ក្រសួងមុខងារសាធារណៈរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់សេវា សាធារណៈ

AKP កំពង់ធំ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកត្ដិ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

​អង្គសិក្ខាសាលារៀបចំធ្វើឡើងរយៈពេលពីរថ្ងៃ គឺពីថ្ងៃ០៦-០៧ ខែធ្នូឆ្នាំ២០១៨ ដើម្បីពិភាក្សាក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ កំណត់ឱ្យមានភាពច្បាស់លាស់ក្នុងការទំនាក់ទំនងរវាងអ្នកផ្ដល់សេវាសាធារណៈ និងអ្នកប្រើប្រាស់សេវាសាធារណៈ។

ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជាប្រមុខដ៏ឈ្លាសវៃបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ ធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយនិងការរីកចម្រើនលើគ្រប់វិស័យជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ដោយឡែកនៅខេត្តកំពង់ធំក៏បានរួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធាណៈឱ្យកាន់តែមានការវិវឌ្ឍជាវិជ្ជមានក្នុងនោះបទល្មើសព្រហ្មទណ្ឌនៅទូទាំងខេត្តមានការថយចុះ ការបង្ក្រាបបទល្មើសផ្សេងៗដូចជាបទល្មើសធនធានធម្មជាតិមានព្រៃឈើ សត្វព្រៃ ដីព្រៃ ជាពិសេសនៅតំបន់ព្រៃឡង់បទល្មើសមានការថយចុះជាបន្តបន្ទាប់។ ក្រៅពីនេះខេត្តបានយកចិត្តទុក្ខដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋតាមរយៈការផ្ដល់សេវាសាធារណៈ និងសេវាសង្គមកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ គុណភាព តម្លាភាព និងភាពឆ្លើយតបបានឆាប់រហ័ស។

ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន មានប្រសាសន៍ថា តម្រូវការរបស់ប្រជាពលរដ្ឋចំពោះសេវាសាធារណៈកាន់តែមានករកើនឡើ និងមានលក្ខណៈកាន់តែស្មុគស្មាញ ពីមួយ ថ្ងៃទៅមួយថ្ងៃស្របតាមការវិវឌ្ឍ នៃសង្គមជាតិក្រោមម្លប់សន្តិភាពពេញលេញ។ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បញ្ជាក់ថា ដើម្បីឆ្លើយតបនឹងតម្រូវការផ្នែកសេវាសាធារណៈនេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងឯកសារសំខាន់ៗជាច្រើន។ លើសពីនេះទៀតក្នុងក្របខ័ណ្ឌនៃការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥នៃរដ្ឋសភាបានដាក់ចេញនូវចក្ខុវិស័យមួយច្បាស់លាស់ក្នុងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣គឺ“ការកសាងរដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពឆ្លើយតប មានប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុក ចិត្ត ហើយលើកកម្ពស់សេវាវប្បធម៌សេវាសាធារណៈ ឆន្ទៈ ម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈ របស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យនៅជាអ្នកផ្ដល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព និងបម្រើប្រជាជនកាន់តែប្រសើរឡើង”។

ឯកឧត្តមកិត្តិបណ្ឌិតបញ្ជាក់ថា ចក្ខុវិស័យនេះកំពុងត្រូវបានសម្រេចនិងផ្ដល់ផ្លែផ្កាជា  បណ្ដើរៗដែលគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ ប៉ុន្តែក្នុងបរិបទនៃសកល ភាវូនីយកម្ម ការរីកចម្រើននៃបច្ចេកវិទ្យាពត៌មានវិទ្យា និងការវិវឌ្ឍនៃសេដ្ឋកកិច្ចសង្គមជាតិ យើងតម្រូវឱ្យយើងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងជាច្រើនទៀតក្នុនីតិកាលទី៦នៃរដ្ឋសភា។

ឯកឧត្ដម ពេជ្រ ប៊ុនធិន បញ្ជាក់ទៀតថា ដើម្បីសម្រេចនូវចក្ខុវិស័យខាងលើគណៈកម្មាធិកាកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈកម្មវិធីជាតិកែទម្រង់រដ្ឋបបាលសាធារណៈបានកំណត់ទិសដៅសម្រេចគោលបំណងសំខាន់ៗចំនួនបីរួមមាន ទី១សេវាសាធារណៈប្រកប ដោយគុណភាពមានភាពសាមញ្ញ ប្រសិទ្ធភាព ភាពអាចទុកចិត្តបាន ភាពរហ័សឆ្លើយតបទាន់ពេលវរលាទៅនឹងសេចក្តីត្រូវការ មានភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់ ទី២កាគ្រប់គ្រងនិងកាអភិវឌ្ឍមន្ត្រីរាជការស៊ីវិលឱ្យកាន់តែមានសមត្ថភាពស្វាហាប់ ប្រសិទ្ធភាព និងភាពទុកចិត្តក្នុងការផ្ដល់សេវាសាធារណៈដោយប្រកាន់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈ។ ទី៣-ប្រព័ន្ធបៀវត្សរ៍ដែលធានាបាននូវសមធម៌ បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ព្រមទាំងធានាបាននូវសង្គតិភាព រវាងក្របខ័ណ្ឌមន្ត្រីរាការស៊ីវិល និងក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធ៕

ដោយ ស៊ុម វណ្ណា