សហព័ន្ធកីឡាបាល់បោះកម្ពុជាប្រកាសបើកការប្រកួតកីឡាបាល់បោះជើងឯកថ្នាក់ជាតិ ២០១៨

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ — សហព័ន្ធកីឡាបាល់បោះកម្ពុជាបានប្រកាសបើកការប្រកួតកីឡាបាល់បោះយុវជនអាយុក្រោម ២៣ឆ្នាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិ។


លោក ឈី សម្បត្តិ អនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជាថ្លែងថា ព្រឹត្តិការណ៍នេះ​គឺជាពិធីជួបជុំគ្នារវាងកីឡាករ កីឡាការិនីបាល់បោះ រវាងក្លិប និងក្លិបៗផ្សេងៗទៀត ដើម្បី ផ្លាស់ប្តូរបទពិសោធន៍ បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ និងកលល្បិចរៀងៗខ្លួន ដើម្បីឈានទៅដណ្តើមជ័យជម្នះជាជើងឯក ក្នុងឆ្នាំនេះ ប៉ុន្តែទន្ទឹមនេះលោកបានស្នើសុំ ឱ្យ កីឡាករ កីឡាការិនីគប្បីគោរពបាននូវការគោរពវិន័យ បទបញ្ជាបច្ចេកទេស ការសម្រេចរបស់ អាជ្ញាកណ្តាល ក្រមសីលធម៌ និងកិត្តិយសឱ្យសមស្របជាយុវជនគំរូល្អ។

លោក កៅ កាន់ណាលី អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជាបញ្ជាក់ថា ការ ប្រកួតនេះមាន ក្រុមចូលរួមសរុបចំនួន១៣ក្រុម ក្នុងនោះមានផ្នែកបុរស ៨ក្រុម ចែកជាពីរពូល ដែលក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ នៃពូលទាំងពីរនឹងត្រូវបានឡើងទៅប្រកួតបន្ត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដើម្បីប្រជែងជើងឯក ខណៈផ្នែកបាល់បោះនារី ដែលមាន៥ក្រុមនឹងប្រកួតវិលជុំ ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើង ឯកតែម្តង។ សម្រាប់ប្រាក់រង្វាន់ ជើងឯកពានរង្វាន់១ មេដាយមាស១៥គ្រឿង អមដោយប្រាក់ រង្វាន់ ១.៥០០.០០០រៀល, រងជើងឯក មេដាយប្រាក់១៥គ្រឿងអមដោយដោយប្រាក់រង្វាន់ ១.០០០.០០០រៀល និងលេខ៣ មេដាយសំរឹទ្ធិ១៥គ្រឿង អមដោយទឹកប្រាក់ ៦០០.០០០រៀល។

ចំណែកឯ លោក ពៅ ហុក គ្រូកីឡាក្លិបបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានឱ្យ​ដឹងដែរថា អាស៊ីអឺរ៉ុបបានបញ្ជូនក្រុមចូលរួមប្រជែងមេដាយចំនួន២ក្រុម បុរស-នារី ដោយរំពឹង ថា ក្រុមបាល់បោះផ្នែកបុរស មានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះមេដាយមាស ដោយកាល ពីកន្លងទៅក្រុមបាល់បោះ អាស៊ីអឺរ៉ុប គឺជាក្រុមការពារ ម្ចាស់តំណែងជើងឯករដូវកាលចាស់។ លោកបានបន្ថែមថា នេះគឺជាថ្ងៃទី១ ដែលក្រុមអាស៊ីអឺរ៉ុប បុរសនារីបានជួបប្រកួតជាមួយក្រុម ខ្លាំងៗទាំងពីរតែម្តង ជាពិសេសគឺក្រុមបុរសដែលប្រកួតជាមួយក្រុមខេត្តសៀមរាប ដែលជា ក្រុមខ្លាំង ប៉ុន្តែលោក នៅតែរំពឹងថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អ ដើម្បីប្រជែងពិន្ទុឡើង ទៅវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្តីសង្ឃឹម ៧០ភាគរយ ក្នុងការឈ្នះមេដាយមាសផ្នែកបុរស៕

ដោយ ហេង ណាលីន