សម្ដេចតេជោនាយករដ្ឋមន្ត្រី ជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសិក្សាពី​ការកំណត់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករសំណង់ កសិកម្ម និងសេវា

AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសិក្សាពី​ការ​កំណត់​ប្រា​ក់​ឈ្នួលអប្បបរមាដល់កម្មករសំណង់ កសិកម្ម  និងសេវា។ល។ ទៅតាមការស្នើ​សុំរបស់សហ​ជី​ព​​មួយចំនួនក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូនោះ។

 ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួនជាង ១៧​៦០០នាក់ ម​ក​ពីរោងចក្រ សហគ្រាសចំនួន ២៣ ក្នុងខេត្តកំពង់ស្ពឺ  នាព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំ​​រឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុក​សំ​រោ​ងទង ខេត្តកំពង់ស្ពឺ សម្ដេចតេជោមានប្រសាសន៍ដោយស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារ ពិចារ​ណា​អំពីសំណើរបស់បណ្ដាសហជីព ដែលបាដាក់ញតិស្នើសុំកាលពីថ្ងៃទី១០ធ្នូ ក្នុងទិវាសិទ្ធិ​ម​នុ​ស្ស​កន្លទៅថា គួរឱ្យកំណត់ថ្លៃឈ្នួលអប្បបរមាទៅលើកម្មករសំណង់។ ដូច្នេះយើងត្រូវពិនិត្យ​មើល​ថាតើគួរត្រូវបានកំណត់លើវិស័យណាខ្លះ ព្រោះកន្លងទៅយើងបានកំណត់​តែក្នុងវិស័យ​កា​​ត់ដេរ និងដេរស្បែកជើងតែប៉ុណ្ណោះ។ ​អីចឹងយើងគួរតែកំណត់ទៅក្នុងវិស័យផ្សេងទៀត ដើ​ម្បី​ធានាថាប្រទេសរបស់យើង អ្នកធ្វើការយើងត្រូវដឹងពីចំណូល ហើយចៀសវាងនូវការកេង​ប្រ​វ័ញ្ចកម្លាំងពលកម្ម។

សម្ដេចថ្លែងថា «បញ្ហានេះសហជីពបានជួយគិតគូរលើរឿងនេះ សម្រាប់​អ្ន​ក​ដែលធ្វើសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។ យើងមិនទាន់បានកំណត់ប្រាក់ឈ្នួលអប្បបរមា​ក្នុងវិស័យ​សំ​ណ​ង់ យើងមិនទាន់បានកំណត់ប្រាក់ឈ្នួលក្នុងការដ្ឋានវិស័យកសិកម្ម យើមិនទាន់បាន​កំណ​ត់​ប្រាក់ឈ្នួលក្នុងវិស័យសេវា និងអ្នកបម្រើតាមផ្ទះនោះទេ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ផ្ដាំទៅជនរួមជាតិ​យើង​មេត្តាអាណិតអាសូរដល់អ្នកដែលបម្រើតាមផ្ទះ ពិសេសកុមារ កុំវាយធ្វើបាប ដែលជា​រឿ​ង​​អគុណធម៌នោះ។ នៅក្នុងពិធីនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ប​ង្ហា​​ញ​ពី​ស​ក្តា​នុពល នៃផ្លូវជាតិលេខ៤ ដែលពេលនេះ មានរោងចក្រសហគ្រាសជាច្រើន ដែលវិនិ​យោ​គ​ពីបរទេស និងបានកំពុងផ្តល់ការងារដល់ពលរដ្ឋ កម្ពុជាជាច្រើនផង​ដែរ​។ បច្ចុប្បន្នកា​រធ្វើ​ដំ​ណើរតាមផ្លូវជាតិលេខ៤នេះ ក៏មិនត្រូវបានបង់លុយ ដូចការពីមុនទៀតដោយរដ្ឋបាន​ដក​សិ​ទ្ធិ​គ្រប់គ្រងផ្លូវជាតិលេខ៤ ពីក្រុមហ៊ុនឯកជនវិញ ដែលនេះជា ការកាត់បន្ថយការ​ចំណាយ​របស់​ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងងាយស្រួលសម្រាប់ អ្នកវិនិយោគ និងពាណិជ្ជករ​នៅ​តាម​ផ្លូវជាតិលេខ៤ផងដែរ។

សម្តេចតេជោមានប្រសាសន៍ផងដែរថា នៅឆ្នាំ២០១៩ ខាងមុខ​នេះ ប្រាក់ខែរបស់កម្មករ កម្មការិនីនឹងដំឡើងដល់ ១៨២ ដុល្លារអាម៉េរិក ហើយត្រូវ​បាន​អនុវ​ត្តន៍ការ​បើកប្រាក់ក្នុងមួយខែពីរដង។ ជាមួយគ្នានេះ សម្តេច ក៏បានស្នើឱ្យម្ចាស់រោងចក្រ​ត្រូវមាន​កា​រគោរពស្រឡាញ់ គិតគូរ និងយកចិត្តទុក្ខដាក់ឱ្យបានដិតដល់ចំពោះកម្មករ ហើយកម្មក​រវិ​ញ​ត្រូវខិតខំបំពេញតួនាទី ការងារឱ្យបានល្អត្រឡប់​ទៅវិញ​ដើម្បីបង្កើតបានជាសាមគ្គីភាព​រវា​ង​​​ម្ចាស់រោងចក្រ និងកម្មករ៕

ដោយ ជឹម ណារី