​ឯកអគ្គរដ្ឋ​ទូត ​នៃ​​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ ប្រជាមានិត​ឡាវ​ថ្មី​ ​​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម​ Amphay ​KINDAVONG ​ឯកអគ្គរដ្ឋ​ទូត ​នៃ​​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ ប្រជាមានិត​ឡាវ​ថ្មី​ ប្រចាំ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ នា​រសៀលថ្ងៃអង្គារ​​ ៤កើត​ ​​ខែ​​មិគសិរ ​ឆ្នាំ​ច​​​ សំរឹទ្ធិ​ស័ក ​​ព.ស​​​២៥៦២​ ត្រូវ​នឹង​ទី១១​ ខែធ្នូ​ ​​ឆ្នាំ២០១៨​នៅ​វិមាន​មិត្តភាព​។ នេះបើយោងតាមប្រភពពីក្រសួងការពារជាតិ។

 ឯកឧត្តម​ Amphay​ KINDAVONG ​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​​ខ្ពស់​​ចំពោះ​ការ​​វិវត្ត​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ​ពិសេស​ការ​ផ្សា​ភ្ជាប់​និង​ការ​រឹត​ចំណង​មិត្តភាព ​សាមគ្គី​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​នៃព្រទេសទាំង​ពីរ​ ឡាវ​​ និង​​កម្ពុជា​។​ ឯកឧត្តម ​ឯកអគ្គរដ្ឋ​ទូត ​បាន​ស្នើ​សុំ​ដល់​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ បន្ត​ជួយ​សហការ​ ​និង​​សម្រប​សម្រួល​ដល់​ស្ថាន​ឯក​អគ្គរដ្ឋ​ទូត​ឡាវ ​និង​អនុព័ន្ធ​យោធា​ឡាវ​ ប្រចាំ​នៅ​កម្ពុជា​។​

នាឱកាសនោះ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​បញ្ជាក់​ថា ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​និងកងយោធពលខេមរភូមិន្ទ ​បាន​​ត្រៀម​ខ្លួន​ស្រេច​ក្នុង​ការ​បន្ត​ជួយ​សហការ​ និង​សម្រប​សម្រួល​ដល់​ការ​ងារ​ស្ថាន​ឯក​អគ្គរដ្ឋ​ទូត​ឡាវ​ និង​អនុព័ន្ធ​យោធា​ឡាវ​ប្រចាំ​នៅ​កម្ពុជា​។​ សម្តេច​បាន​លើក​ឡើង​ថា​ ​នៅ​ចុង​ខែ​ធ្នូ​នេះ​ដែរ​ ​នឹង​មាន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង​បី​គឺ កម្ពុជា​ វៀតណាម និង​ឡាវ​ នៅ​រាជធានី​ភ្នំពេញ ​ហើយ​យើង​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ និង​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​គ្នា​ដោយ​សន្តិវិធី ​ដើម្បី​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​របស់​ប្រជាជាតិ​ទាំង​បី។​

ជាមួយគ្នានោះ សម្តេច​​ពិជ័យ​​សេនា ​​ទៀ បាញ់ ក៏​បាន​អញ្ជើញ​ឯកឧត្តម​ ឯក​អគ្គរដ្ឋ​ទូត​ឡាវ ​និង​អនុព័ន្ធ​យោធា​ឡាវ ​ចូល​រួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​​២០​ឆ្នាំ​ នៃ​នយោបាយ​ឈ្នះ!ឈ្នះ! ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ​ដែល​បាន​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ខាង​មុខ​នេះ​ផង​ដែរ​៕

​ ដោយ សាយ សុន (រូបថត៖ក្រសួងការពារជាតិ)