អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនឱ្យមានប្រសិទ្ធភាព

AKP កំពង់ចាម ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ — អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តរួមគ្នាបង្កើនការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ឱ្យបាន កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីសេចក្ដីសុខ និងការរស់នៅរបស់ប្រជាជន។ នេះជាការលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ត្រួតពិនិត្យគ្រឿងញៀនក្នុងរយៈពេល ៩ខែដើមឆ្នាំ២០១៨ នៅសាលសន្និសីទសាលាខេត្តកំពង់ចាមនា ព្រឹកថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៨នេះ ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំតាមបណ្តាអង្គភាពនានា ទាំង១០ ក្រុង ស្រុក ទូទាំងខេត្ត ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានលើកឡើងថា សព្វថ្ងៃនេះបញ្ហាប្រឈម ខ្លាំងរបស់យើងគឺបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរ។ ទោះបីករណីទាំងពីរនេះ ជាករណីដាច់ដោយឡែកពីគ្នាក៏ពិតមែនតែវាទាក់ទងនឹងគ្នា។ កាលណាអ្នកបើកបរដែល បានប្រើប្រាស់នូវសារធាតុញៀន ពិតជាបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរក្នុង កម្រិតខ្ពស់។ ដូចនេះគ្រឿងញៀនពិតជាបានទាក់ទងនឹងបញ្ហាគ្រោះថ្នាក់ចរាចរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គ្រឿងញៀនវាពិតជាបង្កគ្រោះថ្នាក់ដល់ សង្គមជាតិ វាបានបំផ្លាញនូវសតិអារម្មណ៍និងស្មារតីរបស់មនុស្ស បំផ្លាញសេដ្ឋកិច្ច សង្គមនិងតម្លៃមនុស្សជាតិយើងទាំងមូល។ អ្នកប្រព្រឹត្តគ្រឿងញៀនអាចប្រព្រឹត្តនូវ បទល្មើសផ្សេងៗដូចជា អសន្តិសុខសង្គម ហានប្រព្រឹត្តបទល្មើសផ្សេងៗ និងបានបំផ្លាញ សេចក្តីសុខខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងជីវភាពរស់នៅផងដែរ។

ឯកឧត្តម  គួច ចំរើន បានបញ្ជាក់ថា គ្រឿងញៀនបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សង្គមសេដ្ឋកិច្ច និងមនុស្សជាតិ ដូចនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីថ្នាក់ខេត្តរហូត ដល់ថ្នាក់ឃុំសង្កាត់រួមគ្នាយកចិត្តទុកដាក់ទប់ស្កាត់ការរីកដុះដាលនៃបញ្ហាគ្រឿងញៀនដើម្បីសុវត្ថិភាពនិងសេចក្ដីសុខក្នុងការរស់នៅរបស់ប្រជាពលរដ្ឋយើង។

ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្តជំរុញ ការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យទាន់តាមសំណូមពររបស់ប្រជាពលរដ្ឋចង់បានព្រោះក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៦ នេះគោលនយោបាយសេវាសាធារណៈត្រូវបាន កំណត់ច្បាស់ក្នុងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួននឹងបន្តការយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងចលនាប្រឡងប្រណាំងលើការផ្ដល់សេវាសាធារណៈដើម្បីបង្កើនការជឿជាក់ពីប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ៕

ដោយ ឆាយ ម៉ុត