សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរដ្ឋសភាអនុម័ត

AKP ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ –សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោ បាយ ត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ អនុម័តដោយសំឡេង ១១៥ លើ ១១៥ សំឡេង នៃអង្គរដ្ឋសភាទាំងមូលដែលបានចូលរួម។

សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ដែលមានសមាជិករដ្ឋសភាចំនួន១១៥រូប ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើដៃអនុម័ត នៅវេលាម៉ោងជិត ៩:00នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយទុកជាការប្រញាប់។
       

ប្រធានក្រុមអ្នកតំណាងរាស្ត្រហត្ថលេខី ឯឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានថ្លែងថា ច្បាប់នេះស្របតាមគោលការណ៍នីតិរដ្ឋ ដើម្បីលើកម្ពស់ស្មារតីបង្រួបបង្រួមជាតិ ក៏ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ យើងខ្ញុំទាំងអស់គ្នាដែលជាតំណាងរាស្ត្រហត្ថលេខីទាំងចំនួន ៨៧រូប របស់គណបក្សប្រជាជនកម្ពុជា ដែលបានផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់នេះឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ យល់ឃើញថា ច្បាប់ស្តីពីគណបក្សនយោ បាយ ចាំបាច់ត្រូវធ្វើវិសោធនកម្មបន្ថែម ដោយត្រូវថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់នីតិសម្បទាឡើងវិញចំពោះអ្នកនយោបាយ ដែលត្រូវបានតុលាការកំពូលសម្រេច ការហាមឃាត់ការធ្វើសកម្មភាពនយោបាយតាមអំណាចសាលដីកា ហើយដែលអ្នក នយោបាយទាំងនោះ មិនបានធ្វើសកម្មភាពណាមួយប្រឆាំងនឹងផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមិនធ្វើឱ្យប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ និងសន្តិសុខជាតិ។

ឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានបន្តថា ស្មារតីមាត្រា ៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ  ត្រូវបានធ្វើវិសោធនកម្ម ដោយបញ្ចូលនូវកថាខណ្ឌទី៣ ដែលមានខ្លឹមសារថា៖  “បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោ បាយណាមួយ ឬឈរឈ្មោះឱ្យគេបោះឆ្នោត ធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ ច្បាប់នេះ បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
         

សូមបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ត្រូវបានធ្វើវិសោធនកម្ម ២លើករួចមកហើយ ដែលលើកទី១ នៅខែមិនា ឆ្នាំ២០១៧ និងលើកទី២ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។ ការធ្វើវិសោធនកម្មនាពេលកន្លងមក ត្រូវបានធ្វើឡើងដើម្បីពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់គណបក្សនយោបាយ ស្របតាមការវិវត្តរបស់សង្គមកម្ពុជា ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមឧត្តមានុភាពជាអន្តរជាតិ ព្រមទាំងដើម្បីពង្រឹងសន្តិសុខជាតិ ឯករាជ្យជាតិ និងអធិបតេយ្យជាតិ៕

ដោយ ប៉ាល់ សុង