ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ស្នើឱ្យកីឡាករ កីឡាការិនី ខិតខំអភិរក្ស និងអភិវឌ្ឍន៍បន្ថែម កីឡាគុនល្បុក្កតោ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន សមាជិករដ្ឋសភា និងជាប្រធានសហព័ន្ធកីឡាគុន ល្បុក្កតោកម្ពុជាបានស្នើឱ្យសមាជិកប្រតិបត្តិសហព័ន្ធព្រឹទ្ធាចារ្យ កីឡាករ កីឡាការិនី ព្រមទាំង បណ្តាក្លិបនានាទូទាំងប្រទេសត្រូវបន្តការខិតខំលើការអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡា គុនល្បុក្កតោឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួត សម្តែងនៅ​លើឆាកអន្តរជាតិ ជាពិសេសគឺត្រៀមខ្លួន ក្នុងឋានៈជាប្រភេទកីឡាប្រពៃណីវប្បធម៌របស់ជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ាន ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។ ការលើកឡើងបែបនេះ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍​ការងារឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បានបន្ថែមថា ក្នុងនាមជាម្ចាស់ក្បាច់គុនល្បុក្កតោ ដែល គ្រោងនឹងដាក់ឱ្យប្រកួតនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣នោះ គឺយើងត្រូវធ្វើយ៉ាងណាត្រូវប្រជែង មេដាយមាស ដោយមិនត្រូវឱ្យរបូតមេដាយមាសនោះឡើយ ព្រោះពេលនោះ កម្ពុជាគឺជា​ម្ចាស់ផ្ទះផង និងជាម្ចាស់ក្បាច់គុនប្រពៃណីមួយនេះផង។ ដូច្នេះគ្រប់សមាសភាពពាក់ព័ន្ធ​នៃវិស័យកីឡាគុនល្បុក្កតោ គប្បីត្រូវគិតគូក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីមុខ មាត់ប្រទេស ជាតិផងដែរ។ ឯកឧត្តមបានបន្ដថា នៅក្នុងរបត់ថ្មីនៃការអភិវឌ្ឍវិស័យកីឡានេះដែរ សហព័ន្ធ កីឡាគុនល្បុក្កតោកម្ពុជា ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងចំណោមសហព័ន្ធកីឡាដទៃទៀត និងមិនខ្វះបាននៅក្នុងការដឹកនាំ គ្រប់គ្រង ហើយបន្តការអភិរក្ស និងអភិវឌ្ឍន៍ កីឡាគុន ល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណរបស់ជាតិសាសន៍យើង បន្ទាប់ពីបុព្វបុរសខ្មែរជំនាន់ ដើមឱ្យបានរីកចម្រើន មាននិរន្តរភាព សម្រាប់ទុកជាមរតកបន្តដល់កុលបុត្រកុល ធីតាខ្មែរ ជំនាន់ក្រោយៗទៀត។ បើទោះបីជាការអភិវឌ្ឍប្រភេទកីឡានេះនៅមានកម្រិតយ៉ាងណាក្តី ប៉ន្តែសហ ព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមិនដែលរុញរាក្នុងការបន្តនូវកិច្ចខិតខំប្រឹងប្រែង របស់ ខ្លួន ក្នុងការបំពេញការងារ ទៅមុខទៀត។ឯកឧត្ដមបានបន្ដទៀតថា “យើងកំពុងពង្រីកវិសាលភាពរបស់ប្រភេទកីឡានេះទាំងនៅ ក្នុងប្រទេស ដូចជា​សហការជាមួយក្រសួងការពារជាតិ ក្នុងការរៀបចំចងក្រងក្បាច់គុនកង យោធពលខេមរភូមិន្ទ សម្រាប់កងយោធពលខេមរភូមិន្ទហាត់ហ្វឹកហ្វឺន។ ទន្ទឹមនេះ សហការ ជាមួយ ក្រសួងវប្បធម៌ និងគណៈកម្មាធិការជាតិអូឡាំពិក ក្នុងការរៀបចំឯកសារ ដើម្បីដាក់ បញ្ចូលគុនល្បុក្កតោក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។”ឯកឧត្តមប្រធានសហព័ន្ធបញ្ជាក់ទៀតថា ចំពោះនៅលើឆាកអន្តរជាតិវិញសហព័ន្ធតែងតែ បញ្ជូនមន្ត្រីរបស់ខ្លួន ដើម្បីចូលរួមប្រជុំ និងបញ្ជូនកីឡាករកីឡារិនីចូលរួមការប្រកួតនានា ដែលរៀបចំដោយសម្ព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក (World Martial arts Union) ដែល​មាន៤៤ប្រទេស និង៦១ស្ថាប័នជាសមាជិក ដើម្បីទទួលបាននូវព័ត៌មាន និងចំណេះដឹងថ្មីៗ ក្នុងការអភិវឌ្ឍក្បាច់គុនបុរាណរបស់ខ្មែរឱ្យទាន់ដំណើការវិវត្ដន៍ នៃក្បាច់គុននានាទូទាំងពិភព លោក ជាពិសេសគឺការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោកម្ពុជាទៅលើឆាកអន្តរជាតិទៀតផង។ ជាមួយគ្នានេះ គុនល្បុក្កតោត្រូវបានបង្កើតឱ្យមានសមាជិកនៅក្រៅប្រទេស ដូចជាសហ ព័ន្ធ កីឡាគុនល្បុក្កតោនៅអឺរ៉ុប ដែលមានទីស្នាក់ការនៅបារំាំង និងសមាគមល្បុក្កតោផ្សេងទៀត ដូចជានៅប្រទេសអ៊ីរ៉ង់ តួកគី អូស្ត្រាលី សហរដ្ឋអាមេរិកជាដើម ហើយនៅយើងនឹង ព្យាយាម ពង្រីកបន្ថែមប្រទេសក្នុងតំបន់សម្រាប់​ត្រៀមលក្ខណៈប្រកួតកីឡា​ស៊ីហ្គេមលើកទី៣២ ដែល កម្ពុជាជាម្ចាស់ផ្ទះ។ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានឱ្យដឹងដែរថា សម្រាប់​ទិសដៅការងារបន្ទាប់ ក្នុងឆ្នាំ២០១៩ខាងមុខ គឺសហព័ន្ធកីឡាគុនល្បុក្កតោ​កម្ពុជាមាន​កាតព្វ​កិច្ចធំៗដូចជា ការត្រៀមចុះបញ្ជីគុនល្បុក្កតោទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្ស​ជាតិ​របស់អង្គការយូណេស្កូ, ការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបង្ហាត់កងទ័ព និងបង្ហាត់ ក្នុងមុខវិជ្ជាអប់រំកាយ និងកីឡា និងគោលដៅត្រៀម ខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម ផងដែរ៕

ដោយ ហេង  ណាលីន