ក្រសួងសេដ្ឋកិច្ច ផ្សព្វផ្សាយកម្រងសម្រង់បទបញ្ញត្តិច្បាប់សំខាន់ៗ ទាក់ទងសមត្ថកិច្ច ក្នុងការកែទម្រង់ និងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

AKP ភ្នំពេញ ថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០១៨ — ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកម្មវិធីបើកសិក្ខាសាលាផ្សព្វផ្សាយកម្រងសម្រង់​បទបញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោល​ដៅ ដើម្បីឆ្លើយតបនឹងដំណើរវិវត្តន៍នៃលិខិតបទដ្ឋានគតិយុត្ត​និងតម្រូវការការងាររបស់​តួអង្គ​ប្រតិបត្តិករ សម្រាប់ក្លាយជាឧបករណ៍ការងារគាំទ្រដល់ការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញ វត្ថុសាធារណៈ ក៏ដូច​ជាអាចជាឧបករណ៍ការងារជួយដល់​ការងារ​កែទ​ម្រង់​ផ្សេងៗទៀត​​។ សិក្ខា​សាលានេះ ធ្វើឡើង កាលពីព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ​ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេ​ខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា នៅក្នុងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបាន អនុវត្តន៍​​ដំណាក់កាលទី១ តាំងពីឆ្នាំ២០០៥ រហូតមកដល់ដំណាក់កាលទី៣នេះ ក្រសួងសេដ្ឋ កិច្ច ​និងហិរញ្ញវត្ថុបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់បន្តទៀតលើការពង្រឹង និងចូល រួមចំណែកអនុវត្តន៍គាំទ្រ «អភិបាលកិច្ចល្អ» ដែលយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ នៅតែចារិកទុកជាស្នូល និងត្រូវបង្កើនល្បឿនបន្ថែមទៀត ដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្ត កំណើនការងារ សមធម៌ ប្រសិទ្ធភាព​​ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុ​វិស័យកម្ពុជា​ឆ្នាំ២០៥០របស់រាជរដ្ឋាភិបាល។ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តយុទ្ធសាស្ដ្រចតុកោណទាំង ៣ ដំណាក់កាលកន្លង មក បានផ្ដល់ផលជាការផ្លាស់ប្ដូរស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាព ប្រជាជនឱ្យកាន់តែប្រសើរឡើង, ទាំង​ខាងសម្ភារ និងទាំងស្មារតី, តាមរយៈកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព សមធម៌ បរិយា​ប័ន្ន និង​ធន់​នឹង​វិបត្តិ ដោយ​វឌ្ឍនភាពនេះ ក៏​មិន​អាច​ខ្វះ​បាន​នូវការពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ។ ឯកឧត្តម​បាន​បន្ដ​ថា ក្នុងនាម​​​សេនាធិការរបស់រាជរដ្ឋាភិបាល​ក្នុង​បេសកកម្ម​ដឹក​នាំ និងគ្រប់​គ្រង​ការងារ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុជាតិ,​ ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ ​មានភារកិច្ចដឹកនាំ​ការរក្សា​វិន័យ​​​ហិរញ្ញវត្ថុសាធារ​ណៈ ​និង​ការគោរពច្បាប់ហិរញ្ញវត្ថុ​ ក្នុងគោលដៅធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុ​សាធារណៈ​ទាំង​មូល​​​​ប្រកាន់​​​​​ខ្ជាប់​នូវគោលការណ៍​គ្រឹះ​​នៃអភិបាលកិច្ច​ល្អ ក្នុងវិស័យ​​ហិរញ្ញវត្ថុ​សាធារណៈ ស្រប​តាម​​​ច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​។ ឯកឧត្តមបានបន្ថែមថា ដើម្បី​បង្កើនល្បឿននៃអភិបាលកិច្ចល្អ ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំពុង​ខិតខំបង្កើត ក៏ដូចជាធ្វើបច្ចុប្បន្នកម្មឧបករណ៍​កិច្ចការគតិយុត្ត ដើម្បីធ្វើជាឧបករណ៍ក្នុងការ​បំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត​សភាចារ្យ បានបន្ដទៀត​ថា ការបង្កើតជាកម្រងសម្រង់នេះឡើង គឺពិត​ជាពុំមែនជាការចៃដន្យនោះទេ តែសមិទ្ធផលនេះ គឺជាឧបករណ៍ការងារដ៏គន្លឹះមួយ សំដៅ​ចូល​រួមចំណែកពង្រឹងនីតិរដ្ឋ និងពង្រីកវប្បធម៌នៃការគោរពច្បាប់ផង និយាយជារួម ព្រមទាំង រួមចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការជាអ្នកប្រតិបត្តិ ផ្ទាល់ទាំងឡាយ ក្នុងការពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចនិងសមត្ថភាពស្ថាប័ន នៅក្នុងការ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ ​ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ចូលរួម​ឱ្យ​បាន​សកម្មក្នុងការផ្តល់មតិកែលម្អ និងស្ថាបនាសមិទ្ធផល​នេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំង​ផ្នែកទម្រង់ និងខ្លឹមសារ សំដៅឆ្លើយតបឱ្យចំនឹងសេចក្តីត្រូវការជាក់ស្តែង ក្នុងការពង្រឹង​អភិបាលកិច្ចល្អ និងសមត្ថភាពស្ថាប័ន ដែលជាអាទិភាពគោលនយោបាយរបស់រាជ​រដ្ឋាភិ​បាល៕

ដោយ ខឹម សុវណ្ណារ៉ា