ក្រុមប្រឹក្សាសកម្មភាពជនពិការសង្ឃឹមថា ក្រោយពេលសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព “២០១៩-២០២៣” ដាក់ឱ្យអនុវត្តន៍នឹងទទួលបានជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ — សិក្ខាសា​លា​ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “ការកសាងសេចក្តីព្រាងផែនការយុទ្ធ សាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣”  នៅសណ្ឋាគារភ្នំពេញ ត្រូវបានប្រារព្ធពិធីបិទនា រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីដំណើរការអស់រយៈពេលពីរថ្ងៃ ប្រកបដោយជោគជ័យ។

 ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា សកម្មភាពជនពិការ ដែលបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីនេះថ្លែងថា ក្នុងនាម ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់អង្គសិក្ខាសាលាទាំងអស់ ដែលបានចូល រួមពិភាក្សា និងពិគ្រោះយោបល់ ដើម្បីធាតុចូលនូវសេចក្តីព្រាងដំបូង នៃផែនការយុទ្ធ សាស្ត្រជាតិស្តីពីជនពិការ ២០១៩-២០២៣ ឱ្យមានលក្ខណៈគ្រប់ ជ្រុងជ្រោយមុនដាក់ឆ្លងសុំសេចក្តីសម្រេចពីរាជរដ្ឋាភិបាល ដើម្បីបន្តជួយដល់ឧត្តម ប្រយោជន៍របស់ជនមានពិការភាពនៅកម្ពុជា។ឯកឧត្តមបញ្ជាក់ថា ការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ មិនមែនជាការចៃដន្យនោះទេ គឺជាការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសេនាធិការ និងយន្តការច្បាស់លាស់ដើ​ម្បីយកទៅអនុវត្ត។ ជនមានពិការភាពកំពុងតែទទួលរងចាំនូវការទទួលផលជាក់ស្តែង ពីព្រោះផែន​ការ​​យុទ្ធសាស្ត្រមួយនេះនឹងដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗបន្តទៀត ហើយមានសុពល​ភាពជាមួយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៣-២០២២ យុទ្ធសាស្ត្រអ៊ីនឈាន់ និងសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង ដែលបានអនុម័តកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ សំដៅពន្លឿន និងការអនុវត្តដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ជន មានពិការភាពឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យបន្ថែម។

ក្នុងនាមជាអ្នកសម្របសម្រួលវិស័យពិការភាពនៅកម្ពុជា សូមអំពាវនាវសា ជាថ្មីម្តង ទៀតចំពោះក្រសួងស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ វិស័យឯកជន និងសង្គមស៊ីវិល ទាំងអស់ សូមបន្តរួមគ្នាជួយដល់រាជរដ្ឋាភិបាលក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣ ក្រោយការអនុម័តឱ្យទទួលបានជោគជ័យនាពេលខាងមុខ។ ឯកឧត្តមសង្ឃឹមថា ក្រោយពេលប្រកាស​ដាក់ឱ្យអនុវត្តន៍នូវផែន ការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាព២០១៩-២០២៣នេះ នឹងទទួលបាននូវការគាំទ្រ និងការលើកទឹកចិត្ត ការលើកកម្ពស់សិទ្ធិប្រកបដោយសេចក្តីថ្លៃថ្នូរ ការជំរុញឱ្យមានការដាក់បងប្អូនមានពិការភាព នៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ដើម្បីជួយដល់ជនមានពិការភាព និងក្រុមគ្រួសារ ឱ្យទទួលបានជីវភាពល្អប្រសើរ គ្មានការ​រើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈស្មើភាពគ្នា៕

ដោយ ប៉ាល់ សុង