ខេត្តក្រចេះប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ ” យើងរួមគ្នាបញ្ចប់មេរោគអេដស៍នៅឆ្នាំ២០២៥

AKP ក្រចេះ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ — ខេត្តក្រចេះបានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ ធ្នូ ឆ្នាំ២០១៨ ក្រោម ប្រធានបទ យើងប្តេជ្ញារួមគ្នាបញ្ចប់មេរោគអេដស៍ នៅឆ្នាំ២០២៥ កាលពីថ្ងៃអង្គារ៤ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។      ពិធីនេះធ្វើឡើងនៅបរិវេណវត្តអូរឫស្សីសង្កាត់អូរឫស្សី ក្រុងក្រចេះ ដោយមានការ អញ្ជើញចូលរួមពីឯកឧត្តម ជា ប៉ោ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ និង លោកស្រី ប៊ន សុភី អភិបាលរងខេត្តក្រចេះ អ្នករស់នៅជាមួយមេរោគអេដស៍ និងសិស្ស និស្សិតប្រមាណជាង ២០០នាក់។

ក្នុងសុទ្ទរកថាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អានដោយ លោកស្រី ប៊ន សុភី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា ការងារប្រយុទ្ធទប់ស្កាត់ ការរាលដាល និងស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០១៨ បង្ហាញថា កម្ពុជាបានកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មី រហូតទៅ ៥០ភាគរយ គិតចាប់តាំងពីឆ្នាំ ២០១១ មក ហើយអ្នកជំងឺ៩៥ភាគរយ ដែលកំពុងតែត្រូវបានទទួលការព្យាបាល នេះជាលទ្ធ ផលធ្វើឱ្យអត្រាមរណភាពដោយសារជំងឺ អេដស៍បន្តធ្លាក់ចុះជារៀងរាល់ឆ្នាំនៅកម្ពុជា។

នៅក្នុងសុន្ទរកថាបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងបន្តថែរក្សាភាពជោគជ័យរបស់ វិស័យសុខាភិបាលលើការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ កាត់បន្ថយ ការឈឺ និងស្លាប់ដោយសារជំងឺឆ្លងនានា ដូចជាជំងឺអេដស៍ គ្រុនចាញ់ របេងការប្រើប្រាស់ និងពង្រីកមូលនិធិសមធម៌សុខាភិបាលសម្រាប់ប្រជាជនក្រីក្រនិងរបបសន្តិសុខសង្គម ផ្នែកថែ ទាំសុខភាពឱ្យកាន់តែទូលំទូលាយជូនប្រជាជន។ ដូច្នេះយើងទាំងអស់គ្នាត្រូវ បន្តការថែរក្សា នូវចីរភាព ជោគជ័យដែលយើងទទួលបាននាពេលនេះ និងបន្តឈានទៅសម្រេច ឱ្យបាននូវ ការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។

ឯកឧត្តម ជា ប៉ោ  អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានមាន ប្រសាសន៍ថា យោងតាមប្រព័ន្ធតាមដានការរាលដាលមេរោគអេដស៍នៅកម្ពុជាចាប់ពី ឆ្នាំ១៩៩៧ មក ឃើញថា ការរីករាលដាលមេរោគអេដស៍បានចាប់ផ្ដើម ធ្លាក់ចុះជាបន្តបន្ទាប់ នៅគ្រប់ក្រុមគោលដៅទាំងអស់ ជាក់ស្ដែងអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណាមប្រជាជនទូទៅ ដែលមានអាយុពី១៥ ដល់៤៩ឆ្នាំ គឺបានធ្លាក់ចុះមកត្រឹម០.៦ភាគរយ ប៉ុណ្ណោះនៅក្នុង ឆ្នាំ២០១៨ នេះ មានន័យថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យ ការរាលដាល មេរោគអេដស៍ប្រកបដោយជោគជ័យ និងដោយក្ដីសង្ឃឹម និងបន្តធ្លាក់ចុះទៀត នៅឆ្នាំ ខាងមុខ។

ឯកឧត្ដមបានឱ្យដឹងថា តាមរយៈការងារមនុស្សធម៌ដែលមិនចេះនឿយហត់ និង មិនចេះរីងស្ងួតរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥសរ្សជនឆ្នើមថ្នាក់ជាតិនៃវេទិកា ភាពជា អ្នកដឹកនាំតំបន់អាស៊ីបាស៊ីហ្វិក ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា អ្នករងគ្រោះ និងអ្នកប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ជាង ៩០ភាគរយ សុទ្ធតែបានទទួលបានការគាំទ្រពីសង្គម តាមគ្រប់រូបភាពដូចជាស្បៀងអាហារជម្រកស្នាក់ នៅការសិក្សា ការថែទាំសុខភាព ការកសាងសមត្ថភាព ការបង្កើតមុខរបរជាដើម៕

ដោយ  ជួន សុជាតិ