ខេត្តបាត់ដំបង បើកសិក្ខាសាលាស្តីពី កិច្ចពិគ្រោះយោបល់ទីផ្សារផលិតផលកសិកម្ម

AKP បាត់ដំបង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨  — នៅថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី កិច្ចពិគ្រោះយោបល់ទីផ្សារផលិតផលកសិកម្ម រវាង សហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្ម នៅសាលាប្រជុំសាលាខេត្តបាត់ដំបង។
កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ(Rice-SDP) ដែលទទួលបានកម្ចីពី ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្រមទាំងជំនួយឥតសំណងពីកម្មវិធីសន្តិសុខស្បៀង កសិកម្ម(GAFSP) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលថវិកាទាំងនេះ ត្រូវបានបែងចែកឱ្យប្រើប្រាស់ និងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន ភ្នាក់ងារអនុវត្តន៍ចំនួន៦ ក្នុងនោះមានក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងខេត្តចំនួន៣ មាន ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តព្រៃវែង ដោយឡែកខេត្តបាត់ដំបង មានស្រុកគោលដៅចំនួន៤ គឺ ស្រុកបវេល ថ្មគោល មោងឫស្សី និងស្រុករុក្ខគិរី។ឯកឧត្តម ងួន រតន: មានប្រសាសន៍នៅក្នុងអង្គសិក្ខាសាលាថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តសូមធ្វើការគាំទ្រទាំងស្រុងដែលបានធ្វើកម្មវិធីនេះឡើង ដើម្បីឱ្យមន្ទីរជំនាញ នានាពិភាក្សាពិគ្រោះយោបល់ជាមួយប្រធានសហគមន៍កសិកម្ម ដែលមកពីមូលដ្ឋាននៅតាម ស្រុកគោលដៅក្នុងខេត្ត។ គម្រោង Rice-SDP ជាគម្រោងមួយកំពុងសាកល្បងដោយបាន កិច្ចសហការចូលរួមជាមួយក្រសួងជំនាញពាក់ព័ន្ធនានាអនុវត្តន៍កន្លងមកទើបគម្រោងនេះសម្រេចបានជោគជ័យ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា សិក្ខាសាលានេះបានធ្វើឡើងដើម្បីជជែកគ្នារវាង តំណាងសហគមន៍កសិកម្មជាមួយនិងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធ ផ្លាស់ប្តូរយោបល់គ្នា រកគន្លឹះ ធ្វើយ៉ាងណាដើម្បីទទួលជោគជ័យ និងការផលិតស្រូវឱ្យបានច្រើន ដោយសហការជា មួយដៃ គូពាណិជ្ជកម្មជំរុញការនាំចេញអង្ករតាមរយ:ក្រុមហ៊ុននានា ដើម្បីបង្កើនសេដ្ឋកិច្ច គ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិយើងផងដែរ៕

ដោយ ណយ នឿន​(ប្រភពរដ្ឋបាលសាលាខេត្ត)