ក្រុមប្រឹក្សាសកម្មភាពជនពិការ ស្នើឱ្យសាលារាជធានីជួយរៀបចំនូវខឿនផ្លូវសាធារណៈ ឱ្យមានកម្ពស់ស្មើគ្នា ដើម្បីងាយស្រួលដល់ជនពិការភាពក្នុងការធ្វើដំណើរ

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ — ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសំណូមពរដល់សាលារាជធានីភ្នំពេញ ស្នើធ្វើយ៉ាងណារៀបចំខឿនផ្លូវឱ្យមានកម្ពស់ស្មើគ្នា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការ ធ្វើដំណើររបស់ជនពិការភាព។ នេះជាការលើកឡើងរបស់អគ្គលេខាធិការ នៃអគ្គលេខា ធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី “ការកសាងសេចក្តីព្រាងផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៩-២០២៣”  ដែល មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ។
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការ បានលើកឡើងកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះថា នៅប្រទេសកម្ពុជាយើង ជាពិសេសនៅក្នុងរាជធានីភ្នំពេញ កន្លែងដើរមានសភាពទាបខ្ពស់ៗកុំថាឡើយបងប្អូនដែល មានពិការភាពគាត់ធ្វើ ដំណើរតាម រទេះទៅ ឬតាមឈើច្រត់មានការលំបាក សូម្បីតែសាធារណៈជនទូទៅក៏មានការលំបាកដែរ។

ឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏សូមថ្លែងអំណរគុណ ដល់ក្រសួងធម្មការ និងសាសនា ដែលបានដឹកនាំការងារជួយនៅតាមវត្តអារាមមាន ការកសាងផ្លូវជម្រាលឡើងព្រះវិហារសម្រាប់ជនមានពិការភាព ហើយឯកឧត្តមក៏សូមកោត សរសើរផងដែរដល់ព្រលាន​យន្តហោះទាំងបីរបស់កម្ពុជាយើងដែលបានលុបចោលស្ទើរទាំង​ស្រុង​នូវការយកកម្រៃលើកដាក់ជនពិការបន្ថែម ពេលដែលគាត់ធ្វើដំណើរតាមយន្តហោះ និងបានធ្វើផ្លូវជម្រាលសម្រាប់ជនមានពិការភាពជិះរទេះ។

ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឈ្លាសវៃ សម្តេចបានលើកស្ទួយ វិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនមានពិការភាព គ្មានការរើសអើងទទួល បានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព រួមទាំងជំរុញឱ្យជនមាន ពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គ​ម ទាំងការទៅចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោត ការទទួលបានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលបញ្ហាពិការភាពក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាព ទៅគ្រប់ក្រសួង ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រា​ប់ជនមានពិការភាពគ្រប់រូបនៅកម្ពុជា។

ជាងនេះទៀត ដើម្បីធានាដល់ការធ្វើបរិយាប័ន្ននិងសមភាពសម្រាប់ជនមានពិការភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០១៤-២០១៨ ដែលបានអនុវត្តន៍ប្រកបដោយជោគជ័យភាព និងត្រៀមបន្តកសាងផែនការយុទ្ធសាស្ត្រ ជាតិស្តីពីពិការភាព២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ្ច និងរើសអើងលើជនមានពិការភាព ធ្វើយ៉ាងណាឱ្យជនមានពិការភាពកាន់ តែទទួលបាននូវការគាំទ្រពីសង្គម ទទួលបានការយកចិត្តទុកដាក់ស្របតាមច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិ និងមានសិទ្ធិស្មើគ្នា និងផ្តល់ឱកាសដល់ជនមានពិការភាព ប្រើប្រាស់ភាសាលើកទឹកចិត្តដោយមិនអនុញ្ញាតឱ្យប្រើពាក្យអសុរស ក្នុងន័យប្រមាថមាក់​ងាយ និងរើសអើងជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលគិតក្នុងឆ្នាំ២០១៨នេះ ជនមានពិការ ភាពបានចូលបម្រើការងារនៅតាមក្រសួងស្ថាប័ន អង្គភាពនានាសរុបចំនួន ២.៨៣៩នាក់ ស្ត្រីមានពិការភាពចំនួន៧៥៦នាក់ ក្នុងនោះពិការកម្រិតធ្ងន់មានចំនួន ១.៤៧៨នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន២នាក់ មានចំនួនសរុប ៤.៤៧១នាក់ ស្មើនឹង ១,៩៣ ភាគរយ។ បច្ចុប្បន្ននេះទៀតគ្រប់ក្រសួង ស្ថាប័នរដ្ឋ កំពុងជ្រើសរើសឱ្យគ្រប់តាមអត្រាកំណត់ចំនួន ២ភាគរយ នៅក្នុងឆ្នាំ២០១៩។ ក្រៅពីនេះជនមានពិការភាពក្រីក្រនៅតាមសហគមន៍ចំនួន ៨.៧០០នាក់ និងកំពុងទទួលនូវផលប្រយោជន៍តាមរយៈការអនុវត្តការផ្តល់របបគោល នយោបាយ ដើម្បីចូលរួមចំណែកអនុវត្តន៍យុទ្ធសាស្រ្តជាតិ និងគោលនយោបាយ ជាតិនានាទាក់ទិននឹងការកាត់បន្ថយភាពក្រីក្រ។ទន្ទឹមនេះ លើផ្នែកសុខភាពសាធារណៈ ក្រសួងសុខាភិបាល បានពង្រីកសកម្មភាពពិនិត្យ ព្យាបាល ជំងឺដល់ជនមានពិការភាព និង ចាស់ជរា ដែលមានជីវភាពលំបាក គ្មានទីពឹង ដោយឥតគិតថ្លៃ និងផ្តល់សេវា ស្តារលទ្ធភាព ពលកម្មនៅតាមសហគមន៍ ដើម្បីរួមចំណែកជួយដល់ជនមានពិការភាពក្រីក្រ លើកកម្ពស់ ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាពពលកម្មកាយសម្បទា ការបណ្តុះបណ្តាល វិជ្ជាជីវៈនិងមុខរបរ ជាពិសេសសម្រាប់ជនពិការគ-ថ្លង់ និងជនពិការភ្នែក ក៏ត្រូវបានអភិវឌ្ឍន៍ផងដែរដូចជា៖ ការហាត់រៀនភាសាអក្សរស្ទាប ភាសាសញ្ញា ត្រូវបានបង្កើតឡើងដោយដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា នៃវិស័យអប់រំព័ត៌មានវិទ្យា និងតាមស្ថានីយទូរទស្សន៍នានា ដើម្បីបម្រើឱ្យការផ្តល់ព័ត៌មានជូនជន មានពិការភាពផងដែរ៕

ដោយ ប៉ាល់ សុង