អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនខេត្តស៊ីឈួន ប្រទេសចិន មកឈ្វេងយល់ពីការវិនិយោគនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាប្រជាជនខេត្តស៊ីឈួន ដឹកនាំដោយឯកឧត្តម Liu Jie អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជន ខេត្តស៊ីឈួន ចូលជួបសវនាការ នៅវិមានព្រឹទ្ធសភា។ក្នុងជំនួបនោះ ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា ដែលបានចំណាយ​ពេល​វេលា​ដ៏មានតម្លៃអនុញ្ញាតឱ្យ​ឯក​ឧត្តមចូល​ជួប​សម្តែង​ការ​គួរ​សមនាពេលនេះ  ឯកឧត្តម Liu Jie បានបញ្ជាក់ជូនថា បេសកកម្មរបស់គណៈប្រតិភូនាពេលនេះ គឺសិក្សាអំពីតម្រូវការនៃគម្រោង របស់សហ គ្រាសនៃខេត្តស៊ីឈួន និងសិក្សាអំពីគម្រោងនៅខេត្តសៀមរាប ដែលមានឈ្មោះថា អាណាចក្រអង្គរ។

ជាមួយគ្នានេះដែរ គណៈប្រតិភូក៏មានបំណង ចង់ពង្រឹងនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តម Liu Jie បន្តថាប្រទេសទាំងពីរមានទំនាក់ទំនង និងមិត្តភាពជា ប្រពៃណីតាំងពីយូរ លង់ណាស់មកហើយ។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនង មិត្តភាព សាមគ្គី និងកិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំថែមទៀត។ បច្ចុ​ប្បន្ន មានសហគ្រាសជាច្រើន មកពីរគ្រប់បណ្តាខេត្ត នៃប្រទេសចិន បានមកធ្វើការវិនិយោគ និងបង្កើនកិច្ចសហ ប្រតិបត្តិការជាមួយនឹង ប្រទេសកម្ពុជា​ ហើយសង្ឃឹមថា នឹងបង្កើតបានជាផ្លែផ្ការវាងខេត្តស៊ីឈួន និងប្រទេស កម្ពុជា ប្រកបដោយភាតរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាការឆ្លើយតបឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានស្វាគមន៍ និងបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិ​ភូនាឱកាសនេះ ពិតជាបានរួមចំណែក លើ​ក​កម្ព​​ស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជន និងប្រ​ទេ​ស​ទាំង​ពីរ ជាពិសេសបានរួមចំណែកដល់ការពង្រឹងពង្រីកកិច្ចសហប្រតិ​បត្តិការរវាងសភាប្រជាជនចិន នៃខេត្តស៊ីឈួន ជាមួយនឹងព្រឹទ្ធសភានៃព្រះរាជា ណាចក្រកម្ពុជាផងដែរ។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានជម្រាបជូនគណៈប្រតិភូថា កាលពីពេលថ្មីៗនេះ    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធ​សភា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជា មានិតចិន តាមការអញ្ជើញរបស់ឯកឧត្តមប្រធាន សភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយ​កាលពីខែកញ្ញាកន្លទៅនេះ ឯកឧត្តមផ្ទាល់ ក៏ត្រូវបានខេត្តស៊ីឈួនអញ្ជើញចូលរួមក្នុងពិធីតាំងពិព័រណ៍អន្តរជាតិចិនតំបន់ភាគខាងលិចលើកទី១៧ និងទស្សនកិច្ចនៅទីក្រុងឈិនទូ ខេត្តស៊ីឈួន ព្រមទាំងបានជួបជាមួយនឹង ថ្នាក់ដឹកនាំជាច្រើនរបស់ខេត្តស៊ីឈួន និងបានជួបឯកឧត្តមប្រធានគណៈប្រតិភូ ព្រមទាំងបានអញ្ជើញគណៈប្រតិភូខេត្តស៊ីឈួនមកបំពេញទស្សនកិច្ចននៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានគូសបញ្ជាក់ថា ខេត្តស៊ីឈួន និងខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា និងមានការហោះហើរត្រង់ពីទី ក្រុងឈិនទូ មកខេត្តសៀមរាប។ ជាមួយគ្នានោះ ខេត្តព្រះសីហនុក៏បានចុះកិច្ចព្រមព្រៀង ជាមួយនឹងខេត្តស៊ីឈួនផងដែរ។ ឯកឧត្តមសង្ឃឹមថា អ្វីដែលជាសំណូមពររបស់ រាជរដ្ឋាភិបាល និងបណ្តាខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចងសម្ព័ន្ធភាព និងការបង្កើនជើងហោះហើរពីខេត្តស៊ីឈួន មកប្រទេសកម្ពុជា ដែលជាការបង្កលក្ខណសម្បត្តិឱ្យទេចរណ៍នៃប្រទេសទាំងពីរបានផ្លាស់ប្តូរគ្នាទៅវិញទៅមក។

ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានជម្រាបជូនគណៈប្រតិភូអំពី ការរីកចម្រើន របស់ប្រទេសកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលភាគច្រើនគឺជា ការចូលរួមវិនិយោគពីអ្នកវិយោគិនចិន។ ដូចនេះអ្នកវិនិយោគិនខេត្តស៊ីឈួនអាច អញ្ជើញមកធ្វើ​ការសិក្សាស្រាវជ្រាវលើវិស័យផ្សេងៗនៅប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងការ វិនិយោគ ជាពិសេសវិស័យពាណិជ្ជកម្ម កសិ​​កម្ម ទេសចរណ៍ វប្បធម៌ និងវិស័យភាពយន្ត៕

ដោយ ប៉ាល់ សុង