សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាប្រកប ដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ -បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកនៃទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួមមក នៅរសៀលថ្ងៃទី៦ធ្នូ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ក្នុងដំណើរបន្តអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់រយៈពេល៣ថ្ងៃបន្តទៀត ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ធ្នូ ឆ្នាំ២០១៨។

 

អ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីបានធ្វើដំណើរ  ប្រមាណ១ម៉ោង និង១០នាទី តាមយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះ ហើរ លេខ001 បានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយាន ដ្ឋានអន្តរជាតិ ណូយបៃ ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីវេលាម៉ោង១៦ និង២០នាទី ប្រកបដោយសុវត្ថិភាព ក្រោមវត្តមាននៃការអញ្ជើញបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម Phung Xuan Nha រដ្ឋមន្រ្តីក្រសួងអប់រំ និងបណ្តុះ បណ្តាលវៀតណាម  ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និង ឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ជាច្រើនរូប។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងចាប់ផ្តើមបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុង ហាណូយ នៅព្រឹកថ្ងៃទីោ៧ ខែធ្នូនេះ។ ប្រទេសវៀតណាមគឺជាប្រទេសទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ជ្រើសរើសសម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការ បន្ទាប់ពីសម្តេចតេជោ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា កាលពីដើមខែកញ្ញាកន្លងទៅថ្មីៗនេះ៕

ដោយ ជឹម ណារី