វ៉ូវីណាម និងការ៉ាតេចេញដំណើរទៅប្រជែងមេដាយព្រឹត្តិការណ៍សាកលវិទ្យាល័យអាស៊ាន នៅមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ –ក្រុមប្រតិភូកីឡាករ កីឡាការិនីលើ២ប្រភេទកីឡាទៀតរបស់កម្ពុជា គឺប្រភេទកីឡាវ៉ូវីណាម និងការ៉ាតេ បានចេញដំណើរហើយកាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដើម្បីចូលរួមប្រកួត ប្រជែងដណ្ដើមយកមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យ អាស៊ាន (19th ASEAN University Games) លើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា។

លោក អ៊ូ រតនា អនុប្រធានទី១សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា (AKP) មុនពេលចេញដំណើរថា ការចេញដំណើរលើកនេះ គឺមានអត្តពលិកសរុបចំនួន១៦នាក់ ក្នុងនោះមានកីឡាករ១០នាក់ និងកីឡាការិនី ៦នាក់។ បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា គឺក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជា បានប្រមូលផ្តុំហ្វឹកហាត់ត្រៀមរយៈពេល៣ខែ មុន ព្រឹត្តិការណ៍អន្តរជាតិមួយនេះ ជាមួយនឹងក្តីសង្ឃឹមខ្ពស់ថានឹងទទួលបានលទ្ធផលល្អប្រសើរ យកមក ជូនជាតិ ពីព្រោះថា ប្រសិនបើយើងត្រៀមទុកមុនបានល្អនោះកីឡារបស់យើងក៏ទទួលបាននូវលទ្ធ ផលត្រឡប់មកវិញបានល្អដែរ។​ ម្យ៉ាងទៀត ប្រភេទកីឡា វ៉ូវីណាម ធ្លាប់បានចេញទៅប្រកួត និងធ្លាប់ ដណ្តើមបានមេដាយជាច្រើនលើឆាកអន្តរជាតិ នាពេលកន្លងមក នោះទើបធ្វើឱ្យបទពិសោធន៍របស់ យើងក៏មានច្រើនផងដែរ។

ទាក់ទងទៅនឹងក្តីរំពឹងខ្ពស់ក្នុងការឈ្នះមេដាយនោះ ត្រូវបានលោក អ៊ូ រតនា បានអះអាងយ៉ាង ដូច្នេះថា “វិញ្ញាសាដែលខ្ញុំរំពឹងបានមេដាយ គឺវិញ្ញាសាប្រយុទ្ធទម្ងន់ ៥១គីឡូក្រាម និង ៥៧គីឡក្រាម ពីព្រោះពួកគាត់គឺជាអតីតម្ចាស់មេដាយមាសពិភពលោក និងអាស៊ី ដូច្នេះខ្ញុំជឿជាក់ថាពួកគាត់អាច ធ្វើបាន ចំណែកឯវិញ្ញាសាផ្សេងទៀត ក៏ខ្ញុំជឿជាក់ថាពួកគាត់នឹងធ្វើបានល្អដែរ ប៉ុន្តែគ្រាន់តែមិនទាន់ អាចនិយាយបានមុនទេ ដែលវាអាស្រ័យលើពេលវេលាប្រកួត ឬសម្តែងជាក់ស្តែង”។

ចំណែកឯលោក ឡាច ច័ន្ទដារ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានថ្លែងប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា សម្រាប់វិស័យកីឡាការ៉ាតេកម្ពុជា ដែលចូលរួមក្នុងការប្រកួត កីឡានិស្សិត ឧត្តមសិក្សាលើកទី១៩ នៅមីយ៉ាន់ម៉ាឆ្នាំ២០១៨នេះ គឺជាលើកទី១របស់ខ្លួន ប៉ុន្តែកីឡាករ កីឡាការិនីទាំងអស់ សុទ្ធតែបានហ្វឹកហាត់ត្រៀមបានល្អប្រសើរ ដោយរំពឹងទទួលបាននូវលទ្ធផលល្អ យកមកជូនជាតិដូចប្រភេទកីឡាទាំង៥ផ្សេងទៀតដែរ។ លោកបញ្ជាក់ថា លើកនេះយើងចេញទៅ១០ នាក់ ក្នុងនោះមានគ្រូបង្វឹក២នាក់ ចៅក្រម ២នាក់ កីឡាករ៤នាក់ និងកីឡាការិនី២នាក់ ដែលប្រកួត លើ ៦វិញ្ញាសា ក្នុងនោះប្រកួតជាក្រុមបុរសនារី និង ប្រយុទ្ធឯកត្តជនផ្នែកបុរសទម្ងន់ ៦៧ និង ៧៥គីឡូក្រាម និងផ្នែកនារីមានវិញ្ញាសាទម្ងន់៥០ និង៥៥គីឡូ ក្រាម។

អគ្គលេខាធិការរងរូបនេះបញ្ជាក់ថា “ក្រោយពីការប្រមូលផ្តុំហ្វឹកហាត់នោះគឺយើងខ្ញុំបានត្រៀម លក្ខណៈ បច្ចេកទេស សម្ភារសម្រាប់ការប្រកួតជាដើម ពោលគឺយើងបានត្រៀមលក្ខណៈបានគ្រប់ ជ្រុងជ្រោយ ដែលធ្វើឱ្យយើងមានក្តីរំពឹងខ្ពស់ដែរ ក្នុងការប្រជែងមេដាយ។ ជាមួយគ្នានោះយើងខ្ញុំបាន ប្តេជ្ញាចិត្តរួមគ្នាថានឹងខិតខំ ឱ្យអស់ពីសមត្ថភាព ដើម្បីជាកាដូមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូជា កាដូសម្រាប់ប្រភេទកីឡាការ៉ាតេ កម្ពុជាផងដែរ”

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៨នេះ បានដំណើរពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ដោយក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជូនអត្តពលិកលើ ៦ប្រភេទកីឡា រួមមាន វ៉ូវីណាម, ការ៉ាតេ, ប៉េតង់, អត្តពលកម្ម, ហែលទឹក, និងវាយកូនឃ្លីលើតុ

ដោយ ហេង ណាលីន