ខេត្តកំពង់ស្ពឺរៀបចំទឹកធ្លាក់៧ជាន់ ឬទឹកធ្លាក់ជ្រាវឱ្យក្លាយជារមណីយដ្ឋានអេកូទេសចរណ៍ថ្មីនៅស្រុកថ្ពង

AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ –មន្ទីរទេសចរណ៍ខេត្តរួមនឹងអាជ្ញាធរស្រុកថ្ពង រៀបចំបង្កើតតំបន់រមណីដ្ឋានអេកូទេសចរណ៍ទឹកធ្លាក់៧ជាន់ ឬទឹកធ្លាក់ជ្រាវក្នុងពេលខាងមុខនេះ ដើម្បីដាក់បង្ហាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅក្នុងខេត្តកំពង់ស្ពឺ។

លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPឱ្យដឹងកាលពីថ្ងៃអង្គារ ០៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក . ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ថា សមិទ្ធផលបែបវប្បធម៌ធម្មជាតិរួមមានត្រពាំងបឹងតេ ទឹកធ្លាក់ជាច្រើនដំណាក់ ល្អាងថ្មធំៗ ប្រភពព្រៃឈើមានវ័យចំណាស់ជាដើម។ ជាសមិទ្ធផលទេសចរណ៍ដែលខេត្តកំពង់ស្ពឺមាន ដូចនេះត្រូវតែរួមគ្នាថែរក្សានិងងភិរក្សទុក ព្រោះនេះជាធនធានសម្បត្តិធម្មជាតិនៅសេសសល់ចុងក្រោយ​ក្នុងខេត្តកំពង់ស្ពឺ។

ោក សុខ ភា បង្ហាញថា សក្តានុពលបែបវប្បធម៌ធម្មជាតិ និងប្រវត្តិសាស្ត្រនេះ យើងបៀបចំជារមណីដ្ឋានអេកូទេសចរណ៍ ដើម្បីជួយបង្វែអ្នកស្រុកនៅតំបន់នេះឱ្យងាកមកលក់ដូរចំណីអាហារ វត្ថុអនុស្សារវីយ៍ជូនភ្ញៀវទេសចរវិញ ចៀសវាងចូលព្រៃកាប់ឈើ បរបាញ់សត្វព្រៃ ។ នៅពេលអនាគតតំបន់នេះអាជ្ញាធរពាកព័ន្ធនឹងរៀបចំជាកន្លែងផលិតផលទាក់ទាញភ្ញៀវទេសចរមួយថ្មី​ឱ្យក្លាយទៅជារមណីដ្ឋានបែបវប្បធម៌ធម្មជាតិនិងប្រវត្តិសាស្ត្រ។

លោក ជាម ឈួន សមាជិកសមាគមនៅភូមិតាំងសំរោង ឃុំអមលាំង បានគាំទ្រចំពោះការដាក់តំបន់ទឹកធ្លាក់ជ្រាវជាតំបន់អេកូទេសចរណ៍ ព្រោះប្រជាពលរដ្ឋយើងក៏ចង់ឱ្យមានការអភិវឌ្ឍដែរ ដើម្បីធ្វើឱ្យភូមិ ឃុំ មានតំបន់អេកូទេសចរណ៍ មានភ្ញៀវទេសចរមកលេងច្រើនអ៊ូរ អរ ម៉្យាងទៀតដីព្រៃដែលយើងអភិរក្ស និងអាចឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ថា ជាដើមឈើទាល ស្រឡនាងនួន ដើមបេងជាដើម  បើសិនជាយើងមិនបានថែរក្សាទេ ព្រៃឈើនឹងអស់ ហើយក្មេងៗជំនាន់ក្រោយមិនបានស្គាល់ព្រៃឈើនោះផងដែរទេ។

គួរបញ្ជាក់ថា ទឹកធ្លាក់៧ដំណាក់ មានព្រៃប្រឹក្សាបៃតងខ្ចី និងសំឡេងសត្វយំ​ប្រគុំជាតន្ត្រីធម្មជាតិ លាយឡំសូរទឹកហូរឈូៗ ឥតឈប់ឈរ គឺជាភាពទាក់ទាញបែបធម្មជាតិនៃទឹកធ្លាក់ជ្រាវ ដែលមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីក្រុងច្បារមន​ ទីរួមខេត្តកំពង់ស្ពឺ ។ ទឹកធ្លាក់ជ្រាវស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាទឹកធ្លាក់ជម្រាលច្រើនដំណាក់ អំណោយផលដល់ការងូតទឹកលេងកម្សាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ជាទីកម្សាន្តគាប់ចិត្តរបស់ភ្ញៀវទេសចរដែលប្រាថ្នាដើរកម្សាន្តបែបធម្មជាតិ

ដោយ លឹម សាន្ត