សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤២ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបញ្ជូនឱ្យគណៈកម្មការជំនាញពិនិត្យ និងសិក្សា

​​AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤២ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណបក្ស នយោបាយ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអនុម័តប្រគល់ឱ្យ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយ ការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ។          កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានេះដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំនេះថា ច្បាប់នេះត្រូវបានតំណាងរាស្ត្រហត្ថលេខីចំនួន ៨៧រូប របស់គណបក្សប្រជាជនកម្ពុជា បានផ្តួចផ្តើមធ្វើឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ តាមរយៈការស្នើសុំរបស់ក្រសួងមហាផ្ទៃ ទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី  ដើម្បីឱ្យនាយករដ្ឋមន្ត្រីស្នើថ្វាយយោបល់ពីព្រះករុណា ព្រះមហាក្សត្រ។ឯកឧត្តម ឈាង វុន  បានបញ្ជាក់ថា សេចក្តីស្នើច្បាប់នេះមានគោលបំណង លើកទឹកចិត្តដល់ពិរុទ្ធជន ជំរុញឱ្យមានការបង្រួបបង្រួមជាតិ។ បានន័យថា វិសោធន​កម្ម​លើ​មាត្រា ៤៥​ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់​បម្រាមមិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ អាចធ្វើ​នយោបាយ​ឡើងវិញ​ តាមរយៈព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ តាមសំណើរបស់​នាយករដ្ឋមន្ត្រី និងតាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​។ ប៉ុន្តែឈ្មោះគណបក្ស សង្គ្រោះជាតិ ដែលបានស្លាប់បាត់ទៅហើយនោះ មិនអាចស្រោចស្រង់ឡើងវិញបានទេ គឺបានចំពោះតែបុគ្គលកែខ្លួនប៉ុណ្ណោះ។

សូមបញ្ជាក់ថា  កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី០៥ ខែធ្នូនេះដែរ ក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ច ជូនទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សា  ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញផងដែរ៕

ដោយ ប៉ាល់  សុង