ក្រុមបាល់បោះអាស៊ីអឺរ៉ុប យកឈ្នះក្រុមខេត្តសៀមរាបដោយពិន្ទុ៤៨-៤៣ ថ្ងៃបើកឆាក ការប្រកួតជើងឯកថ្នាក់ជាតិ ២០១៨

AKP ភ្នំពេញ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ — ក្រុមបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ផ្នែកបុរសបានយកឈ្នះលើក្រុមសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដោយលទ្ធផលពិន្ទុ ៤៨ទល់៤៣ ខណៈ ក្រុមអាស៊ីរឺរ៉ុប​ផ្នែកនារីប្រកួតចាញ់ ក្រុម Blue ដោយលទ្ធផលបច្ចេកទេស ២៦ទល់៤៤ នាថ្ងៃបើកឆាក កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៃព្រឹត្តិការណ៍កីឡាបាល់បោះ ជ្រើសរើសជើង​ឯកថ្នាក់ជាតិ អាយុក្រោម២៣ឆ្នាំ ប្រចាំឆ្នាំ២០១៨ ក្រោមការរៀបចំពីសហព័ន្ធ កីឡាបាល់ បោះកម្ពុជា។

 លោក ពៅ ហុក គ្រូកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប គូសបញ្ជាក់ថា នេះគឺការប្រកួត វគ្គសន្សំពិន្ទុដំបូង ដែលការទទួលបាននូវជ័យជម្នះមួយប្រកួតនេះជាការលើកកម្ពស់ទឹកចិត្តឱ្យ កីឡាករខិតខំនៅប្រកួតបន្តបន្ទាប់ទៀត ដោយធ្វើយ៉ាងណាត្រូវខិតខំឱ្យបានឡើងទៅប្រកួត បន្តឆ្លងផុតពូលជាមុនសិន ដើម្បីត្រៀមការប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ ព្រ័ត។ សម្រាប់វិញ្ញាសាបាល់បោះបុរស មាន៨ក្រុមចូលរួម ដែលចែកចេញជា២ពូល ក្នុង​១ពូលៗមាន៤ក្រុមស្មើៗគ្នា ហើយក្រុមអាស៊ីអឺរ៉ុបនៅក្នុងពូល B ជាមួយ៣ក្រុមផ្សេងទៀត គឺ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា, ក្រុមវិទ្យាល័យហ៊ុនសែន-ប៊ុនរ៉ានីផ្សារដើមថ្កូវ និងវិទ្យា​ល័យហ៊ុនសែន តាខ្មៅ​ ខេត្តកណ្តាល។ ចំពោះក្រុមបាល់បោះអាស៊ីអឺរ៉ុបផ្នែកនារី ដែលចាញ់ នៅក្នុង១ប្រកួតដំបូងនេះនឹងត្រូវបន្ត នៅវគ្គសន្សំពិន្ទុ៣ប្រកួតផ្សេងទៀតជាមួយក្រុមក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាមួយក្រុមសហគមន៍កីឡា ស្រុកស្វាយអន្ទរ និងជាមួយក្រុម Eagle ខេត្តកណ្តាល។


ចំណែកឯ លោក កៅ កាន់ណាលី អគ្គលេខាធិការ សហព័ន្ធកីឡាបាល់បោះកម្ពុជា បានបង្ហាញលទ្ធផល ប្រកួតកាលពីថ្ងៃទី១១ ខែធ្នូម្សិលមិញថា ក្រៅពី២ប្រកួត ដែលបាន​បញ្ចប់ការប្រកួតពេញម៉ោង គឺគណៈកម្មការបានរកឃើញ៤ប្រកួតផ្សេង ទៀតដែរ ដែលក្រុម​ខេត្តស្វាយរៀងប្រកួតចាញ់ក្រសួងសេដ្ឋកិច្ច ក្នុងពិន្ទុ ៣៤ទល់៦២ ខណៈក្រុមវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានីផ្សារដើមផ្កូវ ប្រកួតចាញ់ក្រុមវិទ្យាល័យហ៊ុនសែនតាខ្មៅខេត្តកណ្តាល ១២ ទល់៦០។ រីឯក្រុម បាល់បោះនារីក្រសួងសេដ្ឋកិច្ច បានឈ្នះពិន្ទុដាច់ឆ្ងាយជាមួយ សហគមន៍ កីឡាស្រុកស្វាយអន្ទរ ៧៥ទល់១០ ស្របពេលដែលក្រុមខេត្តពោធិ៍សាត់ប្រកួតចាញ់ក្រុម Conquistador ដោយលទ្ធផលពិន្ទុ ៣៩ទល់នឹង៤៩៕

ដោយ ហេង ណាលីន