សម្តេចប្រធានព្រឹទ្ធសភា  អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឈីលី ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ — សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យឯកឧត្តម គ្រីស្ទាន រ៉េរ៉េន បាហ្គេតតូ (Christian Rehren Bargetto)  ឯកអគ្គរដ្ឋ ទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឈីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូល ជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។


ឯកឧត្តម គ្រីស្ទាន រ៉េរ៉េន បាហ្គេតតូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេច​ប្រធាន​ព្រឹទ្ធសភា ដែលបានចំណាយ​ពេល​វេលា​ដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តមចូល​ជួប​សម្តែង​ការ​គួរ​សមនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមបាន  សម្តែងនូវសេចក្តីរីករាយ ដែលបានមកបំពេញបេសកកម្មការទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា នាពេលខាងមុខ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងព្រឹទ្ធសភានៃសាធារណរដ្ឋឈីលី នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងគ្នា ព្រមទាំងមានការផ្លាស់ប្តូរ បទ ពិសោធន៍គ្នាទៅវិញទៅមកលើមុខងារនីតិកម្ម មុខងារតំណាង និងមុខងារត្រួតពិនិត្យ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបញ្ជាក់ជូនសម្តេចប្រធានព្រឹទ្ធសភាថា នៅថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៩ ខាងមុខនេះ គណៈប្រតិភូសភានៃសាធារណរដ្ឋ​ឈីលី ចំនួន០៦ រូប នឹងមកចូលរួមក្នុងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ដែលធ្វើឡើងនៅខេត្ត សៀមរាប ប្រទេសកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការអបអរសាទរជូនចំពោះឯកឧត្តម ដែលត្រូវបានរដ្ឋាភិបាលនៃសាធារ​ណ​រដ្ឋឈីលី តែងតាំងជាឯក​អគ្គរដ្ឋ​ទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋឈីលីប្រ​ចាំ​ព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា មាន​ជំនឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា នឹងបានរួម ចំណែកក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងអង្គការនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងទៅអនាគតឱ្យ​រីកចម្រើន ជាបន្តបន្ទាប់។

សម្តេចវិបុលសេនាភក្ដីបានបញ្ជាក់ថា ប្រទេសកម្ពុជាមានសត្តានុពលខាងវិស័យ​ទេសចរណ៍ និងធនធានធម្មជាតិ ហើយតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត នឹងជួយជំរុញអ្នក​វិនិយោគ និងអ្នកទេសចរ ឱ្យមកវិនិយោគ និងទស្សនកិច្ចនៅប្រទេសកម្ពុជាកាន់ តែច្រើន ថែមទៀត។

ក្នុងនាមព្រឹទ្ធសភានៃព្រះ​រាជាណាចក្រកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានប្រកាស ត្រៀម​ខ្លួន ​នឹងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ​ដើម្បី​រួមចំណែក ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ក្នុងពេល​បច្ចុប្បន្ន និងទៅអនាគត។

សម្តេចវិបុលសេនាភក្ដីក៏បានជំរុញ និងចង់ឱ្យមានទំនាក់ទំនងល្អរវាងអង្គការនីតិប្ប​ញ្ញតិ្ត នៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងសមាជិកសភា និងមន្ត្រីសភា​នៃប្រទេសទាំងពីរ។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត       សម្តេចប្រធានព្រឹទ្ធសភា ក៏បានផ្តាំ ផ្ញើនូវការគោរព និងការសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំកំពូលគ្រប់ថ្នាក់ គ្រប់ផ្នែករបស់ប្រទេស ឈីលី និងបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត ឱ្យទទួល​បានជោគជ័យ​ក្នុងការបំ​ពេញ​​បេស​ក កម្មនៅព្រះរាជាណាចក្រ​កម្ពុជា៕

ដោយ ប៊ុន រិទ្ធ