ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យកម្មករ កម្មការិនី នៅមន្ទីរសាធារណការ និងក្រុមហ៊ុនស៊ីនទ្រី ត្រូវបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់សោភណភាព ក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យបងប្អូនកម្មករ កម្មការិនី អនាម័យ បរិស្ថាន និងសាធារណការ ឱ្យខិតខំបំពេញការងាររបស់ខ្លួន ឱ្យកាន់តែ សកម្មខ្លាំង ក្លាបន្ថែមទៀត ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង ប្រកបដោយសុខដុមរមនា របស់ប្រជាពលរដ្ឋ។

ឯកឧត្ដម ឃួង ស្រេង បានស្នើដល់កម្មករ កម្មការិនី នៅមន្ទីរសាធារណការរាជធានី  និងក្រុមហ៊ុនស៊ីនទ្រីបែបនេះ ក្នុងឱកាសដែលឯកឧត្តមចូលរួមក្នុងពិធីចែក អំណោយ សប្បុរសធម៌ ជាសម្ភារ និងថវិកា កាលពីព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ និងមានការអញ្ជើញចូលរួមផងដែរពី សំណាក់លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី និងប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា បញ្ហាអនាម័យ បរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក បរិមាណសំរាមដែល ប្រមូលបានមានចំនួនរហូតដល់ ៨.៣២១តោន កើនឡើងចំនួន ២.០២៥តោន ស្មើនឹង៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ ដើម្បីគ្រប់គ្រងសំរាមទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំចាត់តែងកម្លាំងបុគ្គលិក កម្មករ គ្រប់ផ្នែក សរុបចំនួន២.២៦៥នាក់ ដើម្បីធ្វើការប្រមូល វេចខ្ចប់ ដឹកជញ្ជូនសំរាម លាងសម្អាតផ្លូវ កម្រាលថ្មម៉ាត និងថែទាំងសួនច្បារក្រោយពេលបញ្ចប់កម្មវិធីរៀងរាល់ថ្ងៃ។ ការងារនេះ អាជ្ញាធរមូលដ្ឋាន និងបងប្អូនកម្មករ កម្មការិនី បានលះបង់ពេលវេលា សម្រាកពេលយប់ ដើម្បីបំពេញការងារបានទាន់ពេលវេលា ធ្វើឱ្យបញ្ហាអនាម័យ បរិស្ថានមានភាពល្អ ប្រសើរជាងបណ្តាឆ្នាំកន្លងមក និងទទួលបានការគាំទ្រលើកទឹកចិត្ត ពីសំណាក់បងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្ដមបន្ដថា  ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់បងប្អូនបុគ្គលិក កម្មករអនាម័យ បរិស្ថាន និងសាធារណការកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល បានផ្តល់ អំណោយមនុស្សធម៌ ដើម្បីចែកជូនបងប្អូនកម្មករ កម្មការិនី ដែលមកពីមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញចំនួន៤៥៩នាក់ និងក្រុមហ៊ុនស៊ីនទ្រី ចំនួន១.៨០៦នាក់ សរុបទាំងអស់ចំនួន ២.២៦៥នាក់​។ តាមរយៈអំណោយដ៏ថ្លៃថ្លានេះ អាចជួយសម្រាល ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី បានមួយកម្រិត និងជាការលើក ទឹកចិត្តដ៏ធំធេងដល់បងប្អូនកម្មករ កម្មការិនី ដែលឱ្យខិតខំបំពេញការងាររបស់ខ្លួន ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រងថែមទៀត។


លោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បាននាំនូវបណ្តាំសាកសួរ សុខទុក្ខ នឹករលឹក ការអាណិតស្រឡាញ់ ជាមួយនឹងមនោសច្ចេតនា ស្រឡាញ់រាប់អាន ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនចំពោះ បងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលបានបំពេញតួនាទី អនាម័យ បរិស្ថាន សម្រាប់រាជធានី ក៏ដូចជាថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញទាំងអស់ផងដែរ៕

ដោយ សួស សំរិត