រង្វង់មូលស្រអែម កសាងដាក់រូបសំណាកកុបុរ:ទី៥ នៃប្រាង្គប្រាសាទព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ –រង្វង់មូលស្រអែម ត្រូវបានរៀបចំធ្វើពិធីបញ្ចុះបឋមសិលាដើម្បីកសាងរូបសំណាកប្រាសាទកុបុរៈទី៥ នៃប្រាង្គប្រាសាទព្រះវិហារ ក្រោមអតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ  ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្តព្រះវិហារជាច្រើនរូបផងដែរ ។ កម្មវិធីនេះប្រារព្ធឡើងនារសៀលថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងទីប្រជុំជនភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា ការសាងសង់រង្វង់មូលរូបសំណាកកុបុរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមានការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្រ្តី មាស សុភា ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងសប្បុរសជននានាផងដែរ ។ ទាំងនេះជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ បន្ទាប់ពីផ្លូវភ្លោះ និង បុស្បុកលោកតាសួង ដែលមាន ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្តដឹកនាំក្នុងការកសាងឡើង ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ក៏បានបញ្ជាក់បន្ថែមថា ការសាងសង់រង្វង់មូលស្រអែមនេះ នឹងត្រូវសាងសង់ឱ្យរួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីទទួលភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះវិហារ ជាពិសេសគឺប្រាសាទព្រះវិហារនេះតែម្តង។ ចំពោះការសាងសង់រូបសំណាក់កុបុរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុងផងដែរ ៕

ដោយ ទិត ស្រ៊