សហព័ន្ធទ្រីយ៉ាត្លុង ដឹកនាំជម្រើសជាតិថ្នាលទៅបង្កើនបច្ចេកទេសនៅក្នុង ព្រឹត្តិការណ៍ ប្រណាំងកង់ ដើម្បីកុមារ នៅខេត្ដសៀមរាប

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ — មន្ត្រីបច្ចេកទេស គ្រូបង្វឹកនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានដឹកនាំកីឡាករ កីឡា ការិនី ជម្រើសជាតិថ្នាលរបស់ខ្លួនទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រណាំងកង់ ដើម្បីកុមារ នៅខេត្តសៀមរាប ដើម្បីបង្កើនកម្រិតបច្ចេកទេសកាន់តែល្អប្រសើរ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាថ្លែងថា នេះគឺ​ជាគោលដៅរបស់ថ្នាក់ដឹកនាំក្នុងការពង្រីកគុណភាពជម្រើសជាតិថ្នាលឱ្យកាន់តែល្អប្រសើរ នៅក្នុងព្រឹត្តិការណ៍ប្រណាំងកង់ចម្ងាយ ឆ្ងាយ១១៧គីឡូម៉ែត្រ ដែលវិញ្ញាសាប្រណាំងកង់នេះ ស្ថិតនៅក្នុងមួយផ្នែកនៃវិញ្ញាសាអាគ័រត្លុង ដែលមានប្រណាំងកង់បូក​ និងរត់ប្រណាំង។ លោក បញ្ជាក់ថា “ជាការពិតណាស់ ការប្រកួតនេះគឺជាការបង្កើននូវប្រសិទ្ធភាព ដែលយើងចង់ ឱ្យកីឡាករ កីឡាការិនីថ្នាលរបស់យើងមានបច្ចេកទេសកាន់តែល្អ”។

លោកបានបន្ដថា បើចង់ចេញទៅប្រកួតនៅលើ ឆាកអន្តរជាតិ ទាល់តែយើងប្រកួតឱ្យ ឈ្នះគេ នៅក្នុងស្រុកជាមុនសិន ហើយចំពោះកីឡាករមិនទាន់អាចដណ្តើម បានជ័យលាភីទេ ប៉ុន្តែពួកគេធ្វើបានល្អប្រសើរ ចំណែកឯកីឡាការិនី អួន ច័ន្ទភ័ក្រ្តា បានឈ្នះជើងឯកលើវិញ្ញា សា ១១៧គីឡូម៉ែត្រ។

អគ្គលេខាធិការរូបនេះបញ្ជាក់ថា ការចូលរួមបង្កើនគុណភាពអត្តពលិកថ្នាលរបស់ខ្លួន ពេលនេះគឺទទួលបានការជួយឧបត្ថម្ភពីក្រុមហ៊ុនកង់ Giant ដែលក្រុមហ៊ុននេះ ​តែងតែជួយ ជ្រោមជ្រែងដល់ប្រភេទកីឡាទ្រីយ៉ាត្លុង រៀងរាល់ការហ្វឹកហាត់ និងការប្រកួតនានា ដោយ កីឡា ទ្រីយ៉ាត្លុងមាន៣វិញ្ញាសាបញ្ជូលគ្នា រួមមានរត់ប្រណាំង ហែលទឹក និងជិះកង់។

ចំណែកឯកីឡាការិនីជម្រើសជាតិថ្នាល អួន ច័ន្ទភ័ក្រ្តា អាយុ១៩ឆ្នាំ  ដែលដណ្តើមបាន ចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាជិះកង់១១៧គីឡូម៉ែត្រនោះ បានបង្ហាញពីអារម្មណ៍សប្បាយ រីករាយយ៉ាងខ្លាំង ដែលខ្លួនបានខិតខំអស់ពីសមត្ថភាព និងទទួលបាននូវលទ្ធផលដ៏ល្អ ខណៈ កីឡាការិនីផ្សេងទៀតបានបោះបង់ការប្រកួត ពោលគឺមិនអាចជិះដល់ទីក្នុងចម្ងាយ ១១៧ គីឡូម៉ែត្រនោះឡើយ៕

ដោយ ហេង​ ណាលីន