ឯកឧត្តម វ៉ាត់ ចំរើន៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយឆ្នាំ២០១៩ នឹងជួយទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើនបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន ព្រឹកថ្ងៃអង្គារទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ លើកទី៤ ប្រចាំឆ្នាំ២០១៩ (4th Angkor Ultra Trail 2019) លើចម្ងាយ១២៨គីឡូម៉ែត្រ ដែលគ្រោងនឹងធ្វើឡើងនៅទី១៩-២០ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះជាមួយនឹងគោលបំណងចម្បងៗមួយចំនួន ក្នុងការពង្រីកការ ផ្សព្វផ្សាយវិស័យកីឡាទេសចរណ៍ឱ្យកាន់តែទាក់ទាញបន្ថែមទៀត។

ឯកឧត្តមបានគូសបញ្ជាក់ថា គោលបំណងចម្បងៗទាំងនេះរួមមាន៖ ទី១សំខាន់​ជាងគេ គឺការផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរ នៅក្នុងតំបន់ទេសរណ៍វប្បធម៌មួយនេះ ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាអនុសាសន៍ណែនាំរបស់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងការរៀបចំទិវាកីឡាទេសចរណ៍ឱ្យកាន់ តែច្រើន និងទាក់ទាញទេសចរណ៍ឱ្យកាន់តែច្រើនជាមួយនឹងព្រឹត្តិការណ៍ដទៃទៀត ដែលគេ ហៅថាជាផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។ ឯកឧត្តមអគ្គលេខាធិការបន្ថែមទៀតថា ប្រសិនបើយើងមិនរៀបចំ ទិវាបែបនេះនោះទេ វានៅតែដដែល និងមិនមានអ្វីថ្មីៗឡើយ ដូច្នេះ Angkor Ultra Trail នេះ គឺជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យ​មកកម្សាន្តនៅ កម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ដែលទិវាកីឡាទេសចរណ៍នេះ បានក្លាយជាមុខងារ ដ៏សំខាន់ជាមួយចរន្តទេសចរណ៍ពិភពលោក ដែលអ្នកទេសចរដែលដើរលេងលើ ពិភពលោក មានប្រមាណពី២០ ទៅ៣០ភាគរយ គឺជាអ្នកទេសចរកីឡា ដែលនៅកម្ពុជា ទើបនឹងចាប់ផ្តើម រៀបចំទិវានេះ និងផ្សព្វផ្សាយផងដែរ។ ក្រៅពីនេះគណៈកម្មការរៀបចំនឹងយកថវិកា ដែល នៅសល់ពីការរៀបចំនឹងយកទៅធ្វើកិច្ចការសប្បុរសធម៌ទៀតផង ជាពិសេសទិវានេះ ក៏នឹង ជួយដល់វិស័យសេដ្ឋកិច្ច នឹងបានផ្តល់សារៈសំខាន់ដល់សេវាកម្មនានារបស់ប្រជាពលរដ្ឋ នៅ ក្នុងតំបន់ ពីព្រោះភ្ញៀវអន្តរជាតិមកស្នាក់នៅរយៈពេលយូរជាង ព្រឹត្តិការណ៍នានា អាចពី ១សប្តាហ៍ទៅ២សប្តាហ៍ជាដើម។

លោក Edouard George ប្រធានក្រុមហ៊ុន  Phoenix Voyages ដែលជាអ្នកសហការ រៀបចំទិវារត់ ប្រណាំងចម្ងាយឆ្ងាយនេះបញ្ជាក់ដែរថាមកដល់ពេលនេះមានកីឡាករ កីឡា ការិនី បានចុះឈ្មោះចូលរួមរត់ ចំនួន១០០០នាក់មកពី ៤២ប្រទេស។ ការប្រកួតនេះ ចែក ចេញជា៤វិញ្ញាសា គឺរត់១៦គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ និង១២៨គីឡូម៉ែត្រ។

សម្រាប់វិញ្ញាសារត់ចម្ងាយ១២៨គីឡូម៉ែត្រ ដែលជាវិញ្ញាសាស្នូលរបស់ ព្រឹត្តិការណ៍ នឹងត្រូវចាប់ផ្តើមរត់នៅពេលព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ និង បញ្ចប់នៅពេលព្រឹកថ្ងៃ បន្ទាប់ ក្នុងរយៈពេល២៤ម៉ោង ដោយត្រូវរត់ទាំងពេលថ្ងៃ និងពេលយប់ និងមានការ សម្រាក ខ្លះៗ៕ដោយ ហេង ណាលីន