អាជ្ញាធរខេត្តសៀមរាបអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាបញ្ចប់បញ្ហាអេជស៍នៅឆ្នាំ២០២៥ តាមផែនការរបស់រដ្ឋាភិបាល

AKP សៀមរាប ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០១៨ — ថ្លែងនៅក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ”យើងបេ្តជ្ញា រួមគ្នាបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥”នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០១៨ នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បើតាមផែន ការ របស់រាជរដ្ឋាភិបាល គឺបានកំណត់នៅត្រឹមឆ្នាំ២០២៥ លុបបំបាត់ឱ្យអស់ការឆ្លងថ្មី​មេរោគ​អេដស៍។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះស្ថាប័នពាក់ព័ន្ធទាំងអស់បានខិតខំប្រឹងប្រែង បំពេញការងារ បម្រើសេវាសុខភាពទាំងការព្យាបាល និងការបង្ការទប់ស្កាត់ជំងឺអេដស៍ ដោយ ធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលសូន្យបី គឺសូន្យការចម្លងថ្មី សូន្យការរើសអើងអ្នកជំងឺ និងអ្នកផ្ទុកមេរោគអេដស៍ សូន្យការស្លាប់ដែលទាក់ទងជំងឺអេដស៍។លោកបានបន្តថា នៅក្នុង ឆ្នាំ២០១៨នេះ តាមរយៈកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មីៗបន្ថែមទៀត ការបង្កើននូវការ ថែទាំព្យាបាល ផ្ដល់ឱសថប្រឆាំងមេរោគអេដស៍ជូនដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ និងបង្កើនការផ្ដល់សេវាថែទាំ គាំទ្រផ្នែកសុខភាព ជីវភាពផ្នែកសង្គមដល់អ្នកងាយរងគ្រោះ ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ ធ្វើឱ្យប្រទេសកម្ពុជាអាចគ្រប់គ្រងស្ថានភាពរាល ដាល មេរោគអេដស៍ និងធ្វើឱ្យអត្រាប្រេវ៉ាឡង់មេរោគអេដស៍កាន់តែធ្លាក់ចុះជាលំដាប់ មក ត្រឹម០.៦ភាគរយ។

លោកអភិបាលរងខេត្ដក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាបញ្ចប់បញ្ហាអេជស៍នៅឆ្នាំ២០២៥ តាមផែនការរបស់រដ្ឋាភិបាល ដោយមជ្ឍដ្ឋាននៅទូទាំងប្រទេស ទាំងស្ថាប័នរដ្ឋ អង្គការ សង្គមស៊ីវិល ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍន៍ ត្រូវជួបជុំគ្នា ចែករំលែកនូវព័ត៌មាន ជំនាញ និងបទពិសោធន៍ថ្មីៗពីប្រសិទ្ធភាពនៃការទប់ស្កាត់ ការរាលដាលមេរោគអេដស៍ ការថែទាំ ព្យា បាល និងការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ប្រកបដោយប្រសិទ្ធ ភាព ផងដែរ។


លោក ក្រុស សារ៉ាត ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឱ្យដឹថា នៅក្នុងខេត្ត សៀមរាប មានអ្នកផ្ទុកមេរោគអេដស៍ជាង៤.០០០នាក់ ក្នុងនោះមានប្រមាណជា៦០០នាក់ ជាកុមារ ហើយបន្ទាប់ពីទទួលបានការព្យាបាលឃើញថា នៅប៉ុន្មាន១០ឆ្នាំចុងក្រោយនេះ អត្រាស្លាប់របស់អ្នកជំងឺអេដស៍ គឺធ្លាក់មកនៅក្នុងកម្រិតទាបបំផុត។ លោកប្រធានមន្ទីររំពឹងថា តាមរយៈនៃភាពជោគជ័យនេះ កម្ពុជានឹងសម្រេចបានតាមផែនការ គឺការបញ្ចប់ការឆ្លង មេរោគអេជស៍ថ្មីនៅឆ្នាំ២០២៥៕

ដោយ ឃុត សៅ