុណ្យសមុទ្រ ព្រោះកម្ពុជា ត្រូវធ្វើបុណ្យសមុទ្រពីខេត្តមួយ ទៅខេត្តមួយ ឬពេល វេលាដែលមិនមែនជារដូវភ្លៀង ហើយសម្តេចក៏បានណែនាំឱ្យធ្វើការពិភាក្សាជាមួយក្រសួង ទេសចរណ៍ឱ្យបានត្រឹមត្រូវ។ សម្តេចតេជោក៏បានឯកភាពនឹងការចង់ឱ្យមានសន្និបាត របស់ ក្លិបឆ្នេរស្អាតបំផុតលើពិភពលោកនៅកម្ពុជា ជាពិសេសចង់ឱ្យធ្វើនៅតំបន់ឆ្នេរ តារាសាគរ ដែលឆ្នាំ២០២២ គឺអាចមានបុណ្យសមុទ្រ ដូច្នេះអាចធ្វើនៅពេលនោះតែម្តង ឬអាចធ្វើការប្រណាំងកង់នៅពេលនោះផងដែរ។ ពាក់ព័ន្ធពីសក្កានុពលនៅខេត្តកោះកុង សម្តេចតេជោ បានអះអាងថា ខណៈសម្តេចនៅតែជានាយករដ្ឋមន្ត្រី សម្តេចការពារ មិនឱ្យមានការជីកយករ៉ែ ទីតាញ៉ូម នៅជីផាត ក្នុងស្រុកថ្មបាំង ខេត្តកោះកុងនោះទេ ទោះបីមានការស្នើពីក្រសួងរ៉ែ និងថាមពល បានសុំឱ្យមានការជីកយករ៉ែទីតាញ៉ូមដែលមានតម្លៃរហូតដល់ទៅ២០ពាន់លាន ដុល្លារ ដែលជាថវិកាដ៏ច្រើន ហើយបើសិនកម្ពុជាទទួលបានថវិការហូតដល់២០ពាន់លាន ដុល្លារនោះ កម្ពុជាក៏លែងត្រូវការជំនួយណាតទៅទៀតដែរ ក៏ប៉ុន្តែគោលនយោបាយរបស់ សម្តេចគឺបានប្តេជ្ញាការពារមិនឱ្យធ្វើអាជីវកម្មរ៉ែ ទីតាញ៉ូមនោះទេ ព្រោះវានឹងបំផ្លាញព្រៃអស់ ២ម៉ឺនហិកតា ហើយនៅពេលការយករ៉ែ នោះវានឹងបំផ្លាញបរិស្ថាន ធ្វើឱ្យទឹកសមុទ្រប្រែពណ៌ តាមរយៈការហូរដីក្រហមចូលទៅក្នុងសមុទ្រ ដែលនាំឱ្យបាត់បងសម្រស់ធម្មជាតិ ទឹកសមុទ្រ ពណ៌ខៀវស្រងាត់ទៅជាពណ៌ក្រហម។ ដូច្នេះគោលនយោបាយរបស់សម្តេចតេជោគឺថែរក្សា ការពារបរិស្ថានឱ្យនៅល្អ។ នៅត្រង់ចំណុចនេះ ឯកឧត្ដម ប្រុយណូ ក៏បានកោតសរសើរ សម្តេចតេជោយ៉ាងខ្លាំងដែលសម្តេចមានគោលនយោបាយដាច់ខាត ដោយឯកឧត្ដមថា នៅ ស្រុកបារាំងគឺមិនដូច្នោះទេ គឺបារាំងបានធ្វើការជីកយករ៉ែ ដែលធ្វើឱ្យខូចដល់បរិស្ថាន៕

ដោយ ជឹម ណារី