អភិបាលខេត្តកំពង់ស្ពឺជំរុញឱ្យប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធចូលរួមធ្វើអនាម័យជាប្រចាំ

AKP កំពង់ស្ពឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់AKPឱ្យដឹង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះថា បញ្ហាអនាម័យគឺជាបញ្ហាដែលរដ្ឋបាលខេត្តកំពង់ស្ពឺយកចិត្តទុកដាក់ ហើយ បានជំរុញឱ្យប្រជាពលរដ្ឋ អាជ្ញាធរដែនដី  និងអ្នកពាក់ព័ន្ធចូលរួមពង្រឹងការងារគ្រប់គ្រង និងដំណោះស្រាយឱ្យបានសមស្រប ដើម្បីរក្សាបាននូវអនាម័យល្អនិងការ រស់នៅដោយមានចីរភាព។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា សព្វថ្ងៃខេត្តកំពង់ស្ពឺមានបញ្ហាប្រឈមជាច្រើន ហើយដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះគឺរដ្ឋបាលខេត្តបានស្នើដល់ប្រជាពលរដ្ឋម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន សាលារៀននិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវ ចាត់វិធានការ អនាម័យនៅតាមទីសាធារណៈជាប្រចាំដោយត្រូវប្រមូលសំរាមតាមដងផ្លូវ ច្រាំង ស្ទឹង សូនច្បារ ទីផ្សារ រោងចក្រ សាលារៀន ជាដើមត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ អាជ្ញាធរត្រូវធ្វើចលនាសិស្សានុសិស្សនិងប្រជាពលរដ្ឋចូលរួមធ្វើអនាម័យឱ្យបានគ្រប់គ្នានិងគ្រប់ពេលវេលាជាប្រចាំ។

បច្ចុប្បន្នដោយសារការខិតខំរបស់រដ្ឋបាលខេត្តជាជំហានៗប្រជាពលរដ្ឋ សិស្សានុ សិស្ស ពិសេសអង្គភាពស្ថាប័នគ្រឹះស្ថាន សាធារណៈនិងអ្នកពាក់ព័ន្ធផ្សេងៗទៀត បានគាំទ្រ ហើយបានជំរុញឱ្យខេត្តមួយនេះមានអនាម័យល្អ និងធ្វើឱ្យប្រជាពលរដ្ឋរបស់យើងរស់នៅ ក្នុងបរិស្ថានល្អ៕

ដោយ លឹម សាន្ត