ក្រសួងអប់រំ គ្រោងចំណាយថវិកាជាង៩០លានដុល្លារ ដើម្បីពង្រឹងគុណភាព និងកែលម្អ​ប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សានៅតាមរាជធានី ខេត្តចំនួន៥

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ — ក្រសួងអប់រំ យុវជន និងកីឡា គម្រោងនឹងចំណាយថវិកាប្រមាណជាង៩០លានដុល្លារ សម្រាប់ដាក់ឱ្យដំណើរការគម្រោងកែលម្អប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សា នៅតាមគ្រឹះស្ថាន ឧត្តម​សិក្សាក្នុងរាជធានី ខេត្ដចំនួន៥ ដើម្បីធានាគុណភាពនៃការអប់រំនៅកម្ពុជា។


ក្នុងពិធីផ្សព្វផ្សាយគម្រោងកែលម្អការអប់រំឧត្តមសិក្សា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅ សណ្ឋាគារ កាំបូឌីយ៉ាណា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា គម្រោងកែលម្អការអប់រំឧត្តមសិក្សានេះ គឺផ្ដោត សំខាន់ៗ ក្នុងការលើកកម្ពស់ការពង្រឹងគុណភាព សមត្ថភាពបង្រៀន និងការរៀនការធ្វើ ទំនើបកម្ម នៃ​កម្មវិធីសិក្សា និងបង្កើតគុណវុឌ្ឍិ គ្រូបង្រៀន ការ​សាងសង់អគាសិក្សា អន្តេវា សិដ្ឋាន ការកែ​លម្អធនធាន សម្ភារ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាល និងការពង្រឹង ប្រព័ន្ធធានា​គុណភាព អប់រំផ្ទៃក្នុង។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា គម្រោងនេះ គឺចាប់ផ្ដើម​រៀបចំ ប្រព័ន្ធ ពិនិត្យតាមដាន​និងវាយតម្លៃ ការពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងធនធាន មនុស្ស សម្រាប់គ្រឹះស្ថានឧត្តមសិក្សា។ ឯកឧត្តមបានបញ្ជាក់ថា ក្រៅពីនេះ គម្រោង ក៏នឹងរៀបចំកែ​លម្អការស្រាវជ្រាវ​ផ្នែក STEM និងផ្នែកកសិកម្មផ្តោតលើការ លើក កម្ពស់គុណភាព ព្រមទាំង​ភាពឆ្លើយតបនៃការស្រាវជ្រាវ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់ គ្រឹះស្ថានឧត្តមសិក្សា ដែលកំណត់ក្នុងគម្រោងសម្រាប់ការសាងសង់បន្ទប់ពិសោធន៍ និងការ បំពាក់សម្ភារ បរិក្ខារជាដើម។ លើសពីនេះទៀត ការពង្រឹងផ្នែកអភិបាលកិច្ច និងការគ្រប់គ្រង គម្រោងផ្តោតលើកការពង្រឹង ប្រព័ន្ធអនុវិស័យឧត្តមសិក្សា និងការគ្រប់គ្រងសម្រប​សម្រួល គម្រោង។
ឯកឧត្តមបានបន្ដទៀតថា គម្រោងកែលម្អការអប់រំឧត្តមសិក្សានេះ គឺពិតជាស្របតាម កំណែទម្រង់អាទិភាពអនុវិស័យឧត្តមសិក្សា ដែលបានចែងនៅក្នុងយុទ្ធសាស្ត្រចតុ​កោណ របស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩-២០២៣ ផ្តោតជា ចម្បង​លើការលើក កម្អស់គុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវ ការបង្កើន កាលានុវត្តភាព និងសមធម៌ នៃ ការចូលរៀនរបស់និស្សិត ការពង្រឹងប្រព័ន្ធធានាគុណភាព អប់រំ និងការពង្រឹងអភិបាលកិច្ច និងការ គ្រប់គ្រងនៅឧត្តមសិក្សា។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិត កំពុងសិក្សា នៅឧត្តមសិក្សា មានចំនួន២០៧.៤៣៤នាក់ ស្រី៤៨.៣៧ភាគរយ ក្នុងនោះ និស្សិតថ្នាក់បរិញ្ញាបត្ររងមាន ២០.៥៧០នាក់ ស្រី៥១.០៦ភាគរយ និស្សិតថ្នាក់បរិញ្ញាបត្រ មាន១៦៥.៣៥៩នាក់ ស្រី៤៧.៨៧ភាគរយ និស្សិតថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់មានចំនួន ២១.៤៩៤នាក់ ស្រី២១.២៤ភាគរយ និងនិស្សិតថ្នាក់បណ្ឌិតមាន១.២២២នាក់ ស្រី៥.១៦ ភាគរយ និងនិស្សិតអាហាររូបករណ៍ មានចំនួន២៦.១៩២នាក់ ស្រី៤៩.៥០ភាគរយ ក្នុងឆ្នាំ សិក្សា ២០១៦-២០១៧។ ចំណែកគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស សរុប១២១​គ្រឹះស្ថាន ដែល មានទីតាំងនៅក្នុង២០រាជធានី ខេត្ដ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សា ដែលស្ថិតក្រោម​ការគ្រប់ គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺមានចំនួន៧៣ គ្រឹះស្ថានឧត្តម​សិក្សាសាធារណៈ មាន១៣គ្រឹះស្ថាន និងឯកជនមានចំនួន៦០។
សូមបញ្ជាក់ថា គម្រោងកែលម្អការអប់រំឧត្តមសិក្សាបានគំាទ្រដោយធនាគារពិភព លោក ដែលមានថវិកាសរុបចំនួន៩០លានដុល្លារ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ២.៥លានដុល្លារ សម្រាប់ដាក់ឱ្យដំណើរការនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានី ខេត្ដ ចំនួន៥ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យបាត់ដំបង់៕

ដោយ ប៊ុនរិទ្ធ