ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICAចុះកិច្ចព្រមព្រៀង បន្តជួសជុលក្រុមប្រាសាទ ព្រះពិធូរជំហានទី២ និងលានជល់ដំរី

AKP សៀមរាប ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣១ និងពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ នៅ សណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកតំណាងឱ្យភាគីអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Jeong Yungil នាយកប្រតិបត្តិ ទីភ្នាក់​ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)  តំណាងឱ្យភាគីកូរ៉េ បានចុះអនុស្សរណៈ យោគយល់គ្នា ដើម្បីបន្តជួសជុល អភិរក្សក្រុមប្រាសាទព្រះពិធូរជំហានទី២ រួមនឹងលានជល់​ដំរីនៅក្រុងអង្គរធំ។ការចុះអនុស្សរណៈនេះ ធ្វើឡើងបន្ទាប់ពីការជួសជុលក្រុមប្រាសាទ ព្រះពិធូរជំហានទី១ បានបញ្ចប់ដោយជោគជ័យ ហើយនៅថ្ងៃទី១៦-២១ ខែកញ្ញា ឆ្នាំ២០១៨  ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានចុះមកពិនិត្យមើលការងារបច្ចេកទេស លទ្ធភាពក្នុងការជួសជុល និងប្រមូលផ្តុំព័ត៌មានផ្សេងៗ មុននឹងឈានដល់ការចុះកិច្ចព្រម​ព្រៀងបន្តជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២ និងលានជល់ដំរី។សូមបញ្ជាក់ថា​ គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី២នេះ គឺមានរយៈ ពេល៥ឆ្នាំ ដោយចាប់អនុវត្តការងារពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដែលចំណាយថវិកា សរុប ចំនួន៧លានដុល្លារ។ សម្រាប់ភារកិច្ចសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនេះ គឺអភិរក្សជួសជុល ប្រាសាទជាំ សិក្សាពីចំណុចហានិភ័យខ្ពស់នៅតាមប្រាសាទក្នុងក្រុមប្រាសាទព្រះពិធូរ ជួស ជុលមួយផ្នែកនៅលានជល់ដំរី រួមទាំងផ្តល់សម្ភារក្នុងដំណើរការជួសជុលក្នុងគម្រោង។ បន្ថែម ពីនេះទៀត ភាគីកូរ៉េ ក៏បានបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអភិរក្ស បេតិកភណ្ឌវប្បធម៌ ផងដែរដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរាផងដែរ៕

ដោយ ឃុត សៅ