រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីប្រកាសគណៈកម្មាធិការធ្វើជំរឿនប្រជាពលរដ្ឋទូទៅក្នុងខេត្តនៅឆ្នាំ២០១៩ខាងមុខ

AKP ឧត្តរមានជ័យ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ –ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការធ្វើជំរឿនថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកាសគណៈកម្មាធិការធ្វើជំរឿនប្រជាពលរដ្ឋទូទៅថ្នាក់ខេត្ត ក្រុងស្រុក ឃុំ សង្កាត់ និង ផ្សព្វផ្សាយផែនការសកម្មភាពធ្វើជំរឿនប្រជាជនទូទៅនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ខាងមុខ នៅសាលាខេត្តឧត្តរមានជ័យ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដែលរៀបចំដោយមន្ទីរផែនការខេត្តឧត្តរមានជ័យ ពិធីនេះក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង៥ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អធិការ អធិការរងនគរបាលក្រុង ស្រុកទាំង៥ មេ មេរងប៉ុស្តិ៍ គ្រប់ប៉ុស្តិ៍ មេឃុំ ចៅសង្កាត់ ទូទាំងខេត្ត ផងដែរ 

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា ជំរឿន គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ជាតិ បើយើងគិតពីឆ្នាំ១៩៦២ មកដល់ពេលនេះប្រទេសកម្ពុជាយើងបាធ្វើការជំរឿនប្រជាជនទូទៅ ទើបតែធ្វើបានចំនួន៣លើកប៉ុណ្ណោះ ពោលគឺលើកទី១ ធ្វើនៅឆ្នាំ១៩៦២ លើកទី២ ធ្វើនៅខែមីនា ឆ្នាំ១៩៩៨  និងលើកទី៣ ធ្វើនៅខែមីនា ឆ្នាំ២០០៨ ចំណែកលើកទី៤នេះគ្រោងនឹងធ្វើនៅក្នុងខែមីនា ឆ្នាំ២០១៩ ខាងមុខ

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូបង្វឹក សូមឱ្យយកចិត្តទុកដាក់ពន្យល់ឱ្យបានច្បាស់លាស់ និងសូមឱ្យលោក លោកស្រី ដែលជាមន្ត្រីអនុវត្តន៍ផ្ទាល់ យកចិត្តទុកដាក់ទទួលនូវសេចក្ដីណែនាំ ដើម្បីយើងអនុវត្តន៍ធ្វើការងារជំរឿនប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព

ដោយ ទិត ស៊្រ