ខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំស្តីពី ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យទេសចរណ៍

AKP ព្រះវិហារ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ — រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំស្តីពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ ទេសចរណ៍ រយ:ពេល០៥ឆ្នាំ (២០១៩-២០២៣) ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល និងជាប្រធានគណៈកម្មការខេត្ត នាព្រឹកថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តព្រះវិហារ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការ​ពិនិត្យ​លើ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍ខេត្តព្រះវិហារ រយ:ពេល០៥ឆ្នាំ( ២០១៩-២០២៣ ) ដើម្បី​លើក​ឡើង​ពី​ទស្សនវិស័យ​ សម្រាប់​កិច្ចសហប្រតិបត្តិ​ការ​អភិវឌ្ឍវិស័យ​ទេសចរណ៍​ឆ្ពោះ​ទៅ​រក​ការ​កសាង​ ​ជា​គោលដៅ​ទេសចរណ៍ ប្រកប​ដោយ​គុណភាព កក់ក្តៅ​ដល់​ភ្ញៀវទេសចរ​។
ឯកឧត្តមបន្តថា យើងត្រូវ​សម្រួល​ការ​ធ្វើ​ដំណើរ និង​ពង្រីក​ការ​តភ្ជាប់​ក្នុង និង​ក្រៅ​តំបន់​ ឆ្ពោះ​ទៅ​រក​ការ​បង្កើត វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ សំខាន់ទាក់ទងនិង ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ ផ្នែក​នៃ​សេវា​សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋានតំបន់ ទេសចរណ៍ ព្រមទាំងសេវាផ្សេងៗទៀតជាច្រើន។ឯកឧត្តម បាន​បន្ត​ទៀតថា ចំណែក ​ការ​ពង្រឹង​គុណភាព​ទេសចរណ៍​ ​ដែល​ចំណុច​ ​សម្រួល​សេវា នានា​ដល់​ភ្ញៀវទេសចរ​ឱ្យ​មាន​ស្តង់ដារ ស្តង់ដារ​សណ្ឋាគារ​បៃតង​ ស្តង់ដារ​ទីក្រុង​ស្អាត​ ស្តង់ដារ​ស្ប៉ា ស្តង់ដារ​ផ្ទះ​ស្នាក់​ ស្តង់ដារ​បង្គន់​សាធារណៈ​ និង​ស្តង់ដារ​សហគមន៍​ទេសចរណ៍​។ ខេត្តត្រូវឱ្យ​មាន​ផលិតផល​ទេសចរណ៍​ធម្មជាតិ ទេសចរណ៍​វប្បធម៌ និង​បេតិកភណ្ឌ ទេសចរណ៍​សហគមន៍ឱ្យបានច្រើន ​ថ្មី​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍ ​ឆ្នាំ​(២០១៩-២០២៣)។ ដោយឡែក​ក្រៅពី​ការ​រត់​ឱ្យ​ទាន់​ស្តង់ដារ​នៅក្នុង​តំបន់​ ក៏​មាន​យុទ្ធសាស្ត្រ​នានា​ដាច់​ដោយ​ឡែក​ដើម្បី​រក​គន្លឹះ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ហូរ​ចូល​មក​លេងខេត្តព្រះវិហារ​កាន់តែ​ច្រើន​ផង​ដែរ​។ឯកឧត្តមបញ្ជាក់ថា ខេត្តព្រះវិហារ​យើងសម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌ និង​ធម្មជាតិ​ជាច្រើន​រួច​ស្រាប់​ទៅ​ហើយ ហើយ​យើង​ក៏​បាន​ធ្វើ​អភិរក្ស និង​បន្ថែម​សេវា​ងាយស្រួល​ជាច្រើន​បន្តបន្ទាប់​ផង​ដែរ​។ ប៉ុន្តែ​យ៉ាង​ណា ដើម្បី​បន្ថែម​ចំណីចក្ខុ យើង​ក៏​មាន​គម្រោង​ពិសេសៗ​ជាច្រើន​ផង​ដែរ​នៅពេល​ខាង​មុខ ដូចជា នៅ​តំបន់​ប្រាសាទព្រះវិហារ ប្រាសាទកោះកែរ និង​តំបន់​ទឹកធ្នាក់សុភមិត្តកំពង់ស្រឡៅ​ជាដើម។ នៅពេល​នេះ យើង​កំពុង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឱ្យ​ខេត្តព្រះវិហារ ក្លាយ​ជា​ចំណុច​គោលដៅ​ទេសចរណ៍ ជាមួយ​នឹង​សេវា​ល្អ​បំផុត។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ព្យាយាម​ជំរុញ​ឱ្យ​មាន​ការ​តភ្ជាប់​​ជាមួយគ្នាគ្រប់ទស្សនវិស័យទាំងអស់ ដែលពាក់ព័ន្ធ។

​ឯកឧត្តម បញ្ជាក់ទៀត​ថា នៅក្នុង​ឆ្នាំ​២០១៧ កន្លង​មក​នេះ ខេត្ត​ទទួល​បាន​ទេសចរ ​ប្រមាណ​៤០ម៉ឺន​នាក់ ហើយ​ឆ្នាំ​២០១៨នេះ ទទួល​ប្រមាណជាង៤៦ម៉ឺននាក់។ តាម​ការ​រំពឹង​ទុកខេត្តព្រះវិហារនៅឆ្នាំ២០២៣ ​អាច​នឹង​ទទួល​បានភ្ញៀវទេសចរ​ទ្វេដង៕

ដោយ ទិត ស្រ៊