សហព័ន្ធកីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជា បើកការប្រកួតកីឡាសូរីនហ្ស៊ិកាំប៉ូ ជើងឯកថ្នាក់ជាតិ ២០១៨

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ — សហព័ន្ធកីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជាបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០១៨របស់ខ្លួន នៅមជ្ឈមណ្ឌលកីឡាប្រយុទ្ធកម្ពុជា-ជប៉ុន ដោយមានកីឡាករ កីឡាការិនី ចូលរួមចំនួន៦៧ នាក់មកពី៥ក្លិប។ថ្លែងនៅក្នុងពិធីបើកមុនការប្រកួត លោក ឡាច ច័ន្ទសុវណ្ណ ប្រធានសហព័ន្ធកីឡា​សហព័ន្ធកីឡាសូរីន ហ្ស៊ិកាំប៉ូកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាព្រឹត្តិការណ៍ជើង​ឯកថ្នាក់ ជាតិ ដែលគ្រប់សមាសភាពចូលរួមទាំងអស់ ដូចជាគ្រូបង្វឹក កីឡាករ កីឡាការិនី និងអាជ្ញា​កណ្តាល ចៅក្រម ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រិតបាននូវជ័យលាភី​ប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមគ្នាជួយលើកកម្ពស់វិស័យកីឡាសូរីនហ្ស៊ិកាំប៉ូ ឱ្យកាន់តែ​រីកចម្រើនឈានទៅប្រជែងមេដាយលើឆាកអន្តរជាតិ ក៏ដូចជាការត្រៀមខ្លួនឱ្យបានល្អ ក្នុងការ​ទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ប្រធានសហព័ន្ធ​រូប​នេះបន្ថែមថា ក្រៅពីការខិត ខំប្រកួតឱ្យអស់ពីសមត្ថភាព កីឡាករ កីឡាការិនីទាំងអស់ត្រូវ​គោរពនូវបទបញ្ជាការប្រកួត វិន័យ ក្រមសីលធម៌ ឱ្យល្អបំផុត ដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូ កិត្តិយសសម្រាប់ក្លិប ក៏ដូចជាជាតិផងដែរ។ លោក ឌុន សម្ផស្ស អគ្គលេខាធិការសហព័ន្ធ​កីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជាបានឲ្យដឹងដែរថា ជើងឯកថ្នាក់ ជាតិឆ្នាំនេះគឺផ្តោតសំខាន់លើវិញ្ញា​សា​ថ្នាល​យុវជនច្រើនជាងគេ គឺដើម្បីគោលដៅបាញ់ឆ្ពោះទៅរកការធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ លោកបន្ថែមថា ការប្រកួតឆ្នាំនេះ សហព័ន្ធបានរៀបចំ​វិញ្ញា​សសម្រាប់ក្មេងៗថ្នាលពី៧០ ទៅ៨០ភាគរយ ដែលទម្រាំឈានដល់ឆ្នាំ២០២៣ ពួគគាត់​នឹងចម្រើនវ័យពេញកម្លាំងថាមពល សមល្មមនឹងប្រកួតដណ្តើមមេដាយ ជូនជាតិ ក្នុងឋានៈ​ជាម្ចាស់ផ្ទះ នាពេលនោះ។សូមបញ្ជាក់ថា ការប្រកួតកីឡាសូរីនហ្ស៊ិកាំប៉ូកម្ពុជាបានរៀបចំការប្រកួតជ្រើសរើស​ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ដោយ​ថ្នាក់ដឹកនាំសហព័ន្ធជំនាញកីឡាមួយ នេះមានក្តីសង្ឃឹមខ្ពស់ដោយអត្តពលិករបស់​ខ្លួន​ដែលចូលរួមប្រកួតនឹងមានសិទ្ធផលកាន់តែខ្ពស់ៗផងដែរ៕

ដោយ ហេង ណាលីន