សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រៀបចំពិធីទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត

AKP កំពង់ធំ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ –ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “ អ្នកស្ម័គ្រចិត្តដើម្បីសហគមន៍យើង” នាព្រឹកថ្ងៃពុធ ១៣រោច ខែកត្ដិ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅបរិវេណប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមជាមួយ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា មកពីស្រុកសណ្តាន់ ស្រុកប្រាសាទបល្ល័ង្ក និងស្រុកប្រាសាទសំបូរ ប្រមាណជាង ៤០០នាក់ ក្នុងគោលបំណងដើម្បីជាការដឹងគុណ និងកិច្ចខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលាដើម្បីសកម្មភាពមនុស្សធម៌ ដែលជាផ្នែកមួយនៃការសម្រាលទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម សុខ លូ បានធ្វើការកោតសរសើរដល់ក្មួយៗ សមាជិក សមាជិកា ទាំងអស់ ដែលបានលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត ចូលរួមស្ម័គ្រចិត្ត អស់ពីដួងចិត្តបម្រើការងារដល់សាខាកាកបាទក្រហមកម្ពុជាកន្លងមក។ ឯកឧត្តមបន្ថែមទៀតថា អ្នកស្ម័គ្រចិត្តគឺជាប្រតិ បត្តិករដែលចុះធ្វើសកម្មភាពមុនគេបង្អស់ ដោយធ្វើការងារមនុស្សធម៌ដោយផ្ទាល់ជាមួយអ្នកងាយរងគ្រោះទាំងឡាយ នៅក្នុងសហគមន៍របស់ខ្លួន និងជាអ្នកដែលប្រើជំនាញរបស់ខ្លួន ដោយឈរលើកគោលការណ៍ទាំង ៧ចំណុច របស់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យក្លាយខ្លួន ជាឆ្អឹងខ្នងរបស់ចលនាពិតៗ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា តួនាទីរបស់អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ដែលមានជាអាទិ៍ គឺត្រូវឱ្យមានតំណាងកាកបាទក្រហមកម្ពុជា មាននៅក្នុងសហគមន៍ រៀបចំផែនការ និងអនុវត្តន៍ផែនការ ដើម្បីជួយដល់សហគមន៍ដោយស្ម័គ្រចិត្ត និងមិនទាមទាម្រៃនិងត្រូវផ្តល់ការជួយសង្គ្រោះកើតមាននៅក្នុងភូមិ ត្រូវចេះផ្តល់ការអប់រំសុខភាព ដើម្បីឱ្យមានភាពប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ ប្រមូលព័ត៌មានពីគ្រោះមហន្តរាយ និងព័ត៌មានផ្សេងៗដែលពាក់ព័ន្ធ និងត្រូវបញ្ជូនព័ត៌មានទាំងអស់ទៅអនុសាខាកាកបាទក្រហមកម្ពុជា ដែលនៅជិតបំផុត។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានធ្វើការអំពាវនាវដល់សប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស សូមបន្តជួយផ្តល់អំណោយមនុស្សធម៌ដល់ជនក្រីក្រ ចាស់ជរាគ្មានទីពឹងបន្តទៀត និងសំណូមពរដល់ក្មួយៗ ក៏ដូចជាបងប្អូនទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ។ ឯកឧត្ដសុខ លូ ក៏បានចែកជូនលិខិតសរសើរ ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តផងដែរ៕

ដោយ ស៊ុម វណ្ណា