កំពង់ផែស្វយ័តភ្នំពេញ គ្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណត​ផែកុងតឺន័របន្ថែមទៀត ដោយចំណាយទុនវិនិយោគប្រមាណ៣៥លានដុល្លារ

AKP កណ្ដាល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ — មន្រ្ដីជាន់ខ្ពស់កំពង់ផែស្វយ័តភ្នំពេញ បានអះអាងថា កំពង់ផែគ្រោងនឹង​ ពង្រីកហេដ្ឋារចនា សម្ព័ន្ធចំណតផែកុងតឺន័រ ឱ្យបានធំទូលាយជាងមុន ដែលគ្រោងចំណាយទុនវិនិយោគ ប្រមាណ៣៥លានដុល្លារបន្ថែមទៀត ដើម្បីបង្កើន សមត្ថភាពក្នុងការផ្ទុកកុងតឺន័រឱ្យបានរហូត​ដល់​៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ។

 ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតកំពង់ផែកុងតឺន័រLM១៧ ជំហានទី២ នៃ គម្រោង​ពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែស្វយ័តភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៨ ដែលសិ្ថតនៅក្នុងស្រុកកៀនស្វាយ ខេត្ដកណ្ដាល ឯកឧត្តម ហ៊ឺ បាវី​ ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ ការសាងសង់ក្នុងជំហានទី២ចប់រួចរាល់ហើយនោះ កំពង់ផែ​ស្វយ័តភ្នំពេញ នឹងចាប់ផ្ដើម អនុវត្ដន៍ផែនការបន្ទាប់ទៀត ដើម្បីធ្វើការអភិវឌ្ឍន៍គម្រោងពង្រីក​ហេដ្ឋារច​នាសម្ព័ន្ធចំណត ផែ កុងតឺន័រLM១៧ ជំហានទី៣ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ លើផ្ទៃដី៥,៥ហិកតា ដែលគ្រោង ចំណាយទុនវិនិយោគប្រមាណ៣៥លានដុល្លារ។ ឯកឧត្តមបន្ដថា ការពង្រីកហេដ្ឋារចនា​សម្ព័ន្ធ​​ចំណតផែកុងតឺន័រ LM១៧នេះ គឺធ្វើឡើងក្នុងគោលបំណងពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្ដបន្ទាប់។ ឯកឧត្តមបានបន្ដថា ការដឹក ជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញគឺទទួលបានកំណើនខ្ពស់គិតជាមធ្យមប្រចាំឆ្នាំ មានចំនួន១៤.៤ភាគរយ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ហើយចំណតផែកុង​តឺន័រ នេះក៏មានសមត្ថភាព អាចផ្ទុកកុងតឺន័របាន៣០ម៉ឺន TEUs ក្នុងមួយ ឆ្នាំ។ ឯកឧត្តមប្រតិភូបានលើកឡើងថា កំពង់ផែស្វយ័តភ្នំពេញបាននិងកំពុងតែរៀបចំអនុវត្ដន៍​ផែនការរយៈ​ពេលវែង រួមមានគម្រោងអភិវឌ្ឍន៍ចំណតផែរណបទន្លេបិទ គម្រោងអភិវឌ្ឍន៍ ចំណតផែរណបចំនួនពីរ នៅទន្លេមេគង្គលើ និងទន្លេបាសាក់  គម្រោងអភិវឌ្ឍន៍ចំណតផែ ទំនិញចាក់ធារ គម្រោងសាងសង់ ឃ្លាំងត្រជាក់ និងស្ងួត ព្រមទាំងគម្រោងស្ដារ និងថែទាំផ្លូវ នាវាចរណ៍ ដើម្បីសំដៅគាំទ្រដល់ការអភិវឌ្ឍ និងរីកចម្រើនប្រកបដោយនិរន្ដរភាពនៃអាជីវកម្ម​របស់កំពង់ផែស្វយ័តភ្នំពេញផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍គាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ពង្រីកចំណតផែកុងតឺន័រក្នុងជំហានទី៣បន្ដទៀតនេះ ដោយសារតែកំពង់ផែស្វយ័តភ្នំពេញគឺជាច្រកទ្វារសេដ្ឋកិច្ចជាតិមួយដ៏សំខាន់​សម្រាប់ដោះដូរផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារតំបន់ និងអន្ដរជាតិ។ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កំពង់ផែស្វយ័តភ្នំពេញគឺជាចំណត ផែយ៉ាងសំខាន់ដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ ដែលផ្លូវជាតិនេះ នឹងត្រូវធ្វើការពង្រីក បន្ថែមទៀត នៅតាមកន្លែងកដបមួយចំនួន ដើម្បីងាយស្រួលការធ្វើចរាចរ ជាពិសេសរថយន្ដ កុងតឺន័រចេញ ចូលឆ្លងកាត់ផ្លូវជាតិលេខ១មកកាន់កំពង់ផែ។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្ថែមថា បច្ចុប្បន្នផ្លូវជាតិលេខ១ ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុនហៅកាត់ថា (JICA) កំពង់ធ្វើការសិក្សា ដើម្បីពង្រីកកន្លែងមួយចំនួនឱ្យបានធំទូលាយ កាត់បន្ថយការកក ស្ទះចរាចរណ៍ ខណៈឡានកុងតឺន័រចេញ ចូល ដឹកទំនិញច្រើនឆ្លងកាត់ មកកំពង់ផែនេះ​ផងដែរ។ ឯកឧត្តមក៏បានណែនាំដល់ដល់កំពង់ផែស្វយ័តភ្នំពេញ ត្រូវបន្ដយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពប្រកួតប្រជែង សេវាកម្មផែ តាមរយៈតម្លៃ និងគុណភាពសេវា បន្ថែមទៀត ជាពិសេសពង្រីកសេវាកម្មផែផ្សេងៗទៀត ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ អ្នក ប្រើប្រាស់នៅក្នុងបរិបទសកលភាវូបនីយកម្ម។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រក្នុង ជំហាន ទី១ ចាប់តាំងពីឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណ២៨.៩លានដុល្លារ ដែល​មានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ម៉ឺន TEUs ក្នុងមួយឆ្នាំ ហើយគម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ៩លានដុល្លារ  និងមានសមត្ថភាពផ្ទុកកុងតឺន័របានចំនួន៣០ម៉ឺន TEUs។ ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ២០១៩​ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយ​ថវិកា​ប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់៥០ម៉ឺន TEUs ក្នុងមួយ ឆ្នាំ៕

ដោយ អ៊ុន រិទ្ធី