ឯកឧត្តម ស៊ុន ចាន់ថុល៖ កីឡាហែលទឹកពានរង្វាន់តេជោសែនឆ្នាំក្រោយ នឹងត្រូវបង្កើនវិញ្ញាសាថ្មី ដើម្បីគោលដៅ ស៊ីហ្គេម ២០២៣

AKP កំពង់ចាម ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ — ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាហែលទឹកពានរង្វាន់ តេជោ សែន លើកទី៤ ឆ្នាំ២០១៨ នៅខេត្តកំពង់ចាម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកបានមានប្រសាសន៍ថា ពានរង្វាន់​កីឡាហែលទឹក តេជោសែនលើកទី៥ ឆ្នាំ២០១៩ នឹងបង្កើនវិញ្ញាសាថ្មីបាល់ទឹកមួយទៀត ដើម្បីពង្រឹកវិស័យកីឡាហែលទឹក កាន់តែមានសកម្មភាពផុសផុល ជាពិសេសបំផុសផ្នត់ គំនិតយុវជន-យុវនារីឱ្យចូលចិត្តលេង និងហ្វឹកហាត់កីឡាមួយនេះកាន់តែសម្បូរបែប ក្នុង គោលដៅស្វែងរកធនធានកីឡាករយកមកហ្វឹកហាត់បំប៉នបន្ថែមត្រៀមការប្រកួតនានា និង​ព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមបានបន្តថា ការប្រកួតឆ្នាំនេះគឺមានអត្តពលិកវ័យក្មេងច្រើនបានចូលរួមប្រជែង ខណៈលទ្ធផលក៏រីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមប្រធានសហព័ន្ធជឿជាក់ថា ៥ឆ្នាំ​ខាងមុខ ពេលស៊ីហ្គេម២០២៣នោះ អត្តពលិកហែលទឹក នឹងអាចឈ្នះមេដាយជាក់ជាមិនខាន ដូច្នេះឯកឧត្តមស្នើសុំឱ្យកីឡាករកីឡាការិនីទាំងអស់ បន្តខិតខំប្រឹងប្រែងហ្វឹកហាត់ បន្ថែម ទៀត។


លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា ឆ្នាំនេះ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងដោយចំនួនក្លិប និងអត្តពលិកក៏កើនឡើងដូចគ្នា ហើយ សហព័ន្ធក៏បានបន្ថែមនូវប្រាក់រង្វាន់ជ័យ​លាភីលើសពីឆ្នាំមុនៗផងដែរ ដើម្បីលើកទឹកចិត្ត អត្តពលិកឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ និងប្រកួតប្រជែង។


ចំពោះលទ្ធផលវិញ្ញាសាហែលបណ្តាក់របៀបសេរីផ្នែកនារី ៤គុណ១០០ម៉ែត្រ លេខ១ ក្លិប នាគរាជកំពង់ចាម, លេខ២ ក្លិបក្រសួងសាធារណការ និងដឹកជញ្ជូន និងលេខ៣ ក្លិបក្រសួង មហាផ្ទៃ។ ចំណែកវិញ្ញាសាហែល៤របៀប បុរស ៤គុណ១០០ម៉ែត្រ លេខ១ ក្រសួង​សាធារណការ និងដឹកជញ្ជូន, លេខ២ ក្រសួងមហាផ្ទៃ និងលេខ៣ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រីឯពានជាក្រុមមេដាយមាសបានលើក្រសួងសាធាណការ និងដឹកជញ្ជូន មេដាយប្រាក់ ក្លិបក្រសួងមហាផ្ទៃ និងមេដាយសំរឹទ្ធិ ក្លិបសាលាខេនរិតអន្តរជាតិ៕

ដោយ ហេង ណាលីន