រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើកកម្ពស់ជនមានពិការភាព

AKP បន្ទាយមានជ័យ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ — រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តោតការយកចិត្តទុកដាក់ លើកកម្ពស់ជនមានពិការ​ភាពសំដៅធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើង។  នេះជាប្រសាសន៍លើកឡើងរបស់លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យនៅ​​ក្នុង​ទិវាជនមានពិការភាពកម្ពុជាលើកទី២០​ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦​ ក្រោមប្រធានបទ​ “លើកកម្ពស់ជនមានពិការភាព​ ធានាដល់ការធ្វើបរិយាប័ន្ននិងសមភាព”​ នៅមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ ខេត្តបន្ទាយមានជ័យកាល​ ព្រឹកថ្ងៃព្រហស្បតិ៍​ ៦​កើត ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៨នេះ។លោក អ៊ុំ រាត្រី បានថ្លែងថា ទិវាជនពិការថ្ងៃ៣ធ្នូ ត្រូវប្រារព្ធឡើង ដើម្បីបង្កើនការយល់ដឹង អំពីបញ្ហាពិការភាព ដោយផ្តោតលើ ការបង្កលក្ខណៈងាយស្រួល ដល់ជនពិការនូវលទ្ធភាព ប្រើប្រាស់បាននៅតាម ទីសាធារណៈ និងឯកជន ក៏ដូចជាការបំផុសឱ្យគ្រប់ក្រសួងមន្ទីរ ស្ថាប័ន និងវិស័យឯកជនអនុវត្តន៍ ការជ្រើសរើសជនពិការ ឱ្យចូលបម្រើការងារ ការហ្វឹកហ្វឺនផ្នែកផ្សេងៗជាច្រើន។

​ លោកបានបន្ថែមថា បច្ចុប្បន្នគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗ របស់រដ្ឋាភិបាល ដោយផ្តោតលើការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ ការផ្តល់សេវាសុខភាព សមត្ថភាព និងការការពារជនពិការ ជាដើម។ ក្នុងនោះ រដ្ឋាភិបាល បានផ្តល់កម្មសិទ្ធិដីធ្លី និងបានកសាងលំនៅឋានជូនជនពិការ ផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅសហគមន៍ ដើម្បីចូលរួមចំណែក ជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្ម កាយសម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ជាពិសេសម្រាប់ជនពិការគថ្លង់ និងជនពិការភ្នែកផងដែរ។ រដ្ឋាភិបាល ក៏បានរៀបចំបង្កើតឱ្យមានអក្សរស្ទាប និងភាសាសញ្ញា សម្រាប់ជនពិការភ្នែក និងជនពិការគថ្លង់ ព្រមទាំងបានដាក់បញ្ចូល ទៅក្នុងកម្មវិធីសិក្សានៃវិស័យអប់រំ។

នៅក្នុងឱកាសនោះអភិបាលរងខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានធ្វើការ អំពាវនាវសូម​ឱ្យគ្រប់ភាគីពាក់​ព័ន្ធទាំងអស់ទាំង ស្ថាប័នរដ្ឋ និងវិស័យឯកជនសូមរួមគ្នា បន្តលើកទឹកចិត្តដល់ជនពិការ ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារ និងតួនាទីទទួលខុសត្រូវក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារ ដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារ ជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការី ជាដើម​៕

ដោយ ឈុន សារ៉ាត