រដ្ឋមន្ត្រីក្រសួងធនធានទឹក ទទួលជួបពិភាក្សាការងារជាមួយ ប្រធានស្ថានតំណាង ADB ថ្មី ប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួប ពិភាក្សាការងារជាមួយ លោកជំទាវ Sunnynia Durrani Jamal ប្រធានស្ថានតំណាង ADB ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី កាលពីរសៀលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។


យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុ និយម បានឱ្យដឹងថា លោកជំទាវ Sunnynia Durrani Jamal ប្រធានស្ថានតំណាង ADBថ្មី បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី លើផែនការការងារថ្មី សហប្រតិបត្តិការរបស់ ADB លើ វិស័យធនធានទឹក និងឧតុនិយម និងការអនុវត្តយុទ្ធសាស្ត្រដៃគូលើវិស័យទឹករបស់ ADB នៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីឆ្នាំ២០១៩តទៅ។

លោកជំទាវ Sunnynia Durrani Jamal បានធ្វើការ កោតសរសើរដល់ ឯកឧត្តម លឹម គានហោ ថាជារដ្ឋមន្ត្រីបច្ចេកទេសលើវិស័យធនធានទឹក និងឧតុនិយម ពោរពេញដោយ បទពិសោធន៍ល្អ គ្រប់ជ្រុងជ្រោយ ក្នុងការដឹកនាំកិច្ចសហប្រតិបត្តិការជាមួយនឹង ADB នាពេលកន្លងមកចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ពេលនេះ សម្រេចបានលទ្ធផលជោគជ័យ។ ក្នុងតួនាទី របស់លោកជំទាវជាប្រធានស្ថានតំណាង ADB ថ្មី នឹងបន្តពង្រឹងជាអតិបរមាលើកិច្ច សហប្រតិបតិ្តការជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រី ធ្វើការសម្រេចឱ្យខាងតែបាននូវសមិទ្ធផលខ្ពស់ លើវិស័យមួយនេះ។


ជាមួយគ្នានោះ ឯកឧត្តម លឹម គានហោ ក៏បានថ្លែងការអរគុណលោកជំទាវ Sunnynia Durrani Jamal ប្រធានស្ថានតំណាង ADB ថ្មី ដែលបានចំណាយពេលដ៏មានតម្លៃ ចូលជួបធ្វើរបាយការណ៍អំពីផែនការការងារ និងយុទ្ធសាស្ត្រថ្មីរបស់ ADB លើវិស័យធនធាន ទឹក និងឧតុនិយម។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា យោងតាមបទពិសោធន៍ដ៏យូរច្រើនឆ្នាំ ជាមួយនឹងស្ថាប័នអន្តរជាតិធំៗជាច្រើនក្នុងពិភពលោក ជាពិសេស លោកជំទាវ ដែលបាន បំពេញការងារជាយូរឆ្នាំក្នុងប្រទេសកាណាដា និងក្នុងទីស្នាក់ការកណ្តាលរបស់ ADB HQ​។ ម៉្យាងទៀតលោកជំទាវ បានធ្វើការជាអ្នកដឹកនាំ និងគ្រប់គ្រងកម្ចីក្នុងកម្រិត២ កោដិដុល្លារអាម៉េរិក និងជំនួយឥតសំណងលើវិស័យបច្ចេកទេសប្រមាណជា ៥០លានដុល្លារ អាម៉េរិកទៀត នៅក្នុងទីស្នាក់ការ កណ្តាលរបស់ ADB HQ មុនពេលដែលលោកជំទាវអញ្ជើញ មកទទួលការជាប្រធាន ADB ប្រចាំប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិថ្មី របស់លោកជំទាវ Sunnynia Durrani Jamal ប្រធានស្ថានតំណាង ADB ថ្មី ប្រចាំប្រទេសកម្ពុជា នឹងសហការ យ៉ាងពេញទំហឹង ធ្វើការអនុវត្តលើផែន ការការងាររយៈពេលវែង លើការគ្រប់គ្រងវិស័យ ធនធានទឹក Long Term Road Map on Water Resources Management 2019-2034 របស់ ក្រសួងធនធានទឹក និងឧតុនិយម ឱ្យទទួលបានជោគជ័យប្រកបដោយផ្លែផ្កាខ្ពស់ និងមានប្រសិទ្ធភាពយូរអង្វែង៕

ដោយ សាយ សុន (រូបថត៖ក្រសួងធនធានទឹក)