ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី ទទួលបានសិទ្ធិចែកចាយជាផ្លូវ​ការលើ ផលិតផល adidas ប្រចាំនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ — ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី (L.S.S.C TRADING CO.,LTD) នាំចូលផលិតផលគ្រឿងសម្អាងម៉ាក adidas ជាផ្លូវការ មកកាន់ទីផ្សារកម្ពុជា ក្រោយមើល ឃើញពីតម្រូវការគឺមានការកើនឡើងខ្ពស់ សម្រាប់អត្ថពលិក និងអ្នកស្រឡាញ់កីឡា។

 ក្នុងពិធីទទួលសិទ្ធិចែកចាយជាផ្លូវការ នៅសណ្ឋាគារ Rose Wood ក្នុងអគារវឌ្ឍន: រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោក ឆាល មេលឡន (Charles Mellon) អ្នកតំណាងមកពី Coty បានថ្លែងថា ការបានជ្រើសរើស អិល អេស អេស ស៊ី (LSSC) ជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវផលិតផលគ្រឿងសម្អាងម៉ាក adidas នៅកម្ពុជា ដោយសារ តែក្រុមហ៊ុនសម្លឹងឃើញនូវភាពប៉ិនប្រសព្វ និងសក្តានុពលនៃកំណើនសេដ្ឋកិច្ច ក៏ដូចជា ចំណូលបុគ្គល។ លោកបានបន្ដថា ផលិតផលថ្មីគ្រឿងសម្អាងadidas ត្រូវបានសម្ពោធ ក្នុង​ប្រទេសផ្សេង ហើយទទួលបានជោគជ័យគួរឱ្យកត់សម្គាល់នាពេលកន្លងមក។

លោកសង្ឃឹម​ថា ផលិតនេះនឹងទទួលបានការគាំទ្រដូចគ្នានឹងផលិតផលផ្សេងៗដែរ ហើយលោក នឹងជំរុញ ឱ្យ​អ្នកប្រើប្រាស់ ស្វែងរកផលិតផលពិតប្រាកដពីក្រុមហ៊ុន អិល អេស អេស ស៊ី (LSSC)។

លោក ហាក់ ស៊ីដេត នាយកគ្រប់គ្រង ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី (L.S.S.C TRADING CO.,LTD) បានថ្លែងអំណរអរគុណចំពោះ ពាណិជ្ជករ អ្នកចែកចាយបន្ត និងជាពិសេសអ្នកប្រើប្រាស់ផ្ទាល់ ដែលនៅតែបន្តគាំទ្រនូវផលិតផលគ្រឿងសម្អាងម៉ាក adidas នៅលើទីផ្សារកម្ពុជាកន្លងមក។ លោកជំរុញពាណិជ្ជករ និងអ្នកប្រើប្រាស់ ពិនិត្យមើល​ស្លាកសញ្ញាក្រុមហ៊ុន នៅលើផលិតផល ដើម្បីធានាថាជាផលិតផលពិត និង មានគុណភាព​ល្អ មកពីរោងចក្រផ្ទាល់៕ដោយ ម៉ៅ ចរិយា