អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជំរុញការព្យាបាលស្តារនីតិសម្បទា អ្នក​ញៀនគ្រឿងញៀនឱ្យបានទួលំទូលាយនៅតាមសហគមន៍

AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន និងកំពុងប្រឹងប្រែងយកចិត្តទុកដាក់ ជំរុញបន្ថែមទៀតទៅលើការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឱ្យបាន តែទូលំទូលាយទៅតាម​សហគមន៍មូលដ្ឋាន​នានានៅក្នុងប្រទេសកម្ពុជា និងមានប្រសិទ្ធភាពថែមទៀត។


ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនរយៈ​​ពេល៩ខែ ប្រចាំឆ្នាំ២០១៨ នាថ្ងៃពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នេះនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ អគ្គលេខាធិការរងអាជ្ញាធរ​​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ឯកឧត្តម នាក់ យុទ្ធា បានមានប្រសាសន៍ដោយ​បានជំរុញឱ្យ​ ​អាជ្ញាធរដែនដីគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្នែកពាក់ព័ន្ធទាំងអស់គប្បីត្រូវ​រួមគ្នាបន្តបង្កើនសកម្មភាពលើ ការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយតាមរយៈការធ្វើយ៉ាងណាបង្កើតឡើងនូវមជ្ឈមមណ្ឌលព្យាបាលស្តារនីតិសម្បទានេះមាននៅ​ថ្នាក់ខេត្ត និងនៅតាមមន្ទីរពេទ្យមណ្ឌលសុខភាពសហគមន៍ព្រោះការងារនេះយើងធ្វើបាន​ជោគជ័យនៅក្នុងខេត្តបន្ទាយមានជ័យនេះ។


ឯកឧត្តមបន្តទៀតថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់គប្បីត្រូវបន្តប្រឹងប្រែង ក្នុងការអប់រំ ជំរុញដល់យុវជនដែលញៀនថ្នាំឱ្យពួកគេមានការភ្ញាក់រលឹកចូលទៅព្យាបាលស្តារនីតិសម្បទានៅ​តាមមណ្ឌលសុខ​ភាពសហគមន៍ មន្ទីរពេទ្យ​ដែលមាននៅក្នុងមូលដ្នាន របស់ខ្លួន។


ឯកឧត្តម នាក់ យុទ្ធា បានលើកឡើងទៀតថា ដើម្បីឱ្យការប្រយុទ្ធប្រឆាំងគ្រឿង ញៀនទទួលបានជោគជ័យនោះគ្រប់ភាគីពាក់ព័ន្ធត្រូវតែអនុវត្តន៍ឱ្យបាននូវយុទ្ធសាស្ត្រការពង្រឹងយន្ត​ការត្រួតពិនិត្យគ្រឿងញៀនតាំងពីថ្នាក់ខេត្តស្រុកឃុំ ដោយបន្តពង្រឹងវិធាន ការនានាមានវិធានការអប់រំផ្សព្វផ្សាយវិធានការរដ្ឋបាលវិធានការអនុវត្តន៍ច្បាប់វិធានការព្យាបាលស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀនពង្រឹងយន្តការ និងប្រសិទ្ធភាពការងារ ការិយាល័យទំនាក់ទំនងព្រំដែនដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងកាត់ព្រំ​​ដែន។

លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា នៅក្នុងខេត្តបន្ទាយមានជ័យរយៈពេលកន្លងមកនេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ អង្គការ​សង្គមស៊ីវិលអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋគ្រប់ ស្រទាប់ជាន់ថ្នាក់បានខិតខំប្រឹងប្រែងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀនសហការបង្ការទប់ស្កាត់ ​និងបង្ក្រាបការជួញដូរចរាចរ និងប្រើប្រាស់គ្រឿងញៀនការបន្សាបការព្យាបាលនិងស្តារនីតិ​សម្បទាអ្នកជាប់សារធាតុញៀនក្នុងខេត្តឱ្យមានការថយចុះជាលំដាប់ហើយបានកំពុងបន្ត​សកម្មភាពនេះដើម្បីសង្គមយើង​ជៀសផុតពីគ្រឿងញៀន៕

ដោយ ឈុន សារ៉ាត