ឯកអគ្គរាជទូតជប៉ុន៖ ប្រទេសជប៉ុន មានមោទនភាពដែលបានរួមចំណែកបណ្តុះបណ្តាលអ្នក បច្ចេកទេសកម្ពុជាតាមរយៈកិច្ចការជួសជុលប្រាសាទរួមគ្នា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា ប្រទេសជប៉ុន​ពិតជា មានមោទនភាពដែលបានចូលរួមចំណែកបណ្ដុះបណ្ដាលអ្នកបច្ចេកទេសកម្ពុជា​តាម​រយកិច្ចការជួសជុលប្រាសាទរួមគ្នារវាងជប៉ុននិងកម្ពុជានៅក្នុងឧទ្យានប្រវត្ដិសាស្រ្ដអង្គរ ដែល​ មានរយៈពេល២៥កន្លងមកនេះ។ ការលើកឡើងនេះ ធ្វើឡើងតាមរយៈសាររបស់ឯកអគ្គរាជ ទូតជប៉ុន នៅក្នុងឱកាសខួប២៥ឆ្នាំ នៃការបង្កើត ICC-Angkor នាថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០១៨នេះ។

ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្រប សម្រួលអន្តរជាតិសម្រាប់ការការពារ និងអភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្រ្តអង្គរ ICC-Angkor បាន មានប្រសាសន៍សម្តែងនូវអំណរសាទរចំពោះប្រជាជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ក្នុង ឱកាសខួប២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការការពារ និងអភិវឌ្ឍន៍ឧទ្យានប្រវត្តិសាស្រ្តអង្គរ ICC-Angkor។ ឯកឧត្ដមបានបញ្ជាក់ថា ICC-Angkor ត្រូវបានបង្កើតឡើងក្នុងសន្និសីទអន្តររដ្ឋាភិបាលស្តីពីការការពារ និងអភិវឌ្ឍន៍តំបន់រមណីយ ដ្ឋានអង្គរនាឆ្នាំ១៩៩៣នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅពេលនោះ ប្រទេសជប៉ុន​យល់ ឃើញថា ស្ថិរភាព និងការអភិវឌ្ឍតែមួយមុខ គឺមិនគ្រប់គ្រាន់ទេសម្រាប់សន្តិភាព និង សុភមង្គលរបស់ប្រជាជនកម្ពុជានោះទេ គួរតែមានទីពំនាក់ផ្នែកស្មារតីដែលប្រជាជនគ្រប់រូប មានមោទនភាពជាជាតិខ្មែរ។ ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ទៀតថា ប្រទេសជប៉ុន បានចាប់ផ្តើមធ្វើការយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារប្រាសាទអង្គរ។

ជាមួយគ្នានេះ ក្នុងនាមជាមិត្តម្នាក់ ឯកឧត្តមសប្បាយរីករាយដែលឃើញកម្ពុជាសម្រេច បានសន្តិភាពពេញលេញ និងការអភិវឌ្ឍសេដ្ឋកិច្ច ហើយប្រាសាទអង្គរត្រូវបានថែរក្សា និង មានប្រជាជនជាច្រើនបានទស្សនាប្រាសាទទាំងនេះដោយក្តីរីករាយ។  ម្យ៉ាងវិញទៀត ឯកឧត្ដមអាចមើលឃើញធនធានមនុស្សកម្ពុជាដែលធ្លាប់បាត់បង់ កំពុងរីកដុះដាលនៅ តំបន់ប្រាសាទអង្គរនេះផងដែរ។

ក្នុងឱកាសខួប២៥ឆ្នាំនៃICC-Angkor ឯកឧត្តម ឯកអគ្គរាជទូតសង្ឃឹមយ៉ាងមុតមាំថា ប្រាសាទអង្គរជានិមិត្តរូបនៃប្រទេស និងប្រជាជនកម្ពុជា ដែលត្រូវបន្តថែរក្សាឱ្យបានគង់វង្ស ព្រមទាំងបន្តជាស្ពានមិត្តភាពរវាងកម្ពុជា និងបណ្តាប្រទេសជាដៃគូសហការផងដែរ៕

ដោយ អ៊ុន រិទ្ធី