អភិបាលខេត្តព្រះសីហុនុព្រមានចាត់វិធានការរាល់ការដ្ឋានសំណង់ មិនគោរពតាមលក្ខណៈបទដ្ឋានបច្ចេកទេស

AKP ព្រះសីហនុ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ –ក្នុងកិច្ចប្រជុំនារសៀលថ្ងៃអង្គារ ៤កើត ខែមិគសិរ  ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការព្រមានដល់ម្ចាស់ការដ្ឋានសំណង់ណាមិនគោរពតាមបទដ្ឋានបច្ចេកទេស និងការណែនាំរបស់រដ្ឋបាល ក្រុង ខេត្តព្រះសីហនុ ធ្វើប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណ នឹងចាត់វិធានការតាមផ្លួវច្បាប់ និងឈានដល់បិទការដ្ឋានតែម្តង ។

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា  កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការអប់រំ ណែនាំដល់ម្ចាស់ការដ្ឋានសំណង់តូច ធំក្នុងក្រុងជាបន្តបន្ទាប់ តែមានម្ចាស់ការដ្ឋានសំណង់ខ្លះមិនបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដែលបង្កឱ្យមានផលប៉ះពាល់សោភណភាព បរិ ស្ថានយ៉ាងធ្ងន់ធ្ង ។ រដ្ឋបាលខេត្តទុកពេលឱ្យម្ចាស់កាដ្ឋានទាំងអស់នៅក្នុងខេត្ត ត្រូវទុកដាក់សម្ភារសំណង់នានា ដូចជាខ្សាច់ ថ្ម ឥដ្ឋ ដែក ស៊ីម៉ង់ត៍ ឱ្យបានត្រឹមត្រូវ ។ ហាមយកចិញ្ចើមផ្លូវ ទីសាធារណ: ធ្វើកន្លែងស្នាក់នៅរបស់កម្មករ ។ ត្រូវហ៊ុមទ្ធការដ្ឋានសំណង់ តាមលក្ខណបច្ចេកទេស ដើម្បីការពារសុវត្ថិភាព ចៀសវាងការបង្កគ្រោះថ្នាក់ដោយយថាហេតុម្យ៉ាងទៀតការជូនដំណឹងនេះរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្រោយការបរិច្ឆេទ ក្រុមការងាររបស់រដ្ឋបាលខេត្ត នឹងចុះអនុវត្តន៍ ដោយគ្មានការយោគយល់ ។
 

ឯកឧត្តម យន្ត មីន ក៏បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនសំណង់មួយចំនួន ដែលបានរៀបចំគ្រប់គ្រងការដ្ឋានសំណង់របស់ខ្លួនបានល្អប្រសើរ ចំណែកក្រុមហ៊ុនសំណង់ផ្សេងទៀត ត្រូវអនុវត្តន៍តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីធានាសោភណភាព បរិស្ថានទីក្រុងទេសចរណ៍ ៕

ដោយ ងូ សុមុនី