អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បើកកិច្ចប្រជុំស្ដីពីយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើកទី៧

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ — អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បើកកិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើកទី៧ ក្នុងគោលបំណងបន្តពិភាក្សាដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរនានា របស់វិស័យឯកជន ពាក់ព័ន្ធនឹងការអនុវត្តយន្តការសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល កម្ពុជា។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីសហប្រធាននៃយន្តការភាពជាដៃគូ គយ-ផ្នែកឯកជន ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជ​កម្ម​កម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់សមាសភាពនៃយន្តការ ជាមន្ត្រី​គយ​និ​ងរដ្ឋាករ និងតំណាង​វិស័យឯកជន រួមមានសភាពាណិជ្ជកម្មកម្ពុជា, សមាគមរោងចក្រកាត់ដេរនៅ​កម្ពុជា, សមាគមសហគ្រាសធុនតូច-មធ្យម, សមាគមដឹកជញ្ជូនកម្ពុជា, ក្លិបធុរកិច្ចជប៉ុន, ក្រុមហ៊ុននាំចេញ-នាំចូល, និងតំណាងដៃគូអភិវឌ្ឍន៍អន្តរជាតិ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ​ផងដែរ។អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា យន្តការភាពជា​ដៃគូគយ-វិស័យ​ឯកជនគឺ​ជា​វេទិកា​នៃ​ការ​ពិគ្រោះ​យោបល់​គ្នាដើម្បី​ស្វែង​រក​ដំណោះស្រាយនូវ​រាល់​បញ្ហា​នានាដោយឈរ​លើ​គោលការណ៍ឈ្នះ-ឈ្នះ ស្រប​តាម​ការណែនាំ​ប្រកបដោយគតិបណ្ឌិតរបស់​សម្តេច​អគ្គ​មហា​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងពី​លទ្ធផលយ៉ាងល្អប្រសើរនៃការ​ប្រមូល​ចំណូល​ពន្ធ និងអាករចូលថវិកាជាតិ ដែល​មានតួលេខ​កំណើន២ដង ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយនេះ ដែលបាន​ឆ្លុះ​បញ្ចាំងនូវ​ភាពប្រសើរ​ឡើង​ទាំង​កម្រិត​អនុលោមភាព​របស់​វិស័យ​ឯកជន ក៏ដូច​ជា​អភិបាល​កិច្ច​ល្អ ក្នុង​អង្គភាព​គយ​ផងដែរ។ ឯកឧត្តម​បណ្ឌិត​ក៏បានបង្ហាញពី​ការកែសម្រួល​សមាសភាពយន្តការ និងបន្ថែមក្រុមការងារជំនាញថ្មីមួយទៀត គឺ “ក្រុមការ​ងារ​គយ-សហគ្រាសធុនតូចនិងមធ្យម”ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិ​បាល​ក្នុងការលើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែក​មួយនៃយុទ្ធសាស្ត្រពិពិធកម្មឧស្សាហកម្ម និងផលិកម្មនៅកម្ពុជា ។ជាមួយគ្នានេះ តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញពី លទ្ធផល ដែលសម្រេចបានក្នុងកិច្ចប្រជុំការងារជំនាញ​ទាំង៤ របស់យន្តការ ក្នុង​ចន្លោះ​ពេល​រវាង​កិច្ច​ប្រជុំ​លើកទី៦ និងទី៧នេះ ដែលបានរួមគ្នាដោះស្រាយនូវបញ្ហាពាក់ព័ន្ធនឹងការងារគយចំនួន ៤០សំណូមពរ ព្រមទាំង​បានចេញនូវបទប្បញ្ញត្តិចាំបាច់មួយ​ចំនួន​ផងដែរ​ក្នុងការបន្តធ្វើ​សាមញ្ញ​កម្មនិតិវិធីគយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន និងធុរជនពាក់ព័ន្ធ បន្ថែម​ទៀត។ ក្រៅពីនេះ កិច្ចប្រជុំក៏បាន​ពិភាក្សាលើ​សំណូមពរ និង​បញ្ហាដែល​បាន​លើកឡើង​ដោយវិស័យ​ឯកជននាពេលថ្មីៗនេះ និងបានឯកភាព​គ្នាលើ​ដំណោះស្រាយតាម​បញ្ហា​នីមួយៗ ដែល​ពាក់​ព័ន្ធ​នឹង ទី១. ការ​អនុវត្ត​ប្រព័ន្ធ​បញ្ជរតែមួយជាតិ ទី២. ការធ្វើសាមញ្ញកម្មនិតិវិធីទំនិញ សេវា​បញ្ញើ​រហ័ស ទី៣. ការ​រៀបចំនិង​ដាក់​អនុវត្តន៍កម្រៃសេវាគយ ទី៤. ការ​ផ្ទៀតផ្ទាត់​តម្លៃគិត​ពន្ធគយ ទី៥. ការចូលរួមចំណែក​របស់គយ និងវិស័យ​ឯកជនក្នុង​ការអនុវត្ត គោលនយោបាយ​ពិពិធកម្មសេដ្ឋកិច្ច ទី៦. ការរៀបចំ​ខ្លួន​ឆ្លើយតប​ចំពោះការវិវត្តន៍​នៃ​សេដ្ឋកិច្ចឌីជីថល និង ទី៧. ការ​កែសម្រួល​អនុក្រឹត្យ​ស្តី​ពីទំនិញ​ហាមឃាត់​និង​ទំនិញជាប់​កម្រិត​កំណត់ (អនុក្រឹត្យ ២០៩) ជាដើម។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងផ្នែកឯកជនក៏បាន​បង្ហាញ​នូវគោលជំហរ​គាំទ្រ​គ្នា​ទៅវិញ​ទៅមកលើ​ការ​ងារ​មួយចំនួនទៀត ជាពិសេស ការ​សម្របសម្រួល​ផ្នែក​ឯកជន​គ្រប់​ស្ថាប័នឱ្យមាន​សំឡេង​តែមួយដើម្បី​ជជែគជាមួយតំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល ព្រមទាំង ​បន្តកិច្ចសហការ​គ្នា និងជំរុញ​ឱ្យ​ក្រុមការងារតាមវិស័យ​នីមួយៗ បង្កើន​ការ​ពិភាក្សា​ដោះ ស្រាយ​បញ្ហាឱ្យកាន់​តែ​មាន​ប្រសិទ្ធភាព​​ថែមទៀត៕

ដោយ​ ​អ៊ុង ហុងលៀង