សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប មានអ្នកស្ម័គ្រចិត្តចំនួន ១.៨១៧នាក់

AKP សៀមរាប ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — បើគិតរហូតមកដល់ឆ្នាំ២០១៨នេះ អ្នកស្ម័គ្រចិត្តរបស់សាខាកាកបាទក្រហម កម្ពុជាខេត្តសៀមរាបបានកើនឡើងរហូតដល់ចំនួន១.៨១៧នាក់ហើយ។ នេះបើយោងតាម របាយការណ៍របស់លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលបានថ្លែងឱ្យដឹងនៅក្នុងទិវាអន្តរជាតិអ្នកស្ម័គ្រចិត្តកាកបាទក្រហម ក្រោមប្រធានបទ អ្នកស្ម័គ្រចិត្តដើម្បីសហគមន៍យើង ដែលបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ​ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិត គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។លោក ស៊ុំ សំអន បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ សាខាបានពង្រីកអ្នកស្ម័គ្រចិត្ត ចំនួន៦២នាក់បន្ថែមទៀតដែលក្នុងនោះមានស្រីចំនួន៣៥នាក់ និងបង្កើតក្រុមកាកបាទ ក្រហមកម្ពុជាឃុំ បានចំនួន៤ក្រុម បង្កើតអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៃ គម្រោងវិជ្ជា សង្រ្គោះបឋមចំនួន៥៤នាក់ ដែលគិតរហូតមកទល់ពេលនេះ សាខាមានអ្នកស្ម័គ្រចិត្តសរុប ១ ៨១៧នាក់ហើយ ដែលក្នុងនោះមានស្រី៩៩៦នាក់។ អ្នកស្ម័គ្រចិត្តទាំងអស់នោះ បានស្ថិតនៅក្នុង៨៣៨ភូមិ នៃ៨៨ឃុំសង្កាត់ ក្នុងក្រុងស្រុកចំនួន៩ដែលស្ថិតក្រោមការ ដឹកនាំរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង/ស្រុក។

លោកជំទាវបណ្ឌិត គួយ ណាលីន មានប្រសាសន៍ថា គោលដៅរបស់កាកបាទ ក្រហមកម្ពុជា គឺបង្ការ និងកាត់បន្ថយទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋ ដោយភាព មិនលំអៀង មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ​អ្វីឡើយ។លោកជំទាវ គួយ ណាលីន ក៏បានធ្វើការសំណូមពរដល់បងប្អូនអ្នកស្ម័គ្រចិត្ត និងយុវជនទាំងអស់ រួមសាមគ្គីគ្នាតាមរយៈការណែនាំរបស់ក្រុមកាកបាទក្រហមសង្កាត់-ឃុំ និងទីប្រឹក្សាយុវជន បន្ដនូវប្រពៃណីនៃសកម្មភាពមនុស្សធម៌ជាបន្ដទៅទៀតនៅក្នុងសហគមន៍ ដែលផ្តោតសំខាន់ទៅលើស្រ្តី និងកុមារ ដល់គ្រួសាររងគ្រោះ ក៏ដូចជាគ្រួសារជនងាយ រងគ្រោះមានជាអាទិ៍ ជនចាស់ជរាគ្មានទីពឹង ជនពិការ អ្នកជំងឺអេដស៍ កុមារកំព្រា ស្រ្តីមេម៉ាយក្រីក្រមានកូនច្រីនក្នុងបន្ទុកជាដើម ក្នុងបុព្វហេតុជួយសម្រាលទុក្ខ លំបាក របស់ពួកគាត់ទាំងឡាយ ក្នុងគោលបំណងរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌ផងដែរ៕

ដោយ ហង្ស សៀក