ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងខេត្តសៀមរាប នឹងក្លាយជាផ្សារគំរូស្តង់ដារ

AKP សៀមរាប ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ —ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងខេត្តសៀមរាប នឹងក្លាយជាផ្សារគំរូ យកតាមស្តង់ដារផ្សារស្អាត បន្ទាប់ពីអាជ្ញាធរ និងគណៈកម្មការគ្រប់គ្រងផ្សាររៀបចំសណ្ឋាប់ ធ្នាប់ បរិស្ថាន អនាម័យ ដើម្បីលើកកម្ពស់សោភណភាព ក្រោយពេលដែលផ្សារនេះ សាង​សង់​រួចរាល់ជាស្ថាពរ  ដែលអនុញ្ញាតឱ្យអាជីវកចូលក្នុងផ្សារវិញ។អាជ្ញាធរក្រុងសៀមរាប និងគណៈកម្មការគ្រប់គ្រងផ្សារសម្តេចតេជោ ហ៊ុន សែន ដើម ក្រឡាញ់ កាលពីរសៀលថ្ងៃទី០២ ខែធ្នូឆ្នាំ២០១៨ បានចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ដើម្បីចូលរួមលើកកម្ពស់សោភណភាព នៅតាមដងផ្លូវមុខផ្សារ និងនៅជុំវិញផ្សារ បន្ទាប់ពីផ្សារនេះសាងសង់រួចរាល់ជាស្ថាពរ  ដោយអនុញ្ញាតឱ្យអាជីវកចូលក្នុងផ្សារវិញ ទាំង អស់។

លោក ពៅ សារ៉ាវុធ អភិបាលរងក្រុងសៀមរាប បានឱ្យដឹងថា ផ្លូវនៅមុខនិងជុំវិញផ្សារ សម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ដោយសារប្រមាណជា៣ឆ្នាំកន្លងមកនេះ ត្រូវ សាងសង់អគារថ្មី ហើយអាជីវកបានលក់ដូរលើទីតាំងបណ្តោះអាសន្ននៅជុំវិញផ្សារ ដែលធ្វើ ឱ្យស្ថានភាពនៃការធ្វើចរាចរណ៍កកស្ទះជាប្រចាំ ពីព្រោះអាជីវករដាក់តាំងលក់ដូរ រំលោភលើ ចំណីផ្លូវ ដែលជាបញ្ហាស្មុគស្មាញពិបាកនឹងដោះស្រាយ។ លោកបានបន្ដថា ប៉ុន្តែឥឡូវនេះ ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់បានសាងសង់រួចរាល់ជាស្ថាពរ ហើយអាជ្ញាធរ ក្រុងសៀមរាបបានជូនដំណឹងឱ្យអាជីវករុះរើរោងរាន  តូប និងសម្ភារប្រើប្រាស់ចូលលក់ក្នុង ផ្សារវិញអស់ហើយ។ ទន្ទឹមនេះ អាជ្ញាធរបានចាប់ធ្វើរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ដើម្បីសោភណភាពនៅតំបន់នេះឱ្យបានស្អាត និងមានរបៀបរៀបរយ ជាពិសេសការធ្វើ​ចរាចរនៅតាមដងផ្លូវមុខផ្សានេះកាត់បន្ថយការកកស្ទះបានយ៉ាងច្រើន។លោកអភិបាលរងខេត្ដបានបន្តថា ការងាររៀបចំសណ្ឋាប់ធ្នាប់នេះអាជ្ញាធរក្រុង នឹងធ្វើជាប្រចាំ ហើយលោកក៏បានស្នើឱ្យប្រជាពលរដ្ឋចូលរួមសហការ ដើម្បីធ្វើឱ្យផ្សារមានសណ្ឋាប់ធ្នាប់ បរិស្ថាន អនាម័យស្អាត និងក្លាយជាផ្សារគំរូនៅក្នុងខេត្តសៀមរាប។

លោក សុខ តុញ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ បានឱ្យដឹងថា បើតាមគម្រោងប្លង់សាងសង់សង់ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ លើទីតាំងមុខផ្សារ ដែលបានអនុញ្ញាតិឱ្យបងប្អូនអ្នកលក់ដូរប្រើប្រាស់បណ្តោះអាសន្ននោះ គឺជាទីលានចំណតរថយន្ត ហើយផ្លូវជុំវិញផ្សារ ក៏ត្រូវបានស្ថិតក្នុងគម្រោងចាក់ក្រាល​បេតុង ដែលមានទទឹង៦ម៉ែត្រ និងអាចឱ្យរថយន្តពន្លត់អគ្គីភ័យចូលប្រតិបត្តិការបាន ក្នុងករណីមាន​បញ្ហាកើតឡើងជាយថាហេតុ។ ចំណែក ផ្លូវ១ខ្សែទៀតស្ថិតនៅខាងកើតផ្សារដែលអាជីវករប្រើ​ប្រាស់លក់ដូរបណ្តោះអាសន្នដែរនោះ  ក៏តម្រូវឱ្យរុះរើចេញ ហើយ អាជីវករត្រូវចូលទៅលក់ ក្នុងផ្សារ ដើម្បីបានជួសជុលផ្លូវនោះ សងប្រគល់ឱ្យអាជ្ញាធរក្រុងសៀមរាប គ្រប់គ្រងប្រើ ប្រាស់ជាផ្លូវសាធារណៈរបស់រដ្ឋវិញ។

គួរម្លឹកដែរថា មុនការសាងសង់ថ្មីនេះ ផ្សារដើមក្រឡាញ់​ត្រូវភ្លើងឆាបឆេះអស់​ទាំង ស្រុង កាលពីវេលាទៀបភ្លឺ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ហើយចំពោះ ការសាងសង់ ផ្សារថ្មីឡើងវិញនេះ រួមទាំងការរៀបចំសណ្តាប់ធ្នាប់ផងដែរ គឺតម្រូវឱ្យមានលក្ខណៈក្នុងទម្រង់ នៃច្បាប់បង្ការហានិភ័យ ផងដែរ ៕ដោយ ឃុត សៅ