អាជ្ញាធរខេត្ដកំពង់ចាមប្រជុំផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀន ​ដល់ម្ចាស់ សណ្ឋាគារ​ ​ក្លិប​កម្សាន្ត​ និងអាជីវកម្ម ការ៉ាអូខេ នៅក្នុង​ខេត្ត

AKP កំពង់ចាម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ — លេខាធិការដ្ឋាននៃយុទ្ធការប្រយុទ្ធ គ្រឿង​ញៀន​ខុស​ច្បាប់នៃស្នងការ នគរបាល​ខេត្ត​កំពង់​ចាម​បាន​​​រៀបចំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយច្បាប់និងផលប៉ះពាល់ នៃគ្រឿងញៀន ដល់​អាជីវករ​ជាម្ចាស់អាជីវកម្ម ដែលងាយ​រងគ្រោះ​ដោយ​គ្រឿងញៀន​ដល់ម្ចាស់សណ្ឋាគារ​ ផ្ទះសំណាក់​ក្លិប​កម្សាន្ត​ ​និងអាជីវកម្ម ការ៉ាអូខេ នៅ​ទូ​ទាំង​ខេត្ត​ដោយមានការអញ្ជើញចូលរួម​របស់​ឯកឧត្តម​ ខ្លូត​ ផន ​ប្រធាន​ក្រុមប្រឹក្សាខេត្ត​ និង​ឯកឧត្ដម​ ​គួច​ ចំរើន ​អភិបាល​នៃ​គណៈ​អភិបាល​គណៈ​អភិបាល​ខេត្ត​កំពង់​ចាម​។ ពិធីនេះធ្វើឡើង កាលពី​ថ្ងៃ​សុក្រ​៧កើត ខែ​មិគសិរ ​ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ពស​២៥៦២ ត្រូវ នឹង ថ្ងៃទី ១៤ខែ ធ្នូ​ ឆ្នាំ២០១៩ នៅ​សាល​សន្និសីទ​សាលា​ខេត្ត​កំពង់ចាម ដោយមានការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​បណ្តា​មន្ទីរ​ អង្គភាព​ជុំវិញ​ខេត្ត​​ និងម្ចាស់ អាជីវកម្មក្នុង ក្រុង ពស្រុក​ ​ទាំង​១០​ក្នុង​ខេត្ត​កំពង់​ចាម​ទាំងមូល​។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា សព្វថ្ងៃនេះបញ្ហាប្រឈមខ្លាំងរបស់ខេត្ដ​គឺបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរ តែគ្រឿងញៀនបាននិងកំពុងធ្វើចរាចរណ៍​គួរឱ្យ​កត់សម្គាល់ក្នុងមូលដ្ឋានខេត្ត ទាំងអ្នកប្រើប្រាស់ក៏ដូចជាអ្នកជួញដូរនិងមានរហូតដល់ យក សណ្ឋាគារ ផ្ទះសំណាក់ និងក្លិបកម្សាន្ត ការ៉ាអូខេ ដែលធ្វើជាកន្លែងប្រព្រឹត្តបទល្មើស​ទៀតផង។

ឯកឧត្តមបានបញ្ជាក់ថា គ្រឿងញៀនបានបង្កគ្រោះថ្នាក់ដល់សង្គមជាតិ វាបាន បំផ្លាញនូវសតិអារម្មណ៍ និងស្មារតីរបស់មនុស្ស បំផ្លាញសេដ្ឋកិច្ចសង្គម និងតម្លៃមនុស្សជាតិ ហើយអ្នកប្រព្រិត្តគ្រឿងញៀនក៏អាចប្រព្រឹត្តនូវបទល្មើសផ្សេងៗដូចជា អសន្តិសុខសង្គម និងការប្រព្រឹត្តបទល្មើសផ្សេងៗទៀតផង។ ឯកឧត្តមអភិបាលខេត្តបានបន្ដថា កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀន ដល់​អាជីវករ​ជាម្ចាស់អាជីវកម្ម ងាយ​រងគ្រោះ​ដោយ​គ្រឿងញៀន​ដល់ម្ចាស់សណ្ឋាគារ ​ផ្ទះសំណាក់ ​ក្លិប​កម្សាន្ត​និងអាជីវកម្ម ការ៉ាអូខេ នៅ​ទូ​ទាំង​ខេត្ត​គឺក្នុងគោលដៅ ដើម្បីឱ្យបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់ដឹងអំពីទោស​ទណ្ឌពីការ ផ្តល់ទីតាំងរបស់ខ្លួនក្នុងការសម្រួលដល់ការប្រព្រឹត្តបទល្មើស និងមិនចូលរួមសហការជាមួយ សមត្ថកិច្ចដោយមិនបានផ្តលព័ត៌មានដល់សមត្ថកិច្ចក្នុងចុះទៅទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រឿងញៀន។

ឯកឧត្តមបានបន្ដទៀតថា ដើម្បីរកស៊ីប្រកបដោយភាពត្រឹមត្រូវ មិនមានគ្រឿងញៀន ឬខុសច្បាប់ សូមបងប្អូនម្ចាស់អាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច និង មិនត្រូវសម្រួលដល់ការធ្វើចរាចរគ្រឿងញៀនជាមួយជនល្មើសនៅតាមទីតាំង និងកន្លែងរបស់ខ្លួនឡើយ។ ឯកឧត្តមក៏បានអំពាវនាវដល់អាជីវករ ម្ចាស់អាជីវកម្មទាំងអស់ បន្ដរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចូលដោយផ្តល់នូវព័ត៌មានក្នុងករណីមានការប្រព្រឹត្តបទល្មើសនៅទីតាំងរបស់ខ្លួនដល់សមត្ថកិច្ចដើម្បីរួមគ្នាបង្ក្រាបទប់ស្កាត់ទាំងអស់គ្នា សម្រាប់អាជីវកម្មរបស់យើងគ្មានគ្រឿងញៀន៕

ដោយ ឆាយ ម៉ុត