រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីប្រកាសគណៈកម្មាធិការធ្វើ ជំរឿនប្រជាពលរដ្ឋទូទៅថ្នាក់ខេត្ត នៅឆ្នាំ២០១៩ខាងមុខ

AKP ព្រះវិហារ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨  — ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការ ធ្វើជំរឿនថ្នាក់ខេត្ត អញ្ជើញជាអធិបតី ក្នុងកម្មវិធីប្រកាសគណៈកម្មាធិការធ្វើជំរឿន ប្រជាពលរដ្ឋទូទៅថ្នាក់ខេត្ត ក្រុង ស្រុក  ឃុំ សង្កាត់ និង ផ្សព្វផ្សាយផែនការសកម្មភាពធ្វើ ជំរឿនប្រជាជនទូទៅនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ខាងមុខ នៅសាលាខេត្តព្រះវិហារ កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដែលរៀបចំដោយមន្ទីរផែនការខេត្តព្រះវិហារ នឹងមានការអញ្ជើ ញចូលរួមពីលោក អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៥ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៥ ប៉ូលិស គ្រប់ប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ ទូទាំងខេត្ត។

 ឯកឧត្តម អ៊ុន ចាន់ដា  បានមានប្រសាសន៍ថា ជំរឿន គឺជាព្រឹត្តិការណ៍ប្រវត្តិ សាស្ត្ររបស់ជាតិ បើយើងគិតពីឆ្នាំ១៩៦២ មកដល់ពេលនេះ ប្រទេសកម្ពុជាយើង មានការធ្វើជំរឿនប្រជាជនទូទៅ ទើបតែធ្វើបានចំនួន៣លើកប៉ុណ្ណោះ ពោលគឺលើកទី១ ធ្វើក្នុងឆ្នាំ១៩៦២ , លើកទី២ ធ្វើក្នុងខែមីនា ឆ្នាំ១៩៩៨  និងលើកទី៣ ធ្វើក្នុងខែមីនា ឆ្នាំ២០០៨ ចំណែកឯលើកទី៤ គ្រោងនឹងធ្វើក្នុងខែមីនា ឆ្នាំ២០១៩ ខាងមុខ។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ លោកគ្រូបង្វឹក សូមឱ្យ យកចិត្តទុក ដាក់ពន្យល់ឱ្យបានច្បាស់លាស់ និងសូមឱ្យ លោក លោកស្រី ដែលជាមន្ត្រីអនុវត្តន៍ផ្ទាល់ យកចិត្តទុកដាក់ទទួលនូវសេចក្ដីណែនាំ ដើម្បីយើងអនុវត្តន៍ធ្វើការងារជំរឿន ប្រជាពលរដ្ឋទូទៅបានប្រកបដោយប្រសិទ្ធភាព៕

ដោយ ទិត ស្រ៊