អគ្គនាយិកាអង្គការយូណេស្កូអញ្ជើញទស្សនកិច្ចរមណីយដ្ឋានអង្គរ

AKP សៀមរាប ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — លោកជំទាវ Audrey AZOULAY អគ្គនាយិកាអង្គការយូណេស្កូ បានអញ្ជើញធ្វើទស្សន កិច្ចសិក្សាឈ្វេងយល់ តាមការដ្ឋានជួសជុលប្រាសាទនានាមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ការទស្សនកិច្ចឈ្វេងយល់នេះបានធ្វើឡើងស្របពេល ដែលលោកជំទាវបានអញ្ជើញ ចូលរួម ក្នុងកិច្ចប្រជុំប្រារព្ធខួបលើកទី២៥ នៃការបង្កើតគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ និងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ កិច្ចប្រជុំពេញអង្គលើកទី២៥ នៃអាយស៊ីស៊ី-អង្គរ ដែល បានប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៤ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអង្គរ ខេត្តសៀមរាប។

 ដំណើរទស្សនកិច្ចដែលមានការអមដំណើរដោយ លោក ហង់ ពៅ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីមួយចំនួននៃអង្គការយូណេស្កូនេះ ក៏បានធ្វើឡើងរយៈពេល ២ថ្ងៃដែរ ពោលគឺនៅរសៀលថ្ងៃទី៤ លោកជំទាវបានអញ្ជើញទស្សនកិច្ចឈ្វេងយល់ ពីការ ជួសជុលនៅការដ្ឋានមួយចំនួនក្នុងប្រាសាទអង្គរវត្ត ដូចជាការដ្ឋានរបស់ សាកលវិទ្យាល័យ សូហ្វីយ៉ា របស់ប្រទេសជប៉ុន និងការដ្ឋានគម្រោងអភរិក្សអាល្លឺម៉ង់-អប្សរា (GACP) ប្រទេសអាល្លីម៉ង់ ពិសេសគម្រោងអភិរក្ស ជួសជុលរបស់អាជ្ញាធរជាតិអប្សរា នៅអង្គរវត្ត។

ដោយឡែកនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះដែរ  លោកជំទាវបានអញ្ជើញពិនិត្យ ការដ្ឋានជប៉ុន-អប្សរា (JASA) នៅប្រាសាទបាយ័ន ការដ្ឋានរបស់ប្រទេសឥណ្ឌា (ASI) នៅប្រា សាទតាព្រហ្ម និងចុះពិនិត្យការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា នៅប្រាសាទ នាគព័ន្ធ។

នៅក្នុងអំឡុងពេលនៃការទស្សនានៅតាមប្រាង្គប្រាសាទនានានោះ លោកជំទាវ អគ្គនាយិកា និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាក៏បានពិភាក្សា ពន្យល់ទៅលើការងារ គ្រប់គ្រង ការអភិរក្សទូទៅ និងការបណ្តុះបណ្តាលធនធានមនុស្ស។ លើសពីនេះ ទៀតនោះ លោកជំទាវ Audrey AZOULAY ក៏មានចំណាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ ដែលមក ទស្សនាតំបន់អង្គរ ពិសេសគឺមរតកវប្បធម៌អរូបី ដោយបានឈ្វេងយល់ពីប្រពៃណី ទំនៀមទម្លាប់ ប្រាសាទការធ្វើបុណ្យ ការគោរពបូជាព្រះ ការដោះស្បែកជើងពេលដើរ លើប្រាសាទ ដោយសង្កត់ធ្ងន់ថា ចំពោះភ្ញៀវទេសចរខ្មែរ មិនមែនមកទស្សនាតែប្រាសាទទេ គឺមកដើម្បីបានគោរពបូជាព្រះ។ ដូច្នេះអង្គរមិនស្លាប់ទេ គឺនៅតែមានការគោរពបូជាយ៉ាងខ្ជាប់ ខ្ជួនពីប្រជាជនខ្មែរ៕

ដោយ ហង្ស សៀក