កិច្ច​ពិភាក្សាលើការងារអភិវឌ្ឍន៍ផលិតផលទូរស័ព្ទចល័តខ្មែរ Camfone

AKP ភ្នំពេញ ថ្ងៃទី​១៣ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ –ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា​ កាលពី​ថ្ងៃពុធ ៥កើត​ ខែ​មិគសិរ​ ឆ្នាំ​ច សំរឹទ្ធិស័ក ព.. ២៥៦២ ត្រូវនឹង​ថ្ងៃទី១២ ខែធ្ន ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក ហេង ផេង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខេមហ្វូន (Camfone) ចូលជួបសម្តែងការគួរសម ដើម្បីពិភាក្សាការងារ​អភិវឌ្ឍន៍ផលិតផលទូរស័ព្ទចល័ត Camfone ដែលជាផលិតផលរបស់ខ្មែរ​ សំដៅឆ្លើយតបនឹងតម្រូវការនៃទីផ្សារបច្ចុប្បន្ន​ និងអនាគត។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រី​បានផ្តល់អនុសាសន៍មួយចំនួនទាក់ទងនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០​ និងបានស្នើក្រុមហ៊ុនខេមហ្វូន ចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នានា ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ដើម្បី​ឈ្វេងយល់ពីតម្រូវការរបស់អតិថិជន និងស្វែងរកដៃគូវិនិយោគសម្រាប់ពង្រីកអាជីវកម្ម។

ជាមួយ​គ្នា​នេះដែរ ឯកឧត្តមរដ្ឋមន្ត្រី​ក៏បានលើកឡើងពីគោលដៅរបស់យុទ្ធសាស្ត្រចតុកោណ​ ដំណាក់កាលទី៤ និងការគាំទ្រជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យឯកជន តាមរយ:ការបន្តពង្រឹងអភិបាលកិច្ចល្អ និងថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

លោក ហេង ផេង នាយ​ក​គ្រប់គ្រង​ទូទៅ​ បានជម្រាបជូន​ ឯកឧត្តមរដ្ឋមន្ត្រី អំពីសាវតា​ និងវឌ្ឍនភាពរបស់ក្រុមហ៊ុនខេមហ្វូន ព្រមទាំងផលិតផលដែលក្រុមហ៊ុនបាននិងកំពុងចែកចាយនៅលើ​ទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ទូរស័ព្ទចល័ត Camfoneទូរស័ព្ទចល័តចិន Meizuពិល វិទ្យុទូរទស្សន៍ជញ្ជីងថ្លឹងអេឡិចត្រូនិកឧបករណ៍​វាស់កម្តៅខ្លួន កម្តៅទឹក និងសម្ពាធឈាម​ ជាដើម។

ទន្ទឹមនឹង​នេះ​ លោកនាយកក៏បានស្នើសុំការ​គាំទ្របន្ថែមពីឯកឧត្តមរដ្ឋមន្ត្រី​ ដើម្បីអភិវឌ្ឍន៍ផលិតផលទូរស័ព្ទចល័ត Camfone របស់ខ្មែរ​ ឱ្យ​កាន់តែទំនើប អាចដើរទាន់ការប្រកួតប្រជែង និងបំពេញបាននូវតម្រូវការរបស់អតិថិជនទាំងពេលបច្ចុប្បន្ន និងអនាគត ជាពិសេសអតិថិជនក្នុងប្រទេស។

លើសពីនេះទៀត​ តំណាងក្រុមហ៊ុន​ Camfone បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកអនុសាសន៍ល្អៗ និងបានផ្តល់ទូរស័ព្ទដៃចំនួន ០៣គ្រឿង ជាមួយថ្មសាក សម្រាប់​កម្មវិធីចាប់រង្វាន់​នៃពិធីពិសាអាហារសាមគ្គី​ ក្នុងពេលបិទសន្និបាតប្រចាំឆ្នាំ​របស់ក្រសួងពាណិជ្ជកម្ម ដែលគ្រោងនឹងរៀបចំនៅរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ

ដោយ​ ទេស ច័ន្ទសុធារី​

រូបថត៖ (ប្រភពពីក្រសួង​ពាណិជ្ជកម្ម)