ក្រសួងពាណិជ្ជកម្មប្រកាសដាក់បញ្ចូលម្រេច ក្នុងគោលនយោបាយជាតិ ដើម្បីធានា​តម្លៃទីផ្សារ និងការនាំចេញទៅក្រៅប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — មន្រ្ដីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា ក្រសួងកំពុងតែពិនិត្យ និងប្រមូលយក ធាតុចូលចុងក្រោយពីសមាគម និងសហគមន៍ម្រេចនៅទូទាំងប្រទេស ដើម្បីដាក់បញ្ចូលក្នុង​គោលនយោបាយជាតិក្នុងការជួយធានាតម្លៃនៅលើទីផ្សារ សម្រាប់ធ្វើការនាំចេញ។
ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើគោលនយោបាយម្រេចកម្ពុជា កាលពីព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម បានរៀបចំផលិតផលម្រេចឱ្យទៅ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់តម្លៃ​ក្នុង​ការលក់ និងជួយដល់កសិករដាំ​ម្រេចផ្ទាល់ សមាគម និងសហគមន៍ម្រេចនៅតាមមូលដ្ឋាន ជាពិសេស អ្នកធ្វើការក្នុងវិស័យ​ម្រេចឱ្យមានទំនុកចិត្ដក្នុងការចាប់ដៃគូលក់ម្រេចនៅលើទីផ្សារក្នុង និងក្រៅប្រទេស។ ឯកឧត្តមបានបញ្ជាក់ថា មុននឹងរាជរដ្ឋាភិបាលដាក់បញ្ចូលម្រេចក្នុងគោលនយោបាយជាតិ ត្រូវតែមានការពិភាក្សាជាមួយភាគីពាក់ព័ន្ធឱ្យរួចរាល់ជាមុនសិន ដើម្បីឈានទៅធ្វើការរៀប ចំជា​សំណុំដាក់ឆ្លងទៅប្រមុខរាជរដ្ឋាភិបាល ហើយឆ្លងសេចក្ដីសម្រេច និងអនុម័តក្នុងកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្ដី។

ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម នឹងជួយផ្សព្វផ្សាយ ដើររកដៃគូ និងមានការគាំទ្រពីស្ថាប័នជាតិ និងអន្ដរជាតិលើវិស័យម្រេចកម្ពុជា។ ឯកឧត្ដមបានបន្ដថា នៅពេលដែលម្រេចដាក់បញ្ចូលក្នុងគោលនយោបាយជាតិរួចហើយ ផលិតផលម្រេច និងបែប​បទនៃការរៀបចំ វានឹងងាយស្រួល ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ហើយអាចជួយ អភិវឌ្ឍន៍ដល់កសិករអ្នកដាំដុះម្រេច និងម្ចាស់អាជីវកម្មម្រេចនេះបានកាន់តែលឿន។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា គោលនយោបាយម្រេចនេះ កំពុងតែពិភាក្សាជាចុង ក្រោយជាមួយអន្ដរក្រសួង សមាគម សហគមន៍ និងសហព័ន្ធម្រេច ដើម្បីឈានទៅបញ្ចប់ និងប្រមូលយកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ បន្ទាប់មករៀបចំ​ឯកសារដាក់ជូនប្រមុខរាជរដ្ឋាភិ បាលនាពេលឆាប់ៗនេះ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឱ្យដឹងថា ការរៀបចំបង្កើតគោលនយោបាយថ្នាក់ជាតិសម្រាប់ផលិតផលម្រេចនេះគឺបានឆ្លុះបញ្ចាំងពី ការខិតខំប្រឹងប្រែងដោះស្រាយរួមគ្នាលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងពេលអនាគត ដើម្បីប្រមូលនូវធាតុចូល ក្នុងការផ្ដល់នូវឱកាសប្រមូលធាតុចូល កត្ដាប្រឈម និងបង្កើនការ នាំចេញម្រេចនៅលើទីផ្សារ អន្ដរជាតិ ព្រមទាំងលើកកម្ពស់គុណភាពម្រេចកម្ពុជាផងដែរ។ លោកឧកញ៉ាបានស្វាគមន៍ចំពោះការរៀបចំ យន្ដការរបស់រាជរដ្ឋាភិបាលក្នុងការដាក់​បញ្ចូល​ម្រេចក្នុងគោលនយោបាយជាតិ ដែលនឹងជំរុញឱ្យមាន ការនាំចេញម្រេចជាផ្លូវការ ដែល​សហព័ន្ធម្រេច អាចមានឱកាសពិភាក្សារួមគ្នាលើចំណុច ត្រូវដោះ ស្រាយបន្ទាន់ រយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីធានាបាននូវការដោះស្រាយបញ្ហាប្រឈម ឬការនាំចេញ​ម្រេចទៅកាន់ទីផ្សារអន្ដរជាតិឱ្យទទួលជោគជ័យ។

សូមបញ្ជាក់ថា គោលនយោបាយម្រេចនេះ នឹងកំណត់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដើម្បីអនុម័តជាផ្លូវការលើគោលនយោបាយម្រេច មុននឹងយកទៅប្រើប្រាស់​ជាផ្លូវការ ដែលរាជរដ្ឋាភិបាល នឹងចូលរួមជួយជ្រោមជ្រែងលើផលិតផលម្រេចនេះ ឱ្យមាន ទីផ្សារត្រឹមត្រូវ និងលើកកម្ពស់តម្លៃឱ្យមានស្ថិរភាពថែមទៀត៕

ដោយ អ៊ុន រិទ្ធី