អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល ៦ថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ — គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋបារាំង ដឹកនាំដោយ ឯកឧត្ដម Sylvain WASERMAN អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង នឹងអញ្ជើញមកបំពេញទស្សនកិច្ច​ជា​​ផ្លូវ​ការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៦ថ្ងៃ (ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ​ទី​២​០​ ខែធ្នូ ឆ្នាំ២០១៨) ក្នុងគោលបំណងរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ​រវាងប្រទេស​ទាំ​ងពីរ ពិសេសទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-បារាំងឱ្យកាន់តែរឹងមាំថែមទៀត។ នេះ​បើ​​យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

ក្នុងអំឡុងទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាសាធារណរដ្ឋបារាំង គ្រោង​នឹង​​ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃព្រះរាជា​ណាចក្រ​កម្ពុ​ជា និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនរួមមាន ជួបសម្ដែងការគួរសម និងធ្វើសវនាការជាមួយ ស​​ម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជួបពិភាក្សាការងារ ជាមួយ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការ​កិ​ច្ច​ការ​បរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាផងដែរ។

ក្នុង​អំ​ឡុ​ងស្នាក់អាស្រ័យ និងបំពេញទស្សនកិច្ចនៅកម្ពុជានេះដែរ គណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃ​សា​​ធារណរដ្ឋបារាំង ដឹកនាំដោយ ឯកឧត្ដម Sylvain WASERMAN អនុប្រធានរដ្ឋ​សភានៃ​សា​ធា​រ​ណរដ្ឋបារាំង នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្ដមអភិបាល នៃគណៈអភិបាល​ខេត្ត​សៀ​មរាប នឹងអញ្ជើញទស្សនាប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋាន ប្រវត្តិសាស្ត្រក្នុង​ខេត្ត​សៀ​ម​រាបផងដែរ៕

ដោយ ជឹម ណារី